កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងមួយរូបដែលតែងនិយមបង្ហាញនូវក្បាច់រាំប្លែក រួមជាមួយនឹងការលេងស្តាយិ៍ខ្លួនថ្មីៗបែបបរទេស រហូតធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរ និងស្ញប់ស្ញែងចំពោះសមត្ថភាពនៃការបញ្ចេញក្បាច់រាំងទាំងនេះនៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា ក៏ដូចជានៅតាមកម្មវិធីផ្សេងទៀតផងដែរ។
បើទោះបីជាពេលនេះក្បាច់រាំរបស់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមានកេរ្តិ៍ឈ្មោះប្រជាប្រិយភាពល្បី និងទទួលបានការគាំទ្រយ៉ាងនេះក៏ពិតមែន ប៉ុន្តែក៏ធ្លាប់មានមតិរិះគន់ខ្លះបានលើកឡើងថា រាល់ក្បាច់ទាំងប៉ុន្មាន គឺ ទេព្យ បូព្រឹក្ស ចម្លងលួចមកពីបរទេស តែជារឿយៗនាងតែងឆ្លើយបដិសេធន៍។
អ្នកចម្រៀងចំណូលថ្មីរបស់ហង្សមាស កញ្ញា ទេព បូព្រឹក្ស ព្រោះតែបញ្ហាសុខភាពថ្មីៗនេះបានសម្រេចចិត្តផ្អាកពីសិល្បៈមួយរយៈពេលខ្ចី ដើម្បីយកពេលមើលថៃខ្លួនឲ្យឆាប់ជាសះស្បើយពីជំងឺ ដោយបានបោះបង់ការឡើងច្រៀងតាមឆាកប្រគំតន្ត្រីមួយចំនួន។
ដោយឡែកទន្ទឹមគ្នានេះ ក៏មានប្រភពបង្ហើបថា ទោះបីជាពេលនេះ ទេព បូព្រឹក្ស មានស្ថានភាពមិនទាន់ជាសះស្បើយស្រួលបួលក៏ពិតមែន តែនាងនៅតែមិនភ្លេចបន្តរកស្ទាយិ៍ ព្រមនឹងក្បាច់រាំថ្មីៗ ពិសេសៗ ត្រៀមទុកពេលឡើងឆាកតន្ត្រីលើកក្រោយទៀតឡើយ។
ប្រភពកៀកក្បែរនាងបាននិយាយទៀតថា ពិតជាសរសើរកញ្ញា ទេព បូព្រឹក្ស ខ្លាំងណាស់ត្បិតខ្លួនឈឺប៉ុណ្ណឹងហើយ នៅតែមិនភ្លេច ឬបោះបង់ចោលសិល្បៈទេ។ នាងសុខចិត្តឆ្លៀតពេលទំនេរនេះស្រាវជ្រាវរិះរកក្បាច់រាំ និងស្ទាយិ៍ប្លែកៗថ្មី ដើម្បីទុកត្រៀមហាត់បន្ថែម ទាញយកការគាំទ្របន្ថែមពីទស្សនិកជន។
កញ្ញា ទេព បូព្រឹក្ស កន្លងមកធ្លាប់ប្រាប់កម្ពុជាថ្មីថា បើបានធូរស្បើយពីជំងឺពេលណា នាងនឹងបន្តចេញច្រៀងតាមបណ្ដាកម្មវិធីប្រគំតន្ត្រីស្ថានីយទូរទស្សន៍ និងការប្រគំតន្ត្រីក្រុមហ៊ុនផ្សព្វផ្សាយផលិតផល ដើម្បីបម្រើអារម្មណ៍ទស្សនិកជនឡើងវិញ ព្រមជាមួយក្បាច់រាំពិសេសរៗជាមួយក្រុមរាំងផ្ទាល់ខ្លួន។ ជាការកត់សម្គាល់ បច្ចុប្បន្ននេះ តារាស្រីមុខស្រស់កញ្ញា ទេព បូព្រឹក្ស ទទួលបានការគាំទ្រច្រើនពីសំណាក់ស្រទាប់យុវវ័យ និងទស្សនិកជនតាមរយៈបទចម្រៀង ជាពិសេសនោះ គឺការបញ្ចេញក្បាច់រាំ រួមជាមួយការលេងស្តាយិ៍បែបប្លែកៗជាច្រើន៕
ទេព បូព្រឹក្ស ឈឺយ៉ាងណាក៏នៅតែមិនភ្លេចសិល្បៈ
0 Comments