ក្រុមបាល់ទាត់ចំនួន២ដែលជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) គឺបឹងកេតអែហ្វស៊ី និងក្រុមអង្គរថាយហ្គឺរអែហ្វស៊ី បានណាត់គ្នាប្រកួតមិត្តភាពកម្តៅសាច់ដុំនៅល្ងាចថ្ងៃសុក្រ សប្តាហ៍នេះដើម្បីត្រួតពិនិត្យទម្រង់លេង ព្រមទាំងបច្ចេកទេសកូនក្រុមឲ្យបានរួចរាល់មុនស្វាគមន៍រដូវកាលឆ្នាំ២០១៩ ខាងមុខនេះ។
តាមគម្រោងការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសុក្រ ទី១៤ខែធ្នូ ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានAUPP Sport Club ក្នុងរាជធានីភ្នំពេញ។ សម្រាប់អ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាការប្រកួតនេះដោយឥតគិតថ្លៃផងដែរ។
សូមបញ្ជាក់ថា ក្រុមដែលជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំកីឡាករឡើងវិញក្រោយសម្រាកមួយរយៈបន្ទាប់ពីបញ្ចប់បេសកកម្មក្នុងរដូវកាលចាស់ ហើយនេះជាដំណាក់កាលដែលក្រុមទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួនឡើងវិញទាំងសមាជិកចាស់ និងសមាជិកថ្មីៗទាំងខ្មែរនិងបរទេស ឬកីឡាករខ្លះទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំឬយ៉ាងណានោះ មុនរដូវកាលឆ្នាំ២០១៩ មកដល់។
សម្រាប់រដូវកាលឆ្នាំ ២០១៨ កន្លងទៅនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមបឹងកេតអែហ្វស៊ី ប្រកួតបាន២២លើកឈ្នះបាន១៥លើក ស្មើគ្នា៤លើក និងចាញ់៣លើក មាន៤៩ពិន្ទុក្នុងដៃ ពោលគឺចាញ់ក្រុមជើងឯកណាហ្គាវើល៧ពិន្ទុ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត ធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ណាហ្គាវើល។
ចំណែកក្រុមអង្គរថាយហ្គឺរ វិញបានបញ្ចប់រដូវកាលលីគកំពូលកម្ពុជា ឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments