ភ្នំពេញ ៖ លោក រ៉ាត់ រ័ត្នមុនី ដែលជាប់ពាក់ព័ន្ធ ក្នុងការផលិតខ្សែភាពយន្តឯកសារមួយឈ្មោះថា “ម្តាយខ្ញុំ លក់ខ្ញុំ” ឲ្យសារព័ត៌មាន រុស្ស៊ីធូដេ (Russia Today RT) នោះ ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ កាលពីរៀបភ្លឺឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេលកំពុងសុំទិដ្ឋាការ ទៅប្រទេសហូឡង់ ហើយនៅវេលាម៉ោងប្រមាណជាង៣ រសៀលថ្ងៃទី១៣ ខែធ្នូ សមត្ថកិច្ចបានបញ្ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីដំណើរការតាមនីតិវិធីច្បាប់។
ទាក់ទងបញ្ហានេះ លោក លី សុផាណា ព្រះរាជអាជ្ញា និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមសាអេឡិកត្រូនិកតេឡេក្រាម កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ថា តុលាការកំពុងពិនិត្យ និងចាត់ការសំណុំរឿងនេះ។
អ្នកស្រី ឡុង គីមហ៊ាង ដែលត្រូវជាភរិយាលោក រ៉ាត់ រ័ត្នមុនី បានបញ្ជាក់ថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រត្នមុនី ជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ជាប់ពាក់ព័ន្ធការផលិតវិឌីអូឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” របស់សារព័ត៌មាន(Russia Today RT) ដែលវិឌីអូនេះ និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខណៈសម្តេចអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សលើកទី១២ ឆ្នាំ២០១៨ បានអះអាងថា ពេលនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ លើករណីខ្សែវីដេអូមួយ ដែលមានខ្លឹមសារម្ដាយលក់កូន ដើម្បីដឹងថា រឿងនេះជារឿងពិត ឬប្រឌិត។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា “កន្លងទៅនេះមានខ្សែវីដេអូមួយ បានចងក្រងនូវសកម្មភាពមួយអំពីម្ដាយលក់កូន ឥលូវនេះកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវសិក្សា ពីព្រោះថា យកទៅផ្សាយនៅទូរទស្សន៍ RT តើរឿងនោះជារឿងពិត ឬក៏ជារឿងប្រឌិត ... តែក៏បានព័ត៌មានខ្លះហើយ ពិសេសពីតួអង្គដែរដើរតួក្នុងរឿងនេះ តែយើងត្រូវការប្រភពព័ត៌មានផ្សេងៗទៀត តែមកទល់ពេលនេះព័ត៌មានយើងទទួលបាន យើងអត់ទាន់ធ្វើការសន្និដ្ឋានជាក់លាក់ថាយ៉ាងមិចនោះទេ”។
ពាក់ព័ន្ធករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្ហាញ និងបកស្រាយព័ត៌មានលម្អិតជុំវិញការឃាត់ខ្លួនបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុនី ពីសំណាក់សមត្ថកិច្ចថៃ ក្រោយមានសេចក្ដីរាយការណ៍ ពីកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបុគ្គលនេះជាប់ពាក់ព័ន្ធ ក្នុងការចូលរួមផលិតវីដេអូ ជាមួយសារព័ត៌មានរុស្ស៊ី (RT) ដោយដាក់ចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” បណ្ដាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ប្រពៃណី និងកិត្តិយសស្ត្រីខ្មែរ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។
លោកបញ្ជាក់ថា បន្ទាប់ខ្សែវីដេអូ ដែលមានប្រមាណ២៧នាទី ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម កាលពីអំឡុងខែតុលា ឆ្នាំ២០១៨នោះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យបើកការស្រាវជ្រាវភា្លមៗ ព្រោះថាវីដេអូនេះហាក់ដូចជា ការបន្ទាបបន្ថោកយ៉ាងខ្លាំងដល់ស្ដ្រីខ្មែរ ខណៈរាជរដ្ឋាភិបាល កំពុងតែលុបបំបាត់នូវអំពើជួញដូរមនុស្សនេះ។
តាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឆ្លងតាមការស្រាវជ្រាវ និងប្រមូលភ័ស្ដុតាង ព្រមទាំងមានការបំភ្លឺតួអង្គសម្ដែង២នាក់ ក្នុងចំណោមតួអង្គ៣នាក់ ឈ្មោះ កែវ ម៉ាឡៃ អាយុ៤៨ឆ្នាំ និងយុវតីឈ្មោះ ឃៀង ស្រីម៉ិច អាយុ១៨ឆ្នាំ (កូន កែវ ម៉ាឡៃ) បានអះអាងថា រឿងនេះមិនមែនជារឿងពិតនោះទេ ពោលគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ក្រោយមានការលួងលោមពីឈ្មោះ រ៉ាត់ រ័ត្នមុនី ដោយពេលកំពុងថតរឿងនេះ មានចំណងជើងថា “ប្រទេសខ្មែរក្រោយរបប ប៉ុល ពត” ប៉ុន្ដែពេលសម្ដែងចប់បែរជាចេញចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ទៅវិញ។
យោងតាមការស្រាវជ្រាវ និងប្រមូលភ័ស្ដុបំភ្លឺរបស់ជនរងគ្រោះឈ្មោះ កែវ ម៉ាឡៃ និងឈ្មោះ ឃៀង ស្រីម៉ិច កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានថា មានតែឈ្មោះ រ៉ាត់ រ័ត្នមុនី ប៉ុណ្ណោះដែលអាចបំភ្លឺជុំវិញករណី ដែលកំពុងចែកចាយពេញបណ្ដាញសង្គមនេះបាន អំពីមូលហេតុ ប្រភព និងគោលបំណង នៃការផលិតនូវឃ្លឹបវីដេអូនេះឡើង ក្នុងចេតនាទុច្ចរិត ជាពិសេសដើម្បីរកឲ្យឃើញថា អ្នកណាជាមេផ្ដើមគំនិត ដែលវាយតម្លៃបន្ថោកកិត្តិយសរបស់កម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ ខ្សែភាពយន្តមួយ ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងយូធូប ហើយបានស៊ែរតៗគ្នា ដែលខ្សែវីដេអូខ្លីនេះ បានផ្តោតលើតួអង្គពីរនាក់ គឺលោកស្រី កៅ ម៉ាឡៃ និងកូនស្រីឈ្មោះ ឃៀង ស្រីម៉ិច ដែលជាអតីតពលរដ្ឋបឹងកក់។ ក្រោយការចេញផ្សាយ សមត្ថកិច្ចអាជ្ញាធរបានហៅតួអង្គម្តាយ និងកូន ក្នុងសាច់រឿងនេះ ទៅសាកសួរ រួចក៏បានអះអាងថា ពួកគេទទួលបានលុយចំនួន២០០ដុល្លារ ជាថ្នូរនឹងការនិយាយកុហកក្នុងភាពយន្តឯកសារនេះ។ ចំណែកសមត្ថកិច្ចកម្ពុជា បានអះអាងថា ភាពយន្តឯកសារនេះ ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។
អ្នកស្រី ឡុង គីមហៀង អះអាងថា រឿងនេះពិតជាបានពាក់ព័ន្ធជាមួយអ្នកស្រី និងស្វាមីមែន ពីព្រោះខ្សែភាពយន្តនេះ ប្តីរបស់នាងជាអ្នកថត ចំណែកអ្នកស្រី គឺជាអ្នកស្គាល់តួអង្គម្តាយ និងកូនស្រី នៅក្នុងខ្សែភាពយន្តខ្លីនេះ ហើយជាអ្នកទំនាក់ទំនង។ អ្នកស្រីបញ្ជាក់ថា “បើនិយាយពីការថតសំភាសន៍អីនោះ អត់ទាក់ទងទេ ប៉ុន្តែបើនិយាយពីសាច់រឿង ដើម្បីអាចសម្ភាសន៍បាននោះ គឺពាក់ព័ន្ធ”។
អ្នកស្រី ឡុង គីមហៀង បញ្ជាក់ថា ម្តាយ និងកូនស្រី នៅក្នុងសាច់រឿងនោះ គឺជាអតីតជនរងគ្រោះដោយការបណ្តេញចេញនៅតំបន់បឹងកក់ គឺអ្នកស្រី កែវ ម៉ាឡៃ និងកូនស្រី (ស្រីម៉ិច) ហើយការស្គាល់គ្នា ដោយសារតែអ្នកស្រី ជាអ្នកធ្វើការនៅអង្គការផ្នែកដីធ្លី ហើយបានទំនាក់ទំនងស្គាល់ដោយសារតែករណីដីធ្លីរបស់អ្នកស្រី កែវ ម៉ាឡៃ នេះ ហើយអ្នកស្រី កែវ ម៉ាឡៃ ជាស្រីមេម៉ាយ ហើយនៅពេលបណ្តេញចេញពីតំបន់បឹងកក់ អ្នកស្រីមិនបានទទួលសំណងអ្វីនោះទេ។
នៅពេលនោះហើយដែលធ្វើឲ្យជីវភាពរបស់ពួកគាត់លំបាក ឈានទៅដល់បែកបាក់គ្រួសារ អត់លុយជួលផ្ទះ ទើបឈានដល់ការធ្វើបែបនេះ (លក់កូនស្រីឲ្យរកស៊ីផ្លូវភេទ)៕
Source: Kampuchea Thmey Daily
0 Comments