សាកសពជាង១០០នាក់ ត្រូវបានគេរកឃើញនៅក្នុងទន្លេ Gangesនៅក្នុងរដ្ឋអ៊ុតត្រា ប្រាដេស នៃប្រទេសឥណ្ឌា ភាគខាងជើង ដោយជំរុញឲ្យពួកអាជ្ញាធរសម្រេចធ្វើការស៊ើបអង្កេតមួយ។
សេចក្ដីរាយការណ៍នានានិយាយថា សាកសពទាំងនោះគឺជាមនុស្សដែលត្រូវបានយកទៅទម្លាក់ចោលនៅក្នុងទន្លេនោះឬកប់នៅមាត់ទន្លេ ក្រោយពីក្រុមគ្រួសាររបស់គេមិនអាចមានលទ្ធភាពធ្វើការបូជាសពឲ្យបានត្រឹមត្រូវនោះ។
ប្រជាជនឥណ្ឌាជាច្រើនចាត់ទុកទន្លេ Ganges ជាកន្លែងពិសិដ្ឋ និងប្រើច្រាំងទន្លេនោះ ដើម្បីបូជាសព។ ទន្លេដែលមានចម្ងាយ២.៥០០គីឡូម៉ែត្រ ត្រូវបានគេធ្វើឲ្យកខ្វក់ដោយសារកាកសំណល់ឧស្សាហកម្ម ថ្នាំសម្លាប់សត្វល្អិត របស់ចំការ និងលូទឹកសំអុយ។
នាយករដ្ឋឥណ្ឌាលោក ណារ៉េដ្រាមូឌី(Narendra Modi) បានប្ដេជ្ញាថានឹងបោសសំអាតទន្លេនោះ ក្រោយពីជ័យជំនះបោះឆ្នោតរបស់លោកកាលពីខែមុន។
សាកសពទាំងនោះ ត្រូវបានគេប្រទះឃើញដំបូងកំពុងអណ្ដែតនៅជិតមាត់ទន្លេនេះ នៅថ្ងៃព្រហស្បតិ៍ នៅក្នុងសង្កាត់អ៊ុនណាវរបស់រដ្ឋអ៊ុតតាប្រាដេស៕
រឹទ្ធ
0 Comments