បាត់ដំបង ៖ ម្អមគឺជារុក្ខជាតិមួយប្រភេទដែលមនុស្សទូទៅនិយមចូលចិត្តយកមកចម្អិនធ្វើជាម្ហូបអាហារដោយសារតែក្លិនឈ្ងុយរបស់រុក្ខជាតិនេះ ដែលកាលពីសម័យដើមរុក្ខជាតិនេះមានដុះពាសវាលពាសកាល នៅតាមវាលស្រែ ដោយមិនមានប្រជាពលរដ្ឋណាម្នាក់បានគិតដល់អំពីការដាំដុះនូវប្រភេទរុក្ខជាតិនេះឡើយ ព្រោះវាអាចជួយលើកស្ទួយដល់រសជាតិម្ហូបបន្ថែមបានមួយកម្រិតដូចជាស៊ុបឆ្នាំងដីជាដើម។
គួរបញ្ជាក់ដែរថា សម្រាប់អ្នកបាត់ដំបងគឺមានការនិយមចូលចិត្តយ៉ាងខ្លាំងក្នុងការយកម្អមទៅផ្សំក្នុងការធ្វើម្ហូប ប៉ុន្តែដោយឡែកសម្រាប់អ្នកខេត្តកំពង់ឆ្នាំងបើ តាមការដំណាលតៗគ្នាមកថា ភាគច្រើនពុំមានអ្នកណាចូលចិត្តឡើយព្រោះគេយល់ថាម្អមគឺជា ” លោមា ” របស់នាងកង្រី ព្រោះជាក់ស្តែងនៅក្បែរជើងភ្នំនាងកង្រី មានប្រភេទរុក្ខជាតិនេះដុះច្រើនណាស់ នេះបើយោងទៅលើរឿងព្រេងបុរាណដែលមានចំណងជើងថា ឫទ្ធិសែន នាងកង្រី ប៉ុន្តែលុះចំណេរក្រោយមកដោយសារតែប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានការផ្លាស់ប្តូរដូច្នេះហើយបានជាបច្ចុប្បន្នក៏មានអ្នកចូលចិត្តបរិភោគរុក្ខជាតិនេះដែរ។
ដោយសារតែកំណើនអ្នកដែលនិយមចូលចិត្តពិសារម្អមនេះមានការកើនឡើង និងគួបផ្សំទៅនឹងការថយចុះនូវប្រភេទរុក្ខជាតិនេះដោយមិនសូវសំបូរដូចពីមុន ទើបបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមប្រកបមុខរបរដាំម្អមនេះឡើង ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងដើម្បីជួយសម្រាលដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតដែរ។
ជាក់ស្តែងលោក ចាន់ រ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងបានរៀបរាប់ថា គ្រួសាររបស់លោកពុំមានដីធំនឹងគេទេ គឺមានតែមួយដុំក្បែរផ្ទះតែប៉ុណ្ណោះ ហើយម្យ៉ាងទៀតដីនេះស្ថិតនៅទីទំនាបថែមទៀត ដូច្នេះហើយបានជាក្រៅពីការដាំបន្លែលោកបានបញ្ចូលទឹកទៅក្នុងទីទំនាបនោះដោយបានបំផុសដីរបៀបដូចជាដីស្រែដែរដើម្បីដាំម្អម ទោះបីជាវាមានតម្លៃថោកក៏ដោយក៏មានអាចជួយលើកស្ទួយជីវភាពលោកបានខ្លះៗដែរ ដែលជាជាងទុកដីចោលអោយនៅទំនេរ។
លោក ចាន់ រ៉ា បានបន្តថា ការដាំម្អម ឬស្ទូងដើមម្អមនេះត្រូវប្រើតែមួយដើមៗប៉ុណ្ណោះ ហើយនៅដើមដៃគឺមានន័យថា នៅពេលចាប់ផ្តើមដាំដំបូង រុក្ខជាតិនេះត្រូវការទឹកច្រើនព្រោះវាគឺជារុក្ខជាតិដែលរស់នៅក្នុងទឹក ដូច្នេះហើយទើបយើងចាំបាច់ត្រូវបញ្ចូលទឹកអោយបាន ពាក់កណ្តាលនៃដើមម្អម ដើម្បីអោយរុក្ខជាតិនេះវាបានស្រូបយកទឹកទៅចិញ្ចឹមដើមរបស់វាក្នុងការបែកគុម្ព និងបានធំធាត់ល្អ។ ព្រោះបើគេគិតចាប់ពីថ្ងៃដាំ ឬស្ទូងនេះរហូតដល់ថ្ងៃច្រូតលក់គឺមានរយៈពេល១៥ ទៅ២០ថ្ងៃប៉ុណ្ណោះ បើយើងគិតថារយៈពេលនេះវាខ្លីបំផុតសម្រាប់ការដាំរុក្ខជាតិនេះព្រោះវាឆាប់បានលក់ក៏ពិតមែន ប៉ុន្តែចំពោះតម្លៃរបស់វាគឺមហាថោក ដោយសព្វថ្ងៃនេះគឺលោកមិនបាននាំយកទៅលក់ដល់ទីផ្សារនោះទេ ព្រោះមានគេមកលើកដុំពីលោកដល់ស្រែម្អមតែម្តង ដោយមិនចាំបាច់ចំណាយសោហ៊ុយក្នុងការធ្វើដំណើរទៅដល់ទីផ្សារនោះឡើយ។
លោកបានបញ្ជាក់អំពីតម្លៃរបស់ម្អមនេះថា ការលើកដុំអោយគេគឺ១០ដុំតូចៗបានត្រឹមតែពី៥០០រៀលទៅ៧០០រៀលតែប៉ុណ្ណោះ តែបើសម្រាប់ខែណាដែលឡើងថ្លៃគឺអាចបានដល់១០០០រៀល ដូច្នេះការដាំនូវប្រភេទរុក្ខជាតិនេះលុះត្រាតែមានភាពអំណត់កុះអោយសម្លឹងមើលទៅលើតម្លៃពេក បើយើងគិតអំពីតម្លៃគឺគ្មានកំលាំងដាំតទៅទៀតបានទេ ប៉ុន្តែយើងត្រូវគិតថា វាថោកមែនតែក៏លក់បានញឹកដែរព្រោះការដាំវាឆាប់ហុចផលក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ហើយចាប់តាំងពីលោកប្រកបមុខរបរនេះមកឃើញថា វាអាចជួយសម្រាលក្នុងជីវភាពគ្រួសាររបស់លោកបានមួយចំណែកដែរ៕
មុខរបរដាំម្អម អាចជួយលើកស្ទួយជីវភាពប្រជាកសិករបានមួយកម្រិត
0 Comments