ភ្នំពេញ ៖ ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុងនឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃគឺនៅថ្ងៃទី ១៤-១៥-១៦ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរស្អាត-ពលរដ្ឋរមណី» អមដោយពាក្យស្លោក "អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព"។
ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍនិងអភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា។
នៅក្នុងសារលិខិតអបអរបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍ និង អភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា។ លើសពីនេះទៀត សម្តេចបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ និង អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និង បងប្អូនប្រជាពលរដ្ឋចូលរួមឲ្យកាន់តែសកម្មចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" និងសហការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន ដែលជាកត្តាចម្បង ដែលមិនអាចខ្វះបានក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឲ្យស្រស់ស្អាតគង់វង្សយូរអង្វែងដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយ។
បុណ្យសមុទ្រលើកទី៧ នឹងចាប់ផ្តើមបើកនូវថ្ងៃទី១៤ ខែធ្នូនេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការពីធីបុណ្យសមុទ្រនៅខេត្តកោះកុងនៅល្ងាចថ្ងៃទី ១៥ ខែធ្នូ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធបុណ្យសមុទ្រជារៀងរាល់ឆ្នាំ គឺជាកាលានុវត្តភាពដ៏ប្រសើរសម្រាប់កម្ពុជាក្នុងការធ្វើឲ្យឆ្នេរសមុទ្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពដែលជាកត្តាចូលរួមចំណែកក្នុងការផ្តល់ចំណូលដោយផ្ទាល់ ការបង្កើនការងារ ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថាន ធនធានធម្មជាតិ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរ ពិសេសចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិព្រមទាំងបង្កើនស្មារតីស្រឡាញ់ ជាតិមាតុភូមិ សាមគ្គីភាព និង មិត្តភាពផងដែរ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ទៅលើយកចិត្តទុកដាក់ទៅលើទស្សនទាននៃភាពស្អាតនិងបៃតងគឺពិតជាមានភាពចាំបាច់ ខណៈពេលដែលពិភពលោកទាំងមូលកំពុងបោះជំហានទៅមុខនៅក្នុងសម័យកាលបៃតង។ ផ្អែកលើទស្សនទាននេះ ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរទាមទារចាំបាច់ឲ្យមានការអភិវឌ្ឍទីក្រុងស្អាត ទីក្រុងបៃតង ឆ្នេរស្អាតនិងកោះស្អាត និង បៃតង ដែលជាគំរូអភិវឌ្ឍន៍គិតគូរដល់ការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និង បរិស្ថានប្រកបដោយនិរន្តរភាព ពោលគឺអភិវឌ្ឍ ដើម្បីអភិរក្ស ដោយត្រូវធានាឲ្យបាននូវនិរន្តរភាព និង តុល្យភាពផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និង បរិស្ថាន ។
ក្នុងន័យនេះ ទីក្រុងជាប់ឆ្នេរត្រូវតែជាទីក្រុងបៃតង ទីក្រុងស្អាត ពីព្រោះថា ការអភិវឌ្ឍទីក្រុងតំបន់ឆ្នេរឲ្យក្លាយ ជាទីក្រុងបៃតងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់និរន្តរភាពនៃធនធានតំបន់ឆ្នេរប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនភាព ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនា និង កំសាន្តនៅតំបន់ឆ្នេរកាន់តែច្រើនថែមទៀតផង។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១១ មកតំបន់ឆ្នេរសមុទ្រកម្ពុជាបានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកហើយកិត្តិនាមនេះបាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព និងទាក់ទាញខ្ពស់ចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ពិភពលោកនិងប្រកបដោយភាពកក់ក្តៅ។ តំបន់ឆ្នេរកម្ពុជាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប៉ូលសេដ្ឋកិច្ចក្នុងការទាក់ទាញការវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញនិងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ដោយ តំបន់កោះមួយចំនួនក៏កំពុងធ្វើការអភិវឌ្ឍឲ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដែលមានផលិតផលនិងសេវាកម្មកម្រិតស្តង់ដារអន្តរជាតិ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ "ដើម្បីកំណើនការងារ សមធ៌ម និងប្រសិទ្ធភាព ៖កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ "ដោយផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាននិងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានដូចដែលខេត្តបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យសមុទ្រលើកទី ៧ ឆ្នាំ ២០១៨ នៅខេត្តកោះកុងដែលជាខេត្តអេកូទេសចរណ៍មួយដ៏ស្រស់ស្អាតនៅភូមិភាគនិរតីនៃប្រទេសកម្ពុជាគឺ "ឆ្នេរស្អាត ពលរដ្ឋរមណី" (Beautiful Bay, Happy Citizen)អមដោយពាក្យស្លោក "អេកូទេសចរណ៍សម្រាប់កំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព"។
ទន្ទឹមនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ជំរុញការបង្កើតនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាជា "តារារះ នាទិសនិរតី" ។
តាមការរំពឹងទុកពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច៩ ម៉ឺននាក់ ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកោះកុងក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀតសម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រផងដែរ ដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋាន ចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្ដេចនឹងទៅខេត្តកោះកុងផងដែរ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យសមុទ្រ ហើយសម្ដេចក៏នឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្នុងឱកាសនោះដែរ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជូនពរ ដល់ប្រជាពលរដ្ឋជនរួមជាតិ និងភ្ញៀវបរទេស ដែលធ្វើដំណើរកម្សាន្ដទៅតាមតំបន់សប្បាយផ្សេងៗ សូមជួបតែសុវត្ថិភាពទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀត ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹង បានសម្រាកលំហែរសុខភាពខ្លះមិនខាន។
ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រ នៅថ្ងៃសៅរ៍នៅទីនោះតែម្តង។ សូមបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ឲ្យបានច្រើនកុះករនាចុងសប្តាហ៍នេះ។ សូមជូនពរបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវទាំងអស់គ្នា»៕
Source: Kampuchea Thmey Daily
0 Comments