ភ្នំពេញ ៖ ដោយមានការអន្តរាគមន៍ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ពលរដ្ឋខ្មែរ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តនគររាជសីម៉ាចំនួន៥៨ នាក់ក្នុងចំណោម៩២ នាក់ ពីបទចូលទៅកាប់ឈើខុសច្បាប់ក្នុងព្រៃឧទ្យានជាតិ ខេត្តនគររាជសីម៉ា ប្រទេសថៃ ត្រូវបានអាជ្ញាធរថៃដោះលែងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ តាមច្រកឆុងចម-អូស្មាច់ ដោយគ្រាន់តែបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន៤២៥០ បាត។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់កម្ពុជាថ្មីកាលពីវេលាម៉ោង៥ និង៤៥ នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ មុននេះថា ក្រោយពីបានដោះលែង ពលរដ្ឋខ្មែរខាងលើបាននិយាយថា មេខ្យល់បានបោកប្រាស់ពួកគាត់អោយចូលទៅធ្វើការក្នុងទឹកដីថៃ ដោយប្រាប់ថា ជាការងារស្របច្បាប់ត្រឹមត្រូវអាចទទួលកំរៃ១០០០ បាតក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា កន្លងមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាយ៉ាងស្វិតស្វាញជាមួយអាជ្ញាធរថៃ អោយជៀសវាងការបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា ដែលចូលទៅកាប់ឈើក្នុងទឹកដីថៃ ហើយក្រោយមកថៃក៏បានអនុវត្តន៍តាមកិច្ចព្រមព្រៀង ហើយបានចាប់ពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរណា ដែលបានឆ្លងចូលដីថៃ៕
ថៃដោះលែងពលរដ្ឋខ្មែរចំនួន៥៨នាក់ដែលបានជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តនគររាជសីម៉ា
0 Comments