Ad Code

ទឹកប្រាក់​ប្រមាណ ៩ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​បង់​ចូល មូលនិធិ​កាតព្វកិច្ច សេវា​សកល​ទូរគមនាគមន៍



ភ្នំពេញ​ ៖ រហូតមកដល់​ពេលនេះ មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​តែ ៨៧% ដែល​បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​វិភាគទាន ចូល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​(​មូលនិធិ ក​.​ស​.​ទ​.) ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៩​លាន ដុល្លារ​អាមេរិក នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​ពី លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា និង​ជា​អនុប្រធាន​ទី​១ នៃ ក្រុមប្រឹក្សាភិបាល មូលនិធិ​កាតព្វកិច្ច​សេវា​សកល ទូរគមនាគមន៍ (​ក​.​ម​.​ក​.​ស​.​ទ​.) តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​នៃ ក​.​ម​.​ក​.​ស​.​ទ​. នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព​ការងារ​របស់ មូលនិធិ ក​.​ស​.​ទ​. កាលពី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ នៅ​ទីស្តីការក្រសួង​។

លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា បាន​មានប្រសាសន៍ថា “​ជា​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍ ដែល​បាន​បង្កើត​មូលនិធិ ក​.​ស​.​ទ​. និង​ការបង្កើត​ក្រុមប្រឹក្សាភិបាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​-​ទូរគមនាគមន៍ ដោយ​អនុក្រឹត្យ​លេខ​១១១ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ស្តីពី​ការកំណត់​យន្តការ សម្រាប់​អនុវត្ត​កម្មវិធី​កាតព្វកិច្ច​សេវា​សកល វិស័យ​ទូរគមនាគមន៍ ក្នុង​ឆ្នាំ២០១៧ មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ៨៧% (២៧/៣១ ក្រុមហ៊ុន​) បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​វិភាគទាន​ចូល​មូលនិធិ ក​.​ស​.​ទ​. និង​ប្រមូលបាន​មូលនិធិ​សរុប ៧០ % ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៩ លាន​ដុល្លារ​អាមេរិក​” ។



លោក​បណ្ឌិត បានបញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧ នេះ ក​.​ម​.​ក​.​ស​.​ទ​. បានអនុម័ត​គម្រោង​ពង្រីក​វិសាលភាព​គ្របដណ្តប់​សេវា​ទូរស័ព្ទ​ចល័ត​ជំនា​ន់ទី​៣/៤ (3G/4G)​សរុប​ចំនួន ១៣១ ស្ថានីយ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ការសាងសង់​ស្ថានីយ​ថ្មី​ចំនួន ៤១ ស្ថានីយ និង​ការ​ធ្វើ Upgrade និង Reconfiguration ទៅលើ​ស្ថានីយ៍​ដែលមាន​ស្រាប់​ចំនួន ៩០ ស្ថានីយ​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​កម្ពុ​ជាថ្មី​ទទួល​បាន វឌ្ឍនភាព​ចុងក្រោយ​ចំពោះ​គម្រោង​សាងសង់​ថ្មី​រួមមាន គម្រោង​/​ស្ថានីយ​បាន​សាងសង់​រួចរាល់​មាន​ចំនួន​៧ ស្ថានីយ នា​ខែវិច្ឆិកា ឆ្នាំ​២០១៨, គម្រោង​/​ស្ថានីយ​ដែល​បាននឹងកំពុង​សាងសង់ មាន​ចំនួន ១៩ ស្ថានីយ និង​ត្រូវ​បញ្ចប់​រួចរាល់​នៅ​យ៉ាង​យូរ​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៩ និង​គម្រោង​/​ស្ថានីយ​ដែល​យឺត​យ៉ាង ក្នុង​ការ​សាងសង់​ដោយសារ​ទឹកជំនន់ និង​កំពុង​ដោះស្រាយ​ទីតាំង​សាងសង់ មាន​ចំនួន​១៥ ស្ថានីយ ដែល​រំពឹងថា​ នឹង​ត្រូវបាន​ដោះស្រាយ​រួចរាល់​ឆាប់ៗ និង​កាលបរិច្ឆេទ​គ្រោង​បញ្ចប់​រួចរាល់​យ៉ាងយូរ​ត្រឹម​ខែមេសា ឆ្នាំ​២០១៩​។

ចំណែក​វឌ្ឍនភាព​ចុងក្រោយ​ចំពោះ​គម្រោង​ធ្វើការ Upgrade និង Reconfiguration ទៅលើ​ស្ថានីយ​ដែលមាន​ស្រាប់​រួមមាន ចំនួន​៨៣ ស្ថានីយ ត្រូវ​បាន​ចប់​ជា​ស្ថាពរ នា​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង ចំនួន​៧ ស្ថានីយ ត្រូវ​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ខែមករា ឆ្នាំ​២០១៩​។

នា​ឱកាស​នេះ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា តំណាង​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់​ប្រតិបត្តិការ ទូរគមនាគមន៍​ទាំងអស់​ដែល​បាន​ចូលរួម​បង់​វិភាគទាន និង​សហការ​ក្នុង​ការ​អនុវត្ត​សកម្មភាព​ការងារ របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ និង​សូម​លើកទឹកចិត្ត និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយចំនួន​តូច ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច បង់​វិភាគទាន​មូលនិធិ ក​.​ស​.​ទ​. នៅក្នុង​ឆ្នាំ​២០១៧ រួសរាន់​បង់​វិភាគទាន មុននឹង​ក្រុមប្រឹក្សា​មូលនិធិ ក​.​ស​.​ទ​. ចាត់វិធានការ​បន្ទាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu