ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទបន្ថែមលើមុខងារបច្ចុប្បន្ន នេះបើយោងតាមព្រះរាជក្រឹត្យ ដែលការិយាល័យយើងទទួលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
ព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា តែងតាំងមុខងារនាយទាហាននៃកងយោធពលខេមរភូមិន្ទដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានចេញសេចក្តីសម្រេចបែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទផងដែរ ដែលក្នុងនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារដឹកនាំ បញ្ជា និងគ្រប់គ្រងកងទ័ពជើងគោក។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានក្រសួងការពារជាតិ ប្រគល់ភារកិច្ចជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្តីទី ក្រោយពីនាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ហើយការដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឡើងពីមេបញ្ជាការរងកងទ័ពជើងគោក ទៅជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី គឺក្រោយពីនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក បានទៅឈរជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលព្រះវិហារ៕
Source: Kampuchea Thmey Daily
0 Comments