Ad Code

បន្លំ​ជា​ភ្ញៀវ​ចូល​លួច​លុយ ​និង​គ្រឿងអលង្ការ​ក្នុង​ពិធី​មង្គលការ​ ត្រូវ​គេ​ចាប់​ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស

ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់ខ្លួន​ប្រគល់​​ឲ្យ​សមត្ថកិច្ច​នគរបាល​ចាត់ការ​តាម​ច្បាប់​ ដោយ​ចោទ​ប្រកាន់​ថា​បាន​ចូល​លួច​យក​លុយ ​និង​គ្រឿង​អលង្ការ​របស់​កូន​ចៅ​ពួកគាត់​ក្នុង​ពិធី​មង្គលការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​២៣​បេ ផ្លូវ​លេខ​២៧១​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ។

បុរស​ជាប់ចោទ​ឈ្មោះ​ស៊ឹម ប៉ូ​ឡូ ហៅ​នាង​ អាយុ​៣១​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សីកែវ​​ គ្មាន​មុខរបរ​ពិតប្រាកដ។

ប៉ូលិស​និយាយ​ថា ជន​ជាប់ចោទ ត្រូវ​បាន​សមត្ថកិច្ច ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់ លោក ហ៊​ល​ស៊ី​ណា​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរបរ​មេធាវី។

តាម​បណ្តឹង​របស់​ជនរងគ្រោះ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ ខណៈ​គាត់​កំពុង​រៀប​ពិធី​មង្គលការ​កូន ​ស្រាប់​តែ​ជនជាប់ចោទ​បាន​បន្លំ​ជា​ភ្ញៀវ​ឡើង​ទៅ​ជាន់​លើ​ចូល​លួច​លុយ​និង​គ្រឿង​អលង្ការ​កូនប្រុស​របស់​គាត់ ប៉ុន្តែ​សំណាងល្អ​កូន​គាត់​មក​ទាន់​ឃើញ​ដើរ​ចេញពី​បន្ទប់​ ក៏​ស្រែក​ចោរ​ៗ​នាំគ្នា​ចាប់​ខ្លួន​​​យក​មក​ប្រគល់​ឲ្យ​នគរបាល​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​តែម្ដង។

ទ្រព្យសម្បត្តិ​ដែល​ចោរ​លួច​យក​ទៅ​​ពុំ​​​បាន​សម្រេច​នោះ​មាន​លុយ​ខ្មែរ​៤៥ម៉ឺន និង​៩៤​ដុល្លារ ព្រមទាំង​គ្រឿងអលង្ការ​ជាច្រើន​ទៀត​ រួមមាន​ខ្សែ.ក ខ្សែ​​ដៃ ​ខ្សែ​ជើង និង​ក្រវិល៕

Post a Comment

0 Comments

Close Menu