Ad Code

ការផលិត​ប្រេង​នៅ​កម្ពុជា​មិន​អាច​កើតឡើង​ មុន​ឆ្នាំ​២០១៨​នោះ​ទេ​

ភ្នំពេញ ៖ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​នៅ​ទីផ្សារ​សកលលោក ​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​យក​រ៉ែ ថ្លែង​ថា ការផលិត​ប្រេង​នៅ​កម្ពុជា​នឹង​មិន​អាច​កើតឡើង​នៅមុន​ឆ្នាំ​២០១៨​ខាងមុខនេះ​បាន​នោះទេ​។


អ្នក​ជំនាញ​និយាយថា ក្រុមហ៊ុន​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ផងដែ​រ ក្នុងការ​ពិចារណា​លក្ខ​ខណ្ឌ​សារពើពន្ធ មុននឹង​ក្រុមហ៊ុន​សម្រាប់​បណ្តាក់ទុន​បូម​ប្រេង​។ មន្ត្រី​ទទួលបន្ទុក​រ៉ែ និង​ថាមពល​នៃ​រដ្ឋាភិបាល​កម្ពុជា​យល់​ស្រប​ជាមួយនឹង​ការលើកឡើង​នេះ​។


អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​យក​រ៉ែ​បាន​ព្យាករណ៍​ទុកជាមុន​ថា ការ​ទាញយក​ប្រេង​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា​នឹង​មិន​អាច​ធ្វើ​ទៅ​បានទេ នៅមុន​ឆ្នាំ​២០១៨ ខណៈ​ដែល​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ដាំ​ក្បាល​ចុះ ហើយ​លក្ខខណ្ឌ​សារពើពន្ធ​ក៏​នៅ​មិន​ទាន់មាន​ការកំណត់​ជាក់លាក់​រវាង​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន។


ការ​ព្យាករណ៍​នេះ​កើតមាន​ក្រោយពេល​ក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd ជា​សាខា​របស់​ក្រុមហ៊ុន Chevron ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង​អាមេរិកាំង​ដ៏​ធំ​បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​ឲ្យ​ទៅ ក្រុមហ៊ុន KrisEnergy កាលពី​ខែសីហា ឆ្នាំ​២០១៤​។ ចាប់តាំងពី​ការទិញ​ភាគហ៊ុន​នោះមក ក្រុមហ៊ុន KrisEnergy ពុំទាន់​ធ្វើការ​សម្រេចចិត្តថា នឹងដាក់​លុយ​វិនិយោគ​ទាញយក​ប្រេង​នោះទេ ដោយ​ពួកគេ​ត្រូវការ​ពេលវេលា​បន្ថែម​ក្នុងការ​ពិនិត្យ​រាល់​ទិន្នន័យ​ឡើងវិញ​ទាក់ទិន​នឹង​ចំនួន​ប្រេង និង​លក្ខ​ខណ្ឌ​ច្បាប់​នានា។


លោក Don Hubert ប្រធាន​ក្រុមហ៊ុន Resources for Development Consulting ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ដែល​បាន​ផ្សាយ​នៅក្នុង​គេហទំព័រ​វិទ្យុ​បរទេស​មួយ​ឲ្យ​ដឹងថា ក្រុមហ៊ុន KrisEnergy ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​លើ​ការ​បណ្តាក់ទុន​បូម​ប្រេង និង​ការចរចា​ជាមួយ​រដ្ឋាភិបាល​អំពី​លក្ខខណ្ឌ​សារពើពន្ធ ដែល​អាច​នឹង​មានការ​ប្រែប្រួល​។ លោក​ថ្លែងថា តម្លៃ​ប្រេង​ដែល​កំពុង​ធ្លាក់​ចុះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​អំណោយផល​ដល់​ការផលិត​ប្រេង​មុន​ឆ្នាំ​២០១៨​ទេ​។​

​លោក Don Hubert បាន​បន្តថា​«​ការផលិត​ប្រេង​មិនអាច​ចាប់ផ្តើម​នៅមុន​ឆ្នាំ​២០១៨​ទេ​។ វា​ច្បាស់​ណាស់​ថា កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន KrisEnergy ប្រហែលជា​នឹងត្រូវ​ធ្វើការ​សម្រេច​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ឬ​ច្រើន​ខែ​ទៅមុខទៀត​។ ប៉ុន្តែ ផ្តើម​ពី​ពេលនេះ ក្រុមហ៊ុន KrisEnergy និង​ដៃគូ​អាជីវកម្ម​របស់ខ្លួន ត្រូវធ្វើ​ការសម្រេចចិត្ត​លើ​សេចក្តីសម្រេច​ចុងក្រោយ​នៃ​ការចាប់ផ្តើម​វិនិយោគទុន​។ ពួកគេ​អង្គុយ​ចុះ ហើយ​និង​មើល​គ្រប់​ទិន្នន័យ រួចហើយ​ពួកគេ​និយាយថា បាទ​! យើង​នឹងធ្វើ​ការវិនិយោគ​នៅក្នុង​ប្លុក A បន្ទាប់មក​ទើប​ចាប់ផ្តើម​ការងារ​»។


យ៉ាងណាក៏ដោយ សេចក្តី​វិភាគ​ នៃ​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​អាច​ឈាន​ដល់​ចំណុច​ព្រមព្រៀង​លើ​ការ​វិនិយោគ​ផលិត​ប្រេង ប្រសិនបើ​តម្លៃ​ប្រេង​ងើបឡើង​មកវិញ ដល់​តម្លៃ​ចន្លោះ​ពី​៧០​ដុល្លារ និង​៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង​។ សេចក្តី​វិភាគ​នោះ​ពន្យល់​ថា តម្លៃ​៧០​ដុល្លារ​ក្នុង​មួយ​ធុង​ជា​តម្លៃ​ប៉ាន់ស្មាន ហើយ​មិនសូវ​ចំណេញ​ដល់​រដ្ឋាភិបាល​ទេ រីឯ​តម្លៃ​៩០​ដុល្លារ​ក្នុង​មួយ​ធុង​ជា​តម្លៃ​ដែល​អាច​ចំណេញ​ច្រើន។


តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​មក​នៅ​ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​ធុង ចាប់ពី​ខែកក្កដា​មក ដោយសារតែ​សេដ្ឋកិច្ច​មិនសូវ​លូតលាស់​នៅ​ក្នុង​ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប​។ មកទល់នឹង​ពេលនេះ តម្លៃ​ប្រេង​បាន​ធ្លាក់​ដល់​៣៤,៥​ដុល្លារ​ក្នុង​មួយ​ធុង។


ក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd ដែល​បានធ្វើ​ការរុករក​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​១២​ឆ្នាំ​មកហើយ បានសម្រេច​ដក​ការបណ្តាក់ទុន​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៤ ហើយ​បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ទាំងមូល សរុប​ចំនួន​៣០​ភាគរយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដៃគូ គឺ KrisEnergy Ltd របស់​ប្រទេស​សិង្ហ​បុរី។


ក្រុមហ៊ុន Chevron និង​ក្រុមហ៊ុន KrisEnergy រួមជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​គឺ Moeco Cambodia Co.Ltd និង​ក្រុមហ៊ុន GS Energy Corporation​បានទទួល​សិទ្ធិ​រុករក និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ប្លុក A ក្នុង​ដែនសមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤,៧០៩​គីឡូម៉ែត្រ​ការ៉េ ហើយ​ក្រុមហ៊ុន​អាមេរិក Chevron បានសម្រេច​លក់​ភាគហ៊ុន​របស់​ខ្លួន ដែល​មាន​ទឹកប្រាក់​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិក និង​បញ្ចប់​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​បី​ផ្សេងទៀត។


លោក ម៉េង សាក់​ធារ៉ា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន យល់ស្រប​នឹង​ការ​លើកឡើង​ដែរ​ថា កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​សម្រាប់​ការ​ចាប់ផ្តើម​ផលិត​ប្រេង​។ លោក​បញ្ជាក់​ថា​« ទីមួយ យើង​ចរចា​ជាមួយ​ក្រុមហ៊ុន KrisEnergy ហ្នឹង​ពុំ​ទាន់​បាន​ត្រូវ​រូ​វ​គ្នា​នៅឡើយ​។ ហើយ​ក្រោយពី​ការ​ចរចា​ត្រូវ​រូ​វ​គ្នា​ហើយ ក្រុមហ៊ុន​ត្រូវការ​ពេលវេលា​ដើម្បី​រៀបចំ​សិក្សា​គំរូ​ប្លង់​វិស្វកម្ម ដើម្បី​សាង​សង់​ការដ្ឋាន​សម្រាប់​បូម​ប្រេង​ឲ្យ​បានច្បាស់លាស់ ព្រមទាំង​ការរៀបចំ​សិក្សា​អំពី​សមិទ្ធិ​លទ្ធភាព​សេដ្ឋកិច្ច​នៃ​គំរោង​ហ្នឹង ដើម្បី​ដាក់​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ហ្នឹង​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ដែល​គេ​ហៅ Final Investment Decision ហ្នឹង​ណា៎ ហើយ​អាហ្នឹង​ត្រូវការ​ពេលវេលា​យូរ​ដែរ អាច​១៨​ខែ ទៅ​២០​ខែ​។ បន្ទាប់មក​ក្រុមហ៊ុន​ត្រូវ​ចាប់​ផ្តើមធ្វើ​លទ្ធកម្ម ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ ចាប់ផ្តើម​ធ្វើការ​សាងសង់ ហើយ​ការសាងសង់​អាច​ប្រើ​ពេល​មួយ​ឆ្នាំ​ទៀត​។ អញ្ចឹង​ទៅ វា​ត្រូវការ​ពេល​ប្រហែល​២​ឆ្នាំកន្លះ​ទៅ​បី​ឆ្នាំ ក្រោយពី​យើង​ចុះ​កិច្ចព្រមព្រៀង​ហើយ​។ អញ្ចឹង​ឥឡូវ​ឆ្នាំ​២០១៥​នេះ យើង​អត់​ចុះ​កិច្ចព្រមព្រៀង​ផង​។ អញ្ចឹង​ឧបមា​ថា យើង​អាច​ចុះ​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​២០១៦ អញ្ចឹង​បើ​យើង​ប្រឹងប្រែង​រុញ​ឲ្យ​លឿន​បំផុត​ក៏​ឆ្នាំ​២០១៨ ពាក់​កណ្តាល​២០១៨ ឆ្នាំ​២០១៩ បាន​យើង​អាច​នឹង​សាងសង់​អា​អស់ហ្នឹង​ហើយ ហើយ​នឹង​អាច​ចាប់​ផ្តើម​ផលិត​ប្រេង​បាន​»។


​លោក​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បន្ត​ធ្លាក់​ចុះ​ជា​បន្ត​ទៅទៀត​នោះ ការផលិត​ប្រេង​អាច​នឹង​ពន្យារពេល​កាន់តែ​យូរ​ទៀត ដោយ​សកម្មភាព​ផលិត​ប្រេង​នៅ​កម្ពុជា​មិន​អាច​កើតមាន​នៅ​ក្នុង​ឆ្នាំ​២០១៨​នោះ​ទេ៕




ការផលិត​ប្រេង​នៅ​កម្ពុជា​មិន​អាច​កើតឡើង​ មុន​ឆ្នាំ​២០១៨​នោះ​ទេ​

Post a Comment

0 Comments

Close Menu