រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូជិះទៅបុកអ្នកដើរថ្មើរជើង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមុខផ្ទះ ឈ្មោះ ប្រុស ស្ថិតក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនបង្កជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ បើកបរដោយ ឈ្មោះ រម៉ាម យួន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសស្រាល។ ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ុក ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុខាងលើ រងរបួសធ្ងន់។
មន្ត្រីនគរបាលបន្តថា មូលហេតុម៉ូតូបង្កបើកបរលើសល្បឿនកំណត់ និងខ្វះការប្រុងប្រយ័ត្នថែមទៀតផង ទើបបណ្តាលឲ្យជិះជ្រុលចង្កូតទៅបុកអ្នកដើរថ្មើរជើងយ៉ាងពេញទំហឹងតែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានឪពុកម្ដាយដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។
ដោយឡែកវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំលំជ័ររឹបអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments