Ad Code

ជាប់​ខ្នោះ​លក់​របស់​ក្លែងក្លាយ​(​ចង្កូម​ខ្លា​)​ ឲ្យ​ចៅអធិការ​វត្ត



កណ្តាល ​៖ ​ជនសង្ស័យ​៣​នាក់ ​មាន​ម្នាក់​ជនជាតិ​ឥស្លាម​ បាន​ត្រូវ​នគរបាល​ស្រុក​ពញាឮ​ខេត្តកណ្តាល​ធ្វើការ​ឃាត់ខ្លួន​ករណី​ឆបោក​ពាក់​ព័ន្ធ​យក​របស់​ក្លែងក្លាយ​(​ចង្កូម​សត្វ​ខ្លា​)​ថា ​របស់​សុទ្ធ​លក់​ឲ្យ​ព្រះចៅ​អធិការ​វត្ត​ក្នុងតម្លៃ​ជិត​១០០០០​ដុល្លារ​។

ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤និង០០​នាទី ចំណុច​ក្នុង​វត្ត​ពោធិ​កំបោ ភូមិ​ពោធិ​កំបោរ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ដួង តេង​ អធិការនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ព្រះ​តេជគុណ​ព្រះនាម ស៊ុន ហុក ព្រះចៅ​អធិការ​វត្ត​ពោធិ​កំបោរ ភូមិ​ពោធិ​កំបោរ ឃុំ​វិហារ​លួង ស្រុកពញាឮ ខេត្តកណ្តាល​។

ចំណែកឯ​ជនសង្ស័យ​០៣​នាក់ ១-​ឈ្មោះ​រ៉ូ​ន រ៉​សេត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ ជនជាតិ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​មុខរបរ មិន​ពិតប្រាកដ។ ២-​ឈ្មោះ​ជេ​ត សាវឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។​ ៣-​ឈ្មោះ​ហ៊ឹម ហ៊ី ភេទ​ប្រុស​ អាយុ៧២​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ​ទិញ​អេតចាយ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ។

វត្ថុ​តាង​ចាប់​យក រួមមាន កូន​កាបូបស្ពាយ​ពណ៌​ខ្មៅ​០១ ប្រ​ម៉ាត់​សត្វ​ជ្រូកស្រុក០៥​ស្នែង​សត្វ​គោ​០១ ដុំថ្ម​ពណ៌​ខ្មៅ ០១​ដុំ គ្រាប់អង្កាំ ០១​ថង់​តូច ​ម៉ែត្រ​តូច១ .​ឆ្អឹង​សត្វ​ពណ៌​ខ្មៅ​០១.​ជញ្ជីង​សម្រាប់​ថ្លឹង​ត្បូង០១ ១១.​ដុំ​ពណ៌​ស មាន​រូបរាង​ដូច​ចង្កូម​សត្វ​ខ្លា០៣​ តូច​០១​គូរ មធ្យម​០១​គូរ និង​ធំ​០១​គូរ ​ទូរ​ស័ព្ទ​០៦​គ្រឿង -​ម៉ាក​XTG ០១​គ្រឿង -​ម៉ាក OPPO A3S ០១​គ្រឿង -​ម៉ាក Nokia០១​គ្រឿង -​ម៉ាក​camfone០១​គ្រឿង -​ម៉ាក samsung០១​គ្រឿង -​ម៉ាក​HAuwai០១​គ្រឿង កូន​ថង់​តូចៗ​០១​ដុំ .​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ០១​សន្លឹក​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃខែ​ពុំ​ចាំ​ក្នុង​ឆ្នាំ​២០១៧ ឈ្មោះ​រ៉ូ​ន រ៉​សេត បាន​ប្រកបមុខរបរ ទិញ​លក់​វត្ថុ​ក្លែងក្លាយ ភូតភរ​គេ​ថា ជា​វត្ថុ​សក្ដិសិទ្ធិ មាន​ដូច​ខាង​ក្រោម ១-​ប្រ​ម៉ាត់​ជ្រូក​(​ជ្រូកស្រុក​)០៥​ទិញ​ពី​មនុស្ស​ស្រី ម្នាក់ នៅ​ស្រែខ្លុង​ខេត្ត កំពង់ស្ពឺ​១​តម្លៃ ១០​ដុល្លា សម្រាប់​ព្យាបាល​អាកា​រៈ​ក្តៅ​ក្នុង​។

២-​ឆ្អឹង​ក្បាលជង្គង់​សត្វ​គោ (​គោ​ស្រុក​)​កែច្នៃ​ធ្វើ​ខ្លួនឯង​ដោយនិយាយ​ភរ​គេ​ថា សម្រាប់ គោរព​បូជា​ដាក់​អាសនៈ យកទៅលក់​ចេញ​ក្នុង​តម្លៃ ៣០ ដុល្លារ​។ -​ដុំថ្ម​ពណ៌​ខ្មៅ​គ្មាន​ប្រយោជន៍​-​ស្នែង​សត្វ​គោ​ជា​របស់​ខ្លួនឯង​ដើរ​រើស​តាម​កន្លែង​ពិឃាតសត្វ​គោ​យក​មក​កែច្នៃ​សម្រាប់​ទុក​លក់​ដោយ​និយាយ​ភរ គេ​ថា សម្រាប់ យក​ទៅ​ឧបកិច្ច​គោរពបូជា​លក់​ចេញ​វិញ​តម្លៃ​៣០​ដុល្លារ​។

-​ដុំ​ពណ៌​ស មាន​រូបរាង​ដូច​ចង្កូម​សត្វ​ខ្លា​០៣​គូ​ជា​របស់​ក្លែងក្លាយ​ទិញ​មកពី​ឈ្មោះ​ឃៀង ភេទប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ​ រស់នៅ​ខេត្តក្រចេះ​ទិញ​នៅក្នុង​ព្រៃ​ពេល​ទៅ​ទិញ​ឈើ​ធ្វើ​តុ​ទិញ​ថ្ងៃទី​ពុំ​ចាំ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៨ តម្លៃ​៣.៥០០​ដុល្លារ​ សម្រាប់​ទុក​លក់​ភរ បោកប្រាស់​គេ​ថា ជា​របស់​សុទ្ធ​ល្អ​មាន​ប្រយោជន៍​ទុក​ការពារ​ខ្លួន​បាញ់​មិនត្រូវ​។



លោក​អធិការ​បន្ត​ថា ​ក្នុង​ខែវិច្ឆិកា​ក្នុង​ឆ្នាំ​២០១៨ ឈ្មោះ​រ៉ូ​ន រ៉​សេត​បាន​ស្គាល់ឈ្មោះ​ជេ​ត សាវឿន​មុខរបរ​គ្រូទាយ​និង​លក់​ថ្នាំខ្មែរ នៅពេល​ផឹក​កាហ្វេ​ជាមួយគ្នា​នៅ​បឹងត្របែក ក្រុងភ្នំពេញ ហើយ​បានចាប់ផ្តើម​រាប់អាន​ស្គាល់គ្នា​រហូត​មក​និង​បាន​យក​ចង្កូមខ្លា​មក​ប្រសិទ្ធី​នៅផ្ទះ​ឈ្មោះ​ជេ​ត សាវឿន ទៀតផង​។

ក្នុង​ខែធ្នូ ឆ្នាំ​២០១៨​ឈ្មោះ​ជេ​ត សាវឿន បាន​ទៅ​ផឹក​កាហ្វេ នៅ​ម្តុំ​គល់​ស្ពាន​ព្រែក​ក្តាម ពេលនោះ​បាន​ជួប​និង​ឈ្មោះ​អឿន ភេទ​ប្រុស រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ហើយ​ឈ្មោះ​អឿន បាន​និយាយប្រាប់​ខ្លួន​ថា មាន​លោក ចៅអធិការ​វត្ត​ពោធិ​កំបោរ ចង់បាន​ចង្កូម​សត្វ​ខ្លា​និង​កុយរមាស បើ​មាន​យកទៅ​ប្រគេន​លោក​មើលទៅ​លោក​ចង់​ជាវ ឮដូច្នេះ​ នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១១និង៣០​នាទី​ឈ្មោះ​ជេ​ត សាវឿន បាន​ទៅ​ជួប​លោក​ចៅអធិការ​ព្រះនាម ស៊ុន ហុក​គង់​នៅ​វត្ត​ពោធិ​កំបោរ ហើយ​បាន​សួរ​លោក​ថា តើ​ព្រះអង្គ​ចង់បាន​ចង្កូម​សត្វ​ខ្លា​ឬអី​?​ហើយ​លោក​បាន​ប្រាប់​ថា ចង់បាន​ចង្កូម​សត្វ​ខ្លា​អា​សុទ្ធ​ល្អ។

បន្ទាប់មក​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក​ឈ្មោះ​ជេ​ត សាវឿន​បាន ទំនាក់ទំនង​ទៅ​ជួប​ឈ្មោះ​រ៉ូ​ន រ៉​សេត​ដោយ​ណាត់​ជួបគ្នា នៅ​តូប​កា​ហ្វ​ម្តុំ​ក្រោយ​ផ្សារ​គីឡូ​លេខ​៧ ហើយ​ឈ្មោះ​ជេ​ត សាវឿន​បាន​និយាយប្រាប់​ឈ្មោះ​រ៉ូ​ន រ៉​សេត​ថា​៖​មាន​ព្រះសង្ឃ​គង់នៅ​វត្ត​ពោធិ​កំបោរ ចង់បាន​ចង្កូម​សត្វ​ខ្លា បន្ទាប់មក​ឈ្មោះ​រ៉ូ​ន រ៉​សេត​ក៏បាន​ឲ្យ​ចង្កូម​សត្វ​ខ្លា​ក្លែងក្លាយ​០៣​គូរ​ឲ្យ​ទៅ​ឈ្មោះ​ជេ​ត សាវឿន ដាក់​លក់​តម្លៃ​៤.២០០​ដុល្លារ រួចមក​ឈ្មោះ ​ជេ​ត សាវឿន​បាន​យក​ចង្កូម​សត្វ​ខ្លា​០៣​គូរ​ជា​របស់​ឈ្មោះ​រ៉ូ​ន រ៉​សេត ​យក​មក​លក់​ឲ្យ លោក​ចៅអធិការ​ព្រះនាម​ស៊ុន ហុក តម្លៃ ប្រាក់​៥.០០០​ដុល្លារ ហើយ​ឈ្មោះ​ជេ​ត សាវឿន បាន​យកប្រាក់​៤.២០០ ​ដុល្លារ​ទៅ​ឲ្យ​ឈ្មោះ​រ៉ូ​ន រ៉​សេត ដោយ​ពេលនោះ​ឈ្មោះ​រ៉ូ​ន រ៉​សេត បាន​ដក​ប្រាក់​៣០០​ដុល្លារ ឲ្យ​ទៅ​ឈ្មោះ​ជេ​ត សាវឿន​ថ្លៃឈ្នួល​យកទៅលក់​។

លុះដល់​ថ្ងៃ ខែ ឆ្នាំ​ដដែល​ពេល​ល្ងាច​លោក​ចៅអធិការ ស៊ុន ហុក បាន​តេ​ទូរ​ស័ព្ទ​ប្រាប់​ឈ្មោះ​ជេ​ត សាវឿន​ថា ចង្កូម​សត្វ​ខ្លា​ដែល​យកមក​លក់​ឲ្យ​មុន​គឺជា​របស់​ក្លែងក្លាយ​ទេ​ហើយ​ឈ្មោះ​ជេ​ត សាវឿន ប្រាប់ថា ចាំ​យក​អា​សុទ្ធ​មក​ដូរ​វិញ ហើយ​ឈ្មោះ​ជេ​ត សាវឿន ក៏​តេ​ទូរ​ស័ព្ទ​ទៅ​ប្រាប់​ឈ្មោះ​រ៉ូ​ន រ៉​សេត​ថា យក​របស់​សុទ្ធ​មក​ឲ្យ​លោក​វិញ​មក ប៉ុន្តែ ដោយ​ចាំ​បាត់​យូរ​ពេក មិនឃើញ​នៅ​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ​២០១៨ លោក​ចៅអធិការ ស៊ុន ហុក បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ ហើយ​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ឈ្មោះ​ជេ​ត សាវឿន​បាន​តេ​ទូរ​ស័ព្ទ​មក​លេខ​ទូរស័ព្ទ​លោក​ចៅអធិការ ស៊ុន ហុក ដើម្បី​យក​ចង្កូម​សត្វ​ខ្លា​ជា​របស់​ពិត​មក​ប្រគេន​លោក រួចមក​ក៏បាន​មកជួប​ជុំគ្នា​នៅក្នុង​វត្ត​ពោធិ​កំបោរ​ពេលនោះ​ឈ្មោះ​រ៉ូ​ន រ៉​សេត បាន​យក​ចង្កូម​សត្វ​ខ្លា​០១​គូរ​ប្រាប់ថា ជា​របស់​ពិត​ទៅ​ប្រគេន​ដោះដូរ​ជាមួយ​របស់​មិន​ពិត​ដែល​​លក់​ឲ្យ​ពីមុន ក្រោយពេល​លោក ចៅអធិការ​ពិនិត្យមើល​ហើយ​ថា​ជា​របស់​សុទ្ធ​ក្នុង​ខ​ណះ​នោះ​ឈ្មោះ​រ៉ូ​ន រ៉​សេត​បាន​ឲ្យ​លោក​ចៅអធិការ​ព្រះនាម​ស៊ុន ហុក​ថែមលុយ​៥.០០០​ដុល្លារ មក​ឲ្យ​ខ្លួន​បន្ថែម​ទៀត​ពេលនោះ​លោក​ចៅអធិការ​បាន​យល់ព្រម​តាម​តម្លៃ​ខាងលើ​ប៉ុន្តែ​ឲ្យ​បាន​៤.០០០​ដុល្លារ សិន​នៅ​ខ្វះ​១.០០០​ដុល្លារ​ទៀត​។ ជនសង្ស័យ​ឈ្មោះ​រ៉ូ​ន រ៉​សេត​បាន​សរសេរ​កិច្ចសន្យា​លក់ដូរ​ធានា​របស់​សុទ្ធ​លក់ដូរ​មិន​កែប្រែ​រវាង​អ្នកលក់​ចង្កូមខ្លា​ឈ្មោះ​រ៉ូ​ន រ៉​សេត​អ្នកទិញ​ឈ្មោះ​ស៊ុន ហុក​គ្មាន​ស្នាម​ផ្ដិតមេដៃ​ឬ​ចុះហត្ថលេខា​នៅលើ​កិច្ចសន្យា​នេះឡើយ​។

លោក​អធិការ​បញ្ជាក់​ថា ខ​ណៈ​ធ្វើការ​ដោះដូរ​របស់​ជាមួយ​លុយកាក់​សម​ត្ថ​កិច្ច​ជំនាញ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ​ដើម្បី​បន្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu