នៅថ្ងៃចន្ទ ក្រុងហុងកុងបានហាមប្រាមគណបក្សនយោបាយមួយដែលជំរុញឯករាជ្យភាពសម្រាប់លើកដំបូងចាប់តាំងពីទីក្រុងនេះត្រូវបានប្រគល់ឲ្យប្រទេសចិនវិញដោយចក្រភពអង់គ្លេសកាលពី២១ឆ្នាំមុនខណៈដែលក្រុងប៉េកាំងបង្កើនសម្ពាធលើបញ្ហាប្រឈមនានាចំពោះអធិបតេយ្យភាពរបស់ខ្លួន។
ទីក្រុងពាក់កណ្តាលស្វយ័តហុងកុងមានសេរីភាពដែលមើលមិនឃើញនៅលើដីគោករួមទាំងសេរីភាពនៃការបញ្ចេញមតិផងដែរប៉ុន្តែចន្លោះទំនេរសម្រាប់អ្នកប្រឆាំងនយោបាយកំពុងថយចុះស្របពេលប្រទេសចិនកាន់តែមានភាពម៉ឺងម៉ាត់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនភីង។
ប៉ូលិសបានស្វែងរកការហាមឃាត់មួយកាលពីខែកក្កដាលើគណបក្សជាតិហុងកុង (HKNP) ដែលជាគណបក្សដ៏ល្បីល្បាញប៉ុន្តែតូចជាមួយសមាជិកស្នូលប្រហែល១២នាក់ដែលជំរុញឯករាជ្យភាពរបស់ទីក្រុងនេះពីប្រទេសចិន។
ការប៉ុនប៉ងនេះត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សនិងការិយាល័យបរទេសរបស់អង់គ្លេសដែលនិយាយថា សិទ្ធិរបស់ហុងកុងត្រូវតែគោរព។
កាលពីថ្ងៃចន្ទ ការិយាល័យសន្តិសុខហុងកុងបានប្រកាសថា ខ្លួនបានគាំទ្រការស្នើសុំរបស់ប៉ូលិសហើយនឹងហាមឃាត់គណបក្សនេះក្រោមច្បាប់សង្គមដែលចែងថា ក្រុមនានាអាចត្រូវបានហាមឃាត់ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិនិងសុវត្ថិភាពសាធារណៈ។
សេចក្តីជូនដំណឹងមួយពីរដ្ឋមន្ត្រីសន្តិសុខបាននិយាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលថា “ខ្ញុំសូមបញ្ជាឲ្យប្រតិបត្តិការឬប្រតិបត្តិការជាបន្តរបស់គណបក្សជាតិហុងកុងនៅទីក្រុងហុងកុងត្រូវហាមឃាត់”។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំគណបក្ស HKNP លោក Andy Chan បាននិយាយថា លោកនឹងមិនធ្វើអត្ថាធិប្បាយភ្លាមៗអំពីការសម្រេចចិត្តនេះទេ។
សកម្មជនដែលអំពាវនាវឲ្យមានឯករាជ្យភាពរបស់ហុងកុងចេញពីប្រទេសចិនបានលេចឡើងបន្ទាប់ពីការប្រមូលផ្តុំប្រជាធិបតេយ្យដ៏ធំក្នុងឆ្នាំ២០១៤ប៉ុន្តែបានទទួលបរាជ័យក្នុងការទទួលបានការកែទម្រង់។
ប៉ុន្តែចាប់តាំងពីពេលនោះមក អ្នកធ្វើយុទ្ធនាការគាំទ្រឯករាជ្យភាពដែលរួមមានទាំងលោក Chan ផងដែរគឺត្រូវបានរារាំងពីការឈរឈ្មោះនិងអ្នកផ្សេងទៀតត្រូវដកហូតតំណែងពីអង្គនីតិប្បញ្ញត្តិ៕ AFP
Source: Kampuchea Thmey Daily
0 Comments