សៀមរាប ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥លោក ជាច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ បានដឹកនាំមន្ត្រីនៃអង្គភាពមន្ទីរស្ថាប័នក្រុមការងារ ពាក់ព័ន្ធរួមជាមួយអាជ្ញាធរមូលដ្ឋាននិងតំណាងប្រជាពលរដ្ឋមកពី១៦ភូមិក្នុងឃុំនេះសរុបប្រមាណជា៣០០នាក់ ជួបជុំគ្នាក្នុងបរិវេណវត្តរតនៈត្រពាំងក្រសាំង ស្ថិតក្នុងឃុំសែនសុខស្រុកក្រឡាញ់ដើម្បីស្តាប់មតិយោបល់ក៏ដូចជាសំណូមពរនិងដោះស្រាយបញ្ហាការលំបាកដែលជាក្តីកង្វល់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះផល ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់និងជាពិសេសដើម្បីត្រួតពិនិត្យលើការអនុវត្តន៍កម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលសម្រាប់គោលដៅស្រុកនេះថា តើការអនុវត្តកន្លងមកសម្រេចបានអ្វីខ្លះនិងនៅខ្វះខាតចំណុចអ្វីខ្លះត្រូវកែសម្រួលដែលត្រូវរួមគ្នាបំពេញបន្ថែម។ថ្លែងបើកវេទិកាក្នុងឱកាសនោះ លោក ជាច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ បានមានប្រសាសន៍ជំរាបជូនបងប្អូនប្រជាពលរដ្ឋពីសភាពការថ្មីៗមួយចំនួនដែលថ្មីៗនេះរាជរដ្ឋាភិបាលបានធ្វើការផ្ទៀងផ្ទាត់ផែនទីដែលកន្លងមកមានជនមួយចំនួននិងអ្នកនយោបាយខ្លះកេងប្រវ័ញ្ចលើនយោបាយបានចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាលថារាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។
លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានទទួលខ្ចីផែនទីពីអង្គការសហប្រជាជាតិហើយធ្វើការផ្ទៀងផ្ទាត់ភ្លាមនិងផែនទីពីប្រទេសបារាំងក៏បានផ្ទៀងផ្ទាត់ដែរដែលផែនទីទាំងពីរប្រភពនេះគឺដូចទៅនឹងផែនទីដែលរាជរដ្ឋាភិបាលបាននឹងកំពុងប្រើប្រាស់ជាផ្លូវការជាមួយប្រទេសវៀតណាម។
លោកបានបញ្ជាក់ទៀតថា អ្វីដែលជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលពីបញ្ហាផែនទីនេះគឺជាការមួលបង្កាច់បង្ខូចដល់រាជរដ្ឋាភិបាលជនណាដែលចោទប្រកាន់មកលើរាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយជននោះជាពិរុទ្ធជន។ ជាបន្តបន្ទាប់ លោក រដ្ឋលេខាធិការបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋលើកឡើងជាសំណួរនិងសំណូមពរពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួនដើម្បីក្រុមការងារជួយដោះស្រាយនិងបកស្រាយបំភ្លឺ។ សំណួរចម្ងល់និងបញ្ហាដែលប្រពលរដ្ឋបានសួរនិងសំណូមពររបស់គាត់ពាក់ព័ន្ឋទៅនឹងប្រព័ន្ធធារាស្ត្រ ផ្លូវលំបង្គន់អនាម័យបញ្ហាការតបណ្តាញអគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងមូលដ្ឋាន។ បញ្ហាទាំងអស់ខាងលើត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានពិគ្រោះយោបល់ពន្យល់បកស្រាយ ទទួលយកបានដោយក្តីរីករាយ តែបញ្ហាមួយដែលប្រជាពលរដ្ឋឆ្ងល់ហើយសួរក្នុងវេទិកាគឺបញ្ហាការសុំតចរន្តអគ្គិសនីក្នុងផ្ទះពួកគាត់ ដោយកន្លងមកក្រុមហ៊ុនឯកជនឈ្មោះ ហេង ស៊ីមុយ យកថ្លៃតចរន្តក្នុងកម្រិត១០អំពែ៦០ម៉ឺនរៀល។
ក្រោយមកនៅដើមខែមករាឆ្នាំ២០១៤ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញតារាងតម្លៃក្នុងកម្រិត១០អំពែដោយគិតទាំងថ្លៃតចរន្តនិងថ្លៃប្រាក់កក់សរុប១៨៥០០០រៀលហើយអាជ្ញាធរភូមិឃុំក៏យកតារាងតម្លៃនោះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ប៉ុន្តែពេលប្រជាពលរដ្ឋសុំតអគ្គីសនីក្រុមហ៊ុនហេងស៊ីមុយនៅតែយកតម្លៃ៦០ម៉ឺនរៀលដដែល រហូតដល់អាជ្ញាធរឃុំ អាជ្ញាធរស្រុកសួរនាំម្តងជាពីរដង ជាបីដងក៏នៅតែយក៦០ម៉ឺនដោយខ្វះការពន្យល់ពីសេវាករអគ្គិសនីនៅទីនោះ។
យ៉ាងណាក៏ដោយ លោកជាចន្ទ័បរិបូរណ៌ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់បានសម្តែងនូវប្រតិកម្មភ្លាមៗនិងស្នើដល់អាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនហេង ស៊ីមុយរួមទាំងមន្ត្រីពាក់ព័ន្ធដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមតារាងតម្លៃនិងពន្យល់ប្រជាពលរដ្ឋអំពីអ្វីដែលគាត់ត្រូវបង់បន្ថែមឲ្យបានច្បាស់លាស់។ អ្នកព័ត៌មានប្រចាំខេត្តសៀមរាបបានទំនាក់ទំនងទូរស័ព្ធទៅកាន់ក្រុមហ៊ុនហេងស៊ីមុយសួរពីចម្ងល់ដូចដែលប្រជាពលរដ្ឋលើកឡើងលោកហេងស៊ីមុយឆ្លើយថា ការយកតម្លៃសរុប៦០ម៉ឺននោះគឺគិតសរុបទាំងការរៀបចំតបណ្តាញនិងគិតបូកជាមួយការបន្ថែមអំពូល៤ព្រី៤និងបារ៉ែតនិងតខ្សែធំៗឲ្យផងដែរបើគាត់តខ្លួនឯងយកតម្លៃតែ១៨៥០០០រៀលហើយបើគាត់ចង់តខ្លួនឯងគាត់អាចមកទាក់ទងមកក្រុមហ៊ុនតែយ៉ាងណាឲ្យត្រូវតាមស្តង់ដារជាពិសេសខ្សែត្រូវឲ្យធំជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ បន្ថែមពីនេះខ្ញុំបានទំនាក់ទំនងតាមទូរសព្ទ័សុំការបញ្ជាក់ពីលោកយឹមពិសិដ្ឋនាយកសេវាកម្មផ្គត់ផ្គង់នៃអាជ្ញាធរអគ្គិសនីកម្ពុជាជុំវិញចម្ងល់នេះ។
លោកបញ្ជាក់ថា មានតែតម្លៃការតចរន្តបូកនិងប្រាក់កក់ទេដែលជាតម្លៃអាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់ បើគាត់យកលើសពីហ្នឹងខាងអាជ្ញាធរអគ្គិសនីកម្ពុជាមានសិទ្ធិក្នុងការពិន័យឬឲ្យសងទៅប្រជាពលរដ្ឋវិញ។
លោកយល់ថា វាអាចជាការបូកបញ្ចូលរវាងថ្លៃភ្ជាប់ចរន្តនិងប្រាក់កក់បូករួមជាមួយការទិញខ្សែទិញអំពូលឬជួលឲ្យគេរៀបខ្សែបណ្តាញក្នុងផ្ទះ ដែលជាតម្លៃសេវាមិនស្ថិតក្នុងការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជាទេ អាចជាការបូកបញ្ចូលដើម្បីបន្លប់។ តាមនីតិវិធីរបស់អាជ្ញាធរ សេវាករញែកឲ្យដាច់និងមានបង្កាន់ដៃច្បាស់លាស់រវាងតម្លៃសេវាដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់ ក្រៅពីនេះអាជ្ញាធរអគ្គិសនីមិនទទួលខុសត្រូវទេ។
ប្រជាពលរដ្ឋមានសិទ្ធិក្នុងការទិញគ្រឿងសម្ភារៈអគ្គិសនីបន្ថែមនៅទីណាក៏បានសម្រាប់ប្រើប្រាស់ក្នុងផ្ទះអាជ្ញាធរអគ្គិសនីមិនមានសិទ្ធិទៅជ្រៀតជ្រែកការងារនេះទេ។ លោកស្វាគមន៍និងសហការជានិច្ចជាមួយអាជ្ញាធរមូលដ្ឋាននិងត្រៀមចាត់មន្ត្រីជំនាញទៅបំភ្លឺបន្ថែមជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះផងដែរ។ លោក ជាចន្ទ័បរិបូររដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកនេះបានចាត់ទុកសកម្មភាពដែលធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្តជាមួយសេវាកម្មអគ្គិសនីឯកជនរបស់ក្រុមហ៊ុនហេងស៊ីមុយថា ជាអាជីវកម្មកន្ទេលធំបន្លំដេក លោកស្នើឲ្យមានការជួបជជែកគ្នាឡើងវិញរវាងអាជ្ញាធរដែនដី មន្ត្រីអគ្គិសនីនិងអាជីវកម្មអគ្គិសនីឯកជន ដើម្បីពន្យល់ឲ្យបានច្បាស់ជូនប្រជាពលរដ្ឋធ្វើយ៉ាងណាជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕
វេទិកាសាធារណៈស្តីពីការអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
0 Comments