សៀមរាប ៖ ពលរដ្ឋមួយចំនួន ដែលចិញ្ចឹមជ្រូកនៅស្រុកជីក្រែង បានលើកឡើងថា រហូតមកដល់ពេលនេះគ្មានពេទ្យសត្វណាម្នាក់ដែលមានជំនាញច្បាស់លាស់ ចុះមកព្យាបាលជំងឺជ្រូករបស់គាត់ឡើយ ក្រៅតែពីពេទ្យភូមិ ដែលព្យាបាលយកតែលុយប៉ុណ្ណោះ។ ពួកគាត់ស្នើឲ្យអាជ្ញាធរខេត្ដ ផ្ដល់ជូនអ្នកជំនាញពេទ្យសត្វ និងថ្នាំពេទ្យ ដែលមានគុណភាព ដើម្បីព្យាបាលជំងឺសត្វជ្រូកពួកគេដែលនៅសេសសល់។
ពលរដ្ឋនៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង បានប្រាប់នៅថ្ងៃទី៧ ខែកញ្ញាថា សត្វជ្រូកអ្នកភូមិជាច្រើនរយក្បាលបានងាប់ និងកំពុងកើតជំងឺជាបន្ដបន្ទាប់ជាច្រើនថ្ងៃមកហើយ ប៉ុន្ដែអាជ្ញាធរខេត្ដគ្មានផ្ដល់អ្នកជំនាញពេទ្យសត្វច្បាស់លាស់មកព្យាបាលសត្វជ្រូកពួកគាត់ទេ។ លោកបានបន្ដថា អ្នកភូមិបាចំណាយលុយរាប់សែនរៀល ដើម្បីឲ្យពេទ្យសត្វនៅតាមភូមិព្យាបាល ប៉ុន្ដែគ្មានប្រសិទ្ធភាព។ លោកនិងអ្នកភូមិ ស្នើឲ្យ លោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប ផ្ដល់អ្នកជំនាញពេទ្យសត្វច្បាស់លាស់ ដើម្បីជួយព្យាបាលសត្វជ្រូកពួកគេដែលនៅសេសសល់កំពុងកើតមានជំងឺ។
អ្នកចិញ្ចឹមជ្រូក ដែលមានជិត៥០ឆ្នាំមួយរូបទៀត លោក ពឺ ចេង ឲ្យដឹងថា សត្វជ្រូករបស់គាត់ប្រមាណ៣០ក្បាលក្នុងចំណោម៥០ក្បាល បានងាប់ ខណៈមានទម្ងន់ចាប់ពី២៥គីឡូឡើងទៅ និងនៅមួយចំនួនទៀតកំពុងកើតមានជំងឺ។ លោកបានបន្ដថា សត្វជ្រូកទាំងនោះ រូបគាត់បានខ្ចីលុយពីធនាគារក្នុងការទិញចិញ្ចើមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបញ្ជាក់ថា ថ្នាំពេទ្យនៅតាមភូមិគ្មានប្រសិទ្ធិភាពព្យាបាលយកតែលុយប៉ុណ្ណោះ។
ទាក់ទងករណីនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា កំពុងជាប់ប្រជុំនៅអាជ្ញាធរជាតិអប្សរា។
បើតាមអភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន បានប្រាប់ថា ចាប់ពីពាក់កណ្ដាលខែសីហា មកដល់ថ្ងៃនេះ សត្វជ្រូកពលរដ្ឋនៅស្រុកជីក្រែង ដែលមានជំងឺចំនួន២០១៧ពាន់ក្បាល និងបានងាប់៧៣៩ក្បាលដោយសារជំងឺត្រចៀកខៀវ។
លោកព្រំ វ៉ិច ប្រធានការិយាល័យលទ្ធកម្ម និងបសុព្យាបាល ខេត្ដសៀមរាប បានប្រាប់អ្នកកាសែតថា នៅស្រុកជីក្រែង ជ្រូកឈឺមានចំនួន១៧២៥ក្បាល ក្នុងនោះបានងាប់ចំនួន៥៨៣ក្បាល ខណៈព្យាបាលបានចំនួន១៣២០ក្បាលនិងបាញ់ថ្នាំការពារជំងឺនៅផ្ទះពលរដ្ឋចំនួន៥៥៧គ្រួសារ។ ចំណែកនៅស្រុកសូទ្រ សត្វជ្រូកឈឺមានចំនួន៩៣៦ក្បាល ងាប់មានចំនួន៤១៨ក្បាល ព្យាបាលមានចំនួន៧២៩ក្បាល និងបាញ់ថ្នាំសម្លាប់មេរោគបានចំនួន៣៧១គ្រួសារ។
ទាក់ទិននឹងករណីនេះដែរ គេសង្ឃឹមថាលោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប នឹងមានវិធានការបន្ថែមទៀតឲ្យមន្ដ្រីជំនាញចុះទៅដល់ភូមិឋានពលរដ្ឋ ដើម្បីជៀសវាង មន្ដ្រីមួយចំនួនបន្លំទៅចាក់ថ្នាំយកលុយពលរដ្ឋទៅវិញ៕
ពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្តសៀមរាបបញ្ជូនពេទ្យសត្វ និងថ្នាំមានគុណភាពដើម្បីព្យាបាលជំងឺសត្វជ្រូកពួកគាត់
0 Comments