កីឡាករ Maya Yoshida របស់ក្លិប Southampton និងកីឡាករ Takumi Minamino របស់ក្លិប Salzburgត្រូវបានគេបញ្ចូលទៅក្នុងក្រុមជម្រើសជាតិជប៉ុនដែលគេមើលឃើញអវត្តមានរបស់កីឡាករ Shinji Okazaki និងកីឡាករ Shinji Kagawa នៅការប្រកួត Asian Cup នាខែក្រោយ។
ការប្រកួតដែលនឹងចាប់ពីថ្ងៃទី៥ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ នៅអារ៉ាប់រួម នឹងក្លាយជាការប្រកួត Asian Cup លើកដំបូងរបស់ក្រុមជម្រើសជាតិជប៉ុន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Hajime Moriyasu ដែលមានប្រវត្តិឈ្នះការប្រកួត៤លើក និងស្មើ១លើក ចាប់តាំងពីលោកបានបន្តវេនពីលោក Akira Nishino ក្រោយការប្រកួត World Cup នៅប្រទេសរុស្ស៊ី។
លោក Moriyasu បាននិយាយថា ពេលចុងក្រោយបង្អស់ យើងមិនអាចឈ្នះជើងឯកមួយនេះ តែសម្រាប់ Asian Cup លើកនេះ លោកសង្ឃឹមថា នឹងអាចឈ្នះវា ហើយនាំវាមកកាន់ប្រទេសជប៉ុន។ យើងសង្ឃឹមថា នឹងអាចបញ្ចប់គោលដៅក្នុងចិត្តរបស់ពួកយើង។
ដោយឡែក ខ្សែប្រយុទ្ធ Okazaki របស់ក្លិប Leicester City និងកីឡាករ Kagawa របស់ក្លិប Borussia Dortmund ពួកគេទាំង២នាក់ ត្រូវបានលុបឈ្មោះចោលដូចគ្នា នៅការប្រកាសឲ្យដឹងកាលពីថ្ងៃពុធ។
លោក Moriyasu បន្តថា លោកចង់ទុកឱកាសមួយនេះ ដល់កីឡាករវ័យក្មេងវិញម្តង ដែលមានបទពិសោធន៍ច្រើននៅការប្រកួតជម្រើសជាតិ ពោលគឺលោកសុំមើលរំលងកីឡាករជើងចាស់ ដែលបានលេងនៅ World Cup ក្នុងឆ្នាំនេះ នៅប្រទេសរុស្ស៊ី៕
Source: Kampuchea Thmey Daily
0 Comments