Ad Code

កីឡាករ​អាមេរិក Jonathan Campbell​ចេញពី​ក្រុម​ភ្នំពេញ​ក្រោ​ន ទៅ​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង



​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League បាន​ប្រកាស​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​មួយរូប​ទៀត​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​គឺ​ខ្សែការពារ​កណ្ដាល​មួយរូប​ជា​ជនជាតិ​អាមេរិក Jonny Campbell (Jonathan Campbel) ដែល​ធ្លាប់មាន​បទពិសោធន៍​ប្រកប​អាជីព​នៅ​ភ្នំពេញ​ក្រោ​ន ក៏ដូចជា​លី​គ​លំដាប់​ទី​៣​ប្រទេស​ថៃ និង​ប្រទេស​អាមេរិក ជា​ស្រុកកំណើត​។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ បាន​បញ្ជាក់​ក្រោយ​ចុះកិច្ចសន្យា​ក្លិប​ថ្មី​លើទឹក​ដី​ប្រទេស​កម្ពុជា​ថា «ខ្ញុំ​បាន​ពិភាក្សា​ក្នុង​ការ​បន្ត​អាជីព​នៅទីនេះ​១​រដូវ​កាល​ទៀត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ ខ្ញុំ​ជឿថា​ក្លិប​នេះ​មាន​កីឡាករ​ដែល​មាន​សមត្ថ​ភាព​ច្រើន ដែល​អាច​ធ្វើ​រឿង​ពិសេសៗ​ជូន​អ្នកគាំទ្រ​ក្នុង​រដូវ​កាល​នេះ​។ ខ្ញុំ​ស​ង្ឃឹម​ថា​ ខ្ញុំ​អាច​ជួយ​ក្រុម​ទទួល​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ​។ អរគុណ​គ្រប់គ្នា​ដែល​តែងតែ​គាំទ្រ​និង​លើកទឹកចិត្ត​ខ្ញុំ ហើយ​សូម​ធ្វើ​រឿង​នេះ​បន្តទៀត​។ អរគុណ​លោកគ្រូ​បង្វឹក​Conor Nestor ដែល​ជម្រុះ​ឲ្យ​ខ្ញុំ​ក្លាយជា​កីឡាករ​កម្រិត​ខ្ពស់​មួយទៀត​»​។



កីឡាករ​Jonny Campbell ដែល​ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​មួយរូប​ធ្លាប់​លេង​នៅ​ក្លឹប Chachoengsao FC (​លី​គ​លំដាប់​ទី​៣​ប្រទេស​ថៃ​) ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​។ កីឡាករ​សញ្ជាតិ​អាមេរិក រូប​នេះ​ធ្លាប់​បាន​លេង​ជាមួយ​ក្លិប Maimi City ឆ្នាំ​២០១៦ ក្លឹប Charlotte Independence ឆ្នាំ​២០១៥ និង ក្លិប Philadelphia Fury ឆ្នាំ​២០១៤ នៅ​ស្រុកកំណើត​ផងដែរ​។

ខ្សែការពារ Jonny Campbell ជា​កីឡាករ​បរទេស​ទី​៤​ហើយ ​ដែល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ប្រកាស​ចុះបញ្ជី​ត្រៀម​រដូវ​កាល​ថ្មី​បន្ទាប់ពី​កីឡា​ករ​ចាស់​២​រូប​ដែល​ក្លិប​បន្ត​កិច្ចសន្យា​ក្រោយ​ចប់​កិច្ចសន្យា​ឆ្នាំ​ចាស់​នោះ​គឺ​កីឡាករ​អង់គ្លេស Harley Willard និង​កីឡាករ​ជប៉ុន Daisuke Kobayash និង​កីឡាករ​កូរ៉េខាងត្បូង Gi Sung Yeon​។ យោង​តាម​គោល​ការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​ព្រះខ័ន​រាជ​ស្វាយរៀង អាច​ចុះ​បញ្ជី​កីឡាករ​បរទេស​បាន​១រូប​ទៀត​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu