ឈានដល់ថ្ងៃទីពីរហើយនៃអំពើហិង្សាទៅលើទីកន្លែងពិសិដ្ឋ ដែលងាយរសើបបំផុតនៃក្រុងហ្សេរុយសាឡឹម ដែលនាំឲ្យមានការព្រមានមួយយ៉ាងកម្រ កើតមានកាលពីថ្ងៃចន្ទ ពីព្រះចៅនៃប្រទេសហ្សកដានី ដែលជាអ្នកអភិរក្សទីតាំងបុរាណដ្ឋានទាំងឡាយពេលដែលបុរសអ៊ីស្រាអែលម្នាក់បានស្លាប់ ហើយមនុស្សមួយចំនួនទៀតរងរបួស បន្ទាប់ពីមានការវាយប្រហារចោលនឹងដុំថ្មពីសំណាក់ជនប៉ាឡេស្ទីន។
ទីកន្លែងពិសិដ្ឋ ជារឿយៗជាចំណុចនៃការឆេះឆាបឡើង ហើយគឺជាបេះដូងនៃជម្លោះអីុស្រាអែល-ប៉ាឡេស្ទីន។
ហ្សកដានី ដែលមានចុះសន្ធិសញ្ញាសន្ដិភាពជាមួយអីុស្រាអែលនោះ បានរួមកិច្ចការអភិបាលទៅលើសាសនាមូស្លីម នៅឯទីកន្លែងពិសិដ្ឋនោះរួមគ្នាទាំងជនជាតិជ្វីហ្វ និងមូស្លីម។ ទីតាំងនោះត្រូវបានគេស្គាល់ចំពោះជនជាតិជ្វីហ្វថា ជាព្រះវិហារ Temple Mount។ រីឯជនមូស្លីមវិញ គោរពទីកន្លែងនោះយ៉ាងជ្រាលជ្រៅដោយទុកដូចជាទីសក្ការៈ Noble Sanctuary ដែលគឺទីនោះហើយជនមូស្លីមជឿជាក់ថា សាវ័ក Prophet Muhammad លោកបានឡើងទៅកាន់សួគ៌ាលៃនោះ។
កាលពីព្រឹកព្រលឹមថ្ងៃចន្ទ ប៉ូលិសអីុស្រាអែល និងអ្នកគប់ដុំថ្មជាជនប៉ាឡេស្ទីន បានប៉ះទង្គិចគ្នាឈានចូលដល់ថ្ងៃទីពីរហើយនៅទីកន្លែងពិសិដ្ឋនោះ។
នាយកនៃព្រះវិហារ Al-Aqsa Mosque លោក Omar Kiswani បាននិយាយថា មានមនុស្សដល់ទៅរាប់សិបនាក់ស្ថិតនៅឯព្រះវិហារអស់ពេលពេញមួយរាត្រី។ លោកបាននិយាយថា ប៉ូលិសបានសន្ធាប់សម្រុកចូលមកកាន់ទីនោះ នៅពេលព្រឹកព្រលឹមថ្ងៃចន្ទ ដោយធ្វើការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគប់គ្រាប់បែកផ្សែង រួមទាំងធ្វើការចាប់ខ្លួនមនុស្សមួយចំនួន។
បុរសអ៊ីស្រាអែលម្នាក់អាយុ៦៤ឆ្នាំ ឈ្មោះ Alexander Levlovitz បានស្លាប់ ហើយអ្នកដំណើរពីរនាក់ទៀតរងរបួស បន្ទាប់ពីអ្នកវាយប្រហារបានគប់ដុំថ្មទៅលើរថយន្ដរបស់គេនៅហ្សេរុយសាឡឹម។
សូម្បីតែស្ដ្រីវ័យក្មេងអីុស្រាអែលម្នាក់ឈ្មោះ Bosmat Haberfeld ក៏បាននិយាយដែរថា នាងកំពុងតែបើករថយន្ដនៅលើដងវិថីតែមួយនោះពេលដែលរថយន្ដរបស់នាងក៏រងការវាយប្រហារមកលើផងដែរ។
នៅក្នុងប្រទេសហ្សកដានីវិញ ព្រះចៅ Abdullah II ទ្រង់បានព្រមានប្រទេសអីុស្រាអែលដោយមានបន្ទូលថា រាជាណាចក្រទាំងមូលរងក្ដីកង្វល់ ហើយកើតទោមនស្សជាមួយនឹងការកើតមានស្ថានភាពតានតឹងនៅហ្សេរុយសាឡឹមកាលពីពេលថ្មីៗកន្លងទៅនេះ ពិសេសទៅលើព្រះវិហារ Al-Aqsa Mosque។ ទ្រង់បានចេញសេចក្ដីថ្លែងការណ៍មួយឆ្ពោះទៅនឹងជំនួបមួយជាមួយនឹងការធ្វើទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស លោក David Cameron៕
AP
ព្រះចៅនៃប្រទេសហ្សកដានីព្រមានអ៊ីស្រាអែលចំពោះអំពើហិង្សានៅទីពិសិដ្ឋហ្សេរុយសាឡឹម
0 Comments