កំពត ៖ សិប្បកម្មផលិតអំបិលពីដើមរៀងមកមិនមានការបញ្ជាក់ច្បាស់ពីការកកើតឡើងនៃការធ្វើអាជីវកម្មផលិតអំបិលនោះទេ គេគ្រាន់តែដឹងថាលំហូរនៃអំបិលមានការនាំចូលមកពីប្រទេសវៀតណាមជាប្រទេសជិតខាងរបងជាមួយគ្នា ជាប្រភេទអំបិលបាសាក់ម្យ៉ាងដែលខ្មែរយើងពុំទាន់ចេះផលិតនៅឡើយនោះទេ។
តាមឯកសារខ្លះបានបង្ហាញឲ្យឃើញក្នុងឆ្នាំ១៩៣០ គឺគេបានជួលបច្ចេកទេសជនជាតិចិនឈ្មោះថា កុង ភូតុង មកពីប្រទេសវៀតណាមឲ្យមកបង្ហាត់បង្រៀនលើការងារបច្ចេកទេសផលិតអំបិលដោយក្នុងប្រទេសកម្ពុជាយើងអាចផលិតអំបិលបានមានតែតំបន់ជិតសមុទ្រ ហើយពិសេសលើផ្ទៃដីដែលជាចំណែកមួយនៃវត្ថុធាតុដើមដែលអាចសម្រាប់ផលិតអំបិលបានតែក្នុងខេត្តកំពតនិងខេត្តកែបប៉ុណ្ណោះ។
ការផលិតទីតាំងអំបិលគឺរៀបចំឡើងដូចជា វាលស្រែអំបិលដោយការផលិតនេះគេចាប់ផ្តើមឡើងពីខែវិច្ឆិការហូតដល់បញ្ចប់នាខែឧសភា(នារដូវធ្លាក់ភ្លៀងច្រើន) អាស្រ័យដោយសារការផលិតអំបិលឋិតក្រោមបរិយាកាសអាកាសធាតុអំណោយផលទាំងស្រុង។
នៅក្នុងឆ្នាំ១៩៦០ ការផលិតអំបិលមានកំណើនឡើងទាំងបរិមាណ កន្លែងផលិត តម្រូវដល់ជីវភាពសង្គម ទើបមានការចងក្រងបង្កើតឡើងជាសហករណ៍ផលិតអំបិលមួយឡើង ហើយសម័យកាលណោះអ្នកស្រុកកំពតស្គាល់ឈ្មោះថៅកែហេង ជាអ្នកចាត់ចែងការផលិតអំបិលដ៏ធំក្នុងខេត្តកំពត។
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ សិប្បកម្មផលិតអំបិលត្រូវបានពង្រីកជាថ្មី ដោយមានអ្នកអាជីវកម្មធ្វើស្រែអំបិលជាច្រើនកន្លែងមានតាមតំបន់ឆ្នេរសមុទ្រខេត្តកំពត និងខេត្តកែបមានមណ្ឌលបឹងរុន បឹងទូក សេះស ត្រើយកោះ ដែលមានផ្ទៃដីផលិតអំបិល៤.២១៨.០៥ហិកតា(ឆ្នាំ២០០៦) ហើយបន្តកើនឡើងជាលំដាប់។
ជាមធ្យមក្នុង១ឆ្នាំ្ៗបរិមាណនៃការផលិតអំបិលមានចំនួន១០ទៅ១២ម៉ឺនតោនដែលជាបរិមាណមួយសម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងប្រទេស និងមានទីផ្សារនៅក្រៅប្រទេស៕
0 Comments