Ad Code

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​ជា​ឯកច្ឆន្ទ​ ចំពោះ​សេចក្ដីសម្រេច​ផែនការ​ស៊ី​រី​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្ដីសម្រេច​មួយ​ ដោយ​អំពា​វ​នាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ និង​ការ​ដោះស្រាយ​នយោបាយ​នៅក្នុង​ប្រទេស​ស៊ី​រី​។ សេចក្ដីសម្រេច​នេះ​មាន​ទស្សនវិស័យ​អំពី​ការបង្កើត​រដ្ឋាភិបាល​រួបរួម​មួយ​ និង​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​វា​យ​ប្រហារ​លើ​គោលដៅ​ស៊ីវិល​។​



ក្រុម​ដែល​ដកចេញ​ពី​បទ​ឈប់​បាញ់​នេះ​គឺ​មាន​ក្រុម​រដ្ឋ​ឥស្លាម​និង​រណសិរ្ស Al-Nusra ដែល​ជា​សាខា​របស់​ក្រុម​អាល់​កៃ​ដា​ក្នុង​ប្រទេស​ស៊ី​រី​។​



សេចក្ដីសម្រេច​នេះ​ក៏បាន​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​កោះ​ប្រជុំ​ពិភាក្សា​ជា​ផ្លូវការ​ផង​ដែរ​ លើ​រដ្ឋា​ភិ​បាល​អន្តរកាល​មួយ​។ កិច្ចពិភាក្សា​រវាង​របប ​និង​ក្រុមប្រឆាំង​ត្រូវ​បាន​កំណត់​គោលដៅ​នៅ​ដើមខែ​មករា​។​



សេចក្ដីសម្រេច​នេះ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​ដំណើរការ​នយោបាយ​ដឹកនាំ​ដោយ​ស៊ី​រី​មួយ ដែល​នឹង​បង្កើត​អភិបាលកិច្ច​បញ្ចូល​គ្នា ​និង​ការ​មិន​ប្រកាន់​និកាយ​នៅក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ ហើយ​កំ​ណ​ត់​ពេលវេលា​សម្រាប់​ដំណើរការ​មួយ​ក្នុង​ការ​ធ្វើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ជាមួយ​គោលបំណង​រៀបចំ​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​ក្នុង​រយៈពេល​១៨​ខែ។​



បន្ទាប់ពី​សេចក្ដីសម្រេច​នេះ​បាន​អនុម័ត រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry ដែល​ជា​ប្រ​ធា​ន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា វា​គឺជា​ពេលវេលា ដើម្បី​បញ្ចប់​ការ​ទម្លាក់​គ្រាប់បែក​​ដោយ​មិន​រើសមុខ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​បង្ហូរឈាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​



ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​កត់​សម្គាល់​ថា ​ផែនការ​ទី​ក្រុ​ង Vienna គឺជា​វិធី​តែមួយគត់ ​ដើម្បី​នាំ​បុគ្គល​បរទេស​ទាំងអស់​ម​ក​កាន់​តុ​ពិភាក្សា​ និង​ធានា​បាន​នូវ​ដំ​ណោះស្រាយ​ដ៏​សមរម្យ​មួយ​នៅក្នុង​ប្រទេស​ស៊ី​រី​តាមរយៈ​ការចរចា​។​



លោក Lavrov បាន​និយាយ​ថា​ “​មានតែ​ការចរចា​ដឹកនាំ​ដោយ​ស៊ី​រី​ប៉ុណ្ណោះ ​ដែល​អាច​បញ្ចប់​ការ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​នេះ​”​។​ លោក​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ស៊ី​រី​គួរតែ​ជា​ប្រទេស​ដែល​មិន​មាន​ការ​ប្រកាន់​សាសនា បង្រួបបង្រួម និង​ពហុ​ជនជាតិភាគតិច​។​



លោក​បាន​និយាយ​ទៀត​ថា “​មានតែ​ប្រជាជន​ស៊ី​រី​ប៉ុណ្ណោះ​ ដែល​ត្រូវ​សម្រេចចិត្ត​លើ​អនាគត​របស់​ពួក​គេ​រួម​ទាំង​ជោគវាសនា​របស់​លោក​ប្រធានាធិបតី អាសាដ ផង​ដែរ​”​។​



បើ​យោង​តាម​លោក Lavrov បាន​ឲ្យ​ដឹង​ថា “​ដំណោះស្រាយ​នេះ​បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ី​រី​។ ​វា​ត្រូវតែ​ត្រូវ​បាន​ផ្តល់​ដោយ​អនុលោម​តាម​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​ចែង​នៅក្នុង​សេចក្ដីសម្រេច​របស់​មហា​សន្និបាត​ និង​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​”​។​



រដ្ឋមន្ត្រីការបរទេស​មកពី​១៨​ប្រទេស​ព្រមទាំង​តំណាង​អង្គការសហប្រជាជាតិ​ និង​សម្ព័ន្ធ​អារ៉ាប់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង ញូវយ៉ក កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ផែនការ​ប្រទេស​ស៊ី​រី​។ ក្រុម​នេះ​បា​ន​ជួប​ប្រជុំ​គ្នា​ពីរ​ដង​រួច​ទៅ​ហើយ​​នៅ​ទីក្រុង Vienna ក្នុង​រយៈពេល​ប្រាំមួយ​សប្ដាហ៍​មុន ​ហើយ​បាន​ព្រា​ង​ផែនការ​មួយ​សម្រាប់​ការផ្សះផ្សា​ជម្លោះ​នៅ​ស៊ី​រី​។ ​



ក្រៅពី​អង្គការសហប្រជាជាតិ​ និង​សម្ព័ន្ធ​អារ៉ាប់ ក្រុម​នេះ​រួមមាន​ប្រទេស​រុស្ស៊ី សហរដ្ឋអាមេរិក​ សហ​ភាព​អឺរ៉ុប អង់គ្លេស អាល្លឺម៉ង់ បារាំង ចិន អេ​ហ្ស៊ី​ប ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីតាលី កាតា​លី​បង់ អារ៉ាប់​រួម អារ៉ាប៊ីសាអ៊ូឌីត និង​ទួរគី​។​



ទោះបីជា​យ៉ាងណាក៏ដោយ ការ​អំពាវនាវ​ថ្មី​ឲ្យ​លោក បា​សា អាល់​អាសាដ ចុះ​ចេញពី​តំណែង​ត្រូវ​បាន​គេ​ឮ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​នេះ​ ដោយ​មានការ​លើក​ឡើង​ថា ការ​ចាកចេញ​របស់​ប្រធានាធិបតី​ស៊ី​រី​រូប​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ភេរវកម្ម​។​



គួរ​បញ្ជាក់​ថា ​ជម្លោះ​ក្នុង​ប្រទេស​ស៊ី​រី​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មក​ហើយ​ ខណៈ​ដែ​ល​មនុស្ស​ជាង ៣០០.០០០ នាក់​ត្រូវ​បាន​សម្លាប់​៕


RT




ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​ជា​ឯកច្ឆន្ទ​ ចំពោះ​សេចក្ដីសម្រេច​ផែនការ​ស៊ី​រី​

Post a Comment

0 Comments

Close Menu