ដួងតារា ផាឌីននិយាយឲ្យដឹងថា រូបគេស្រឡាញ់និងចូលចិត្តសិល្បៈតាំងតែពីតូចមកម្ល៉េះ ក៏ប៉ុន្តែទេពកោសល្យសិល្បៈដែលលោកមានត្រូវបានជីកកប់ចោលអស់រយៈពេលជាច្រើនឆ្នាំ ពោលទើបតែនៅឆ្នាំ២០១៥នេះមានឱកាស បានបង្ហាញសមត្ថភាពឡើងច្រៀងនៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានានិងចាប់ផ្តើមមានបងប្អូនទស្សនិកជនស្គាល់និងគាំទ្រតែម្តង។
តារាចម្រៀងដែលទើបលេចធ្លោរូបនេះនិយាយថា រូបគេអាចច្រៀងបានទាំងបទសម័យ បទពីដើម ជាពិសេសមានទេពកោសល្យអាចច្រៀងបានទាំងសំឡេងស្រីនិងប្រុសផងដែរ។ ដួងតារា ផាឌីនបញ្ជាក់ថា លោកអាចប្រើប្រាស់សំឡេងច្រៀងបានពីរ គឺទាំងបទស្រីបទប្រុស តែប្រសិនបើតម្រូវឲ្យលោកច្រៀងបទស្រីតែងខ្លួនស្លៀកពាក់ជាស្រីនោះ គឺលោកមិនធ្វើនោះទេ តែអាចច្រៀងបានធម្មតាជូនទស្សនិកជនស្តាប់កំសាន្តបាន។ តារាសិល្បៈស្រស់សង្ហារូបនេះបញ្ជាក់ទៀតថា នៅពេលឡើងច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីភាគច្រើនលោកច្រៀងតែបទប្រុសប៉ុណ្ណោះ ចំណែកឯបទស្រីវិញមិនសូវច្រៀងនោះទេ បើទោះបីជាលោកអាចច្រៀងបានពីរោះ និងមានអ្នកស្គាល់លោកតាមរយៈការច្រៀងបទស្រីក៏ដោយ តែប្រសិនបើមានទស្សនិកជនសំណូមពរ ឲ្យច្រៀងបទស្រីនោះលោកអាចច្រៀងបាន។
លោកដួងតារា ផាឌីននិយាយឲ្យដឹងទៀតថា ទៅថ្ងៃអនាគតលោកមានមហិច្ឆតាចង់ក្លាយជាតារាចម្រៀងល្បីម្នាក់តាមរយៈទេពកោសល្យសិល្បៈ ដែលមានពីកំណើត។ បច្ចុប្បន្នការងារសិល្បៈរបស់លោកកំពុងតែមមាញឹកគួរសមដោយត្រូវបានខាងស្ថានីយទូរទស្សន៍នានាហៅឡើងច្រៀងក្នុងកម្មវិធីតន្ត្រីចុងសប្ដាហ៍ ក៏ដូចជាការប្រគំតន្ត្រីតាមខេត្ត ពិធីជប់លៀង ខួបកំណើតជាដើម។
តារាចម្រៀងនិងម៉ូដែលដែលមានឈាមជ័រជាអ្នកសិល្បៈស្រាប់រូបនេះ និយាយបន្ថែមទៀតថា «រូបគេនឹងខំប្រឹងឈ្មុសឈ្មុលជាបន្តទៀត ដើម្បីឈោងចាប់យកភាពលេចធ្លោ នៅក្នុងវិថីសិល្បៈដោយសង្ឃឹមថា មិនយូរមិនឆាប់នឹងអាចរកបានទ្រនំផលិតកម្មល្បីឈ្មោះមួយឈរជើងច្រៀងដូចតារាចម្រៀងល្បីៗមួយចំនួនដែរ»៕
ដួងតារា ផាឌីន កំពុងលេចធ្លោដោយសារទេពកោសល្យសិល្បៈពីកំណើត
0 Comments