Ad Code

ស្ត្រី​ខ្មែរ​៥​រូប​នៅតែ​បង្ខំចិត្ត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន

ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​ចំនួន​៥​រូប​ដែល​មានបំណង​ចង់​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នោះ ត្រូវ​បាន​ណែនាំ​អំពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើតមាន​ក្រោយពេល​រៀបការ ប៉ុន្តែ​បើ​ទោះ​បី​ជា​ទទួល​បាន​ការ​ណែនាំ​បែបនេះ​ក្តី ស្ត្រី​ទាំងនោះ​នៅតែ​បង្ខំចិត្ត​រៀបការ​ដដែល នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ។​


លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៥​មុន​នេះ​ថា តាម​ការណែនាំ​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ,ឯកឧត្ដម ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហ​-​ប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​នារី​ខ្មែរ​ចំនួន​៥​រូប ដែល​បាន​ដាក់​ពាក្យ​សុំ​ច្បាប់​អនុញ្ញាត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន មក​ជម្រាប​ជូន​ពី​ហានិភ័យ​ដែល​បាន​និង​កំពុង​កើតមាន​ចំពោះ​ស្ត្រី​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ឲ្យ​ពួកគេ​បាន​ដឹង ក្នុង​គោលបំណង​ឲ្យ​មាន​ការពិនិត្យ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់។​


លោក ជុំ សុន្ទរី បញ្ជាក់​ថា សាមីខ្លួន​ទាំង​៥​រូប បាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ ​ដោយ​បាន​គូស​បញ្ជាក់​ថា “​បាន​យល់ដឹង​តាមរយៈ​វិទ្យុ និង​តាមរយៈ​ការ​អាន​កាសែត​អំពី​ហានិភ័យ​ដែល​កើត​មាន​ក្នុង​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ តាមរយៈ​មេខ្យល់​នាំទៅ​រស់នៅ​ប្រទេស​ចិន​” និង​ថា “​នៅតែ​ស្ម័គ្រ​ចិត្ត​រៀបការ​”។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ពុំ​អាច​ធ្វើការ​ឃាត់ឃាំង​បាន​ឡើយ ដោយ​នោះ​ជា​សិទ្ធិ​អាពាហ៍ពិពាហ៍​របស់​ពលរដ្ឋ​ខ្មែរ ដែល​មាន​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា។​


សូម​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ស្ត្រី​ខ្មែរ​ដែល​បាន​រៀបការ​ជាមួយ​បុរស​ជន​ជាតិ​ចិន ទៅ​រស់នៅ​ប្រទេស​ចិន​នោះ ត្រូវ​បាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ចិន​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​ត្រឡប់​មក​មាតុប្រទេស​វិញ​ជា​បន្តបន្ទាប់ ហើយ​ទន្ទឹម​នឹង​ការ​ជួយ​ធ្វើ​អន្តរាគមន៍​នេះ​ដែរ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​មេ​ខ្យល់​ដែល​តែងតែ​នាំ​ឲ្យ​រៀបការ​ជាមួយ​ជនជាតិ​ចិន​នេះ៕



ស្ត្រី​ខ្មែរ​៥​រូប​នៅតែ​បង្ខំចិត្ត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន

Post a Comment

0 Comments

Close Menu