កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រះមហាក្សត្របានអំពាវនាវតាមព្រះរាជសារឲ្យប្រជារាស្ត្រទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយអ្នកដែលអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺប្រឆាំងនឹងព្រះមហាក្សត្រ ។ដូច្នេះអ្នកដែលហ៊ានបំពានព្រះមហាក្សត្រ បែបនេះច្បាស់ណាស់ថា ថ្ងៃណាមួយ គេនឹងបំផ្លាញរបបរាជនិយម អាស្រ័យរដ្ឋធម្មនុញ្ញនិងផ្តួលរំលំរាជបល្ល័ង្កតែម្តង។
សម្តេចបានលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង ២ ម៉ឺននាក់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ ។ សម្តេចតេជោបានថ្លែងថា ម្សិលមិញនេះ ព្រះករុណាព្រះមហាក្សត្រជាទីសម្ការៈរបស់យើងបានចេញព្រះរាជសារអំពាវនាចំពោះប្រជារាស្ត្រ កូនចៅរបស់ព្រះអង្គ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ បណ្តាគណបក្សទាំង ២០ ក៏បានអំពាវនាវឲ្យសមាជិករបស់ខ្លួនទៅបោះឆ្នោត។ សម្តេចតេជោបន្តថា ឥឡូវខ្ញុំរង់ចាំមើលនូវរបស់ដែល ហៅថា "ដេកផ្ទះ ឈ្នះឯង" ដោយសម្តេចលើកឡើងថា វាមិនដែល ម៉ែអាណា "ដេកផ្ទះ ឈ្នះឯងនោះទេ" សូម្បីតែរស់នៅសព្វថ្ងៃ បើមិនទៅរកស៊ី តើបានអីស៊ី។ គេសំដៅលើសិទ្ធិពលរដ្ឋដោយអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
សម្តេចតេជោបានបន្តទៅតថា ខ្ញុំកំពុងរង់ចាំមើលថា តើគេប្រឆាំងនឹងព្រះមហាក្សត្រដែរអី ? ការប្រឆាំងជាមួយរាជរដ្ឋាភិបាល ហ៊ុន សែន ជារឿងមួយ ការប្រឆាំងនឹងបក្សនយោបាយផ្សេងៗ ដោយប្រមាថថា ជាបក្សអាប បក្សអំពិលអំពែក បក្សទប់ជើងគ្រែ បក្សរណប...វាជារឿងមួយ។ ឥឡូវនេះ តើគេហ៊ានចេញមុខប្រឆាំងជាមួយព្រះរាជសារព្រះមហាក្សត្រដែរឬទេ? បើគេហ៊ានចេញមុខប្រឆាំង វាជាទោសពានវាំងតែម្តង។ ទង្វើបែបនេះ ច្បាស់ណាស់ថាថ្ងៃណាមួយ គេនឹងបំផ្លាញរបបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ផ្តួលរំលំរាជបាល័ង្លតែម្តង។ សុំប្រជាពលរដ្ឋនៅទូទាំងប្រទេសយកចិត្តទុកដាក់លើបញ្ហានេះ ព្រះមហាក្សត្រអំពាវនាវតាមព្រះរាជសារឲ្យប្រជារាស្ត្រទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ដូចនេះ បើគេអំពាវនាវឲ្យប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺច្បាស់ណាស់ថា គេប្រឆាំងព្រះមហាក្សត្រតែម្តង មិនមែនប្រឆាំងរដ្ឋាភិបាល ហ៊ុន សែន ទេ មិនមែនប្រឆាំងបក្សនយោបាយទាំង ២០ នោះទេ គឺប្រឆាំងស្តេចផែនដីតែម្តង ។
សម្តេចតេជោបន្តថា បើអ្នកឯងហ៊ានបំពានលើព្រះមហាក្សត្រ ថ្ងៃក្រោយអ្នកឯងក៏ហ៊ានបំពានលើអ្វីទាំងអស់ សង្គ្រាមអ្នកឯងហ៊ានបង្កើត រឿងអីអ្នកឯងមិនហ៊ានផ្តួលរំលំរាជបល្ល័ង្កនោះ ។ ចំណុចទាំងនេះ ត្រូវចងចាំទុកថា បើពួកនេះជោគជ័យពួកនេះ នឹងបង្កើតនូវសង្គ្រាមពិតប្រាកដ ក៏ប៉ុន្តែសង្គ្រាមបានរសាត់ទៅឆ្ងាយហើយៗ អាមេរោគបង្កើតសង្គ្រាមវាបានរលាយទៅបាត់ហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកជាសំណួរថា ព្រះមហាក្សត្រចេញព្រះរាជាសារតើព្រះមហាក្សត្រជាអាយ៉ងរបស់ ហ៊ុន សែន ទេ? អ្នកឯងឆ្លើយឲ្យច្បាស់មក បើអ្នកឯងប្រឆាំងមានន័យថា អ្នកឯងប្រឆាំងស្តេចផែនដី។ ដំណើររឿងរបស់អ្នកឯងនឹងត្រូវប្រជាជនវែកមុខនៅក្នុងកាលៈទេសៈនេះហើយ ។ មុននេះក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំប្រើសិទ្ធិអំពាវនាវប្រជាជនឲ្យទៅបោះឆ្នោត ហើយក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជន ខ្ញុំអំពាវនាវឲ្យសមាជិកបក្ស និង ប្រជាជនទៅបោះឆ្នោត ។ ចំណែកគណបក្ស ១៩ ទៀត ក៏បានអំពាវនាវឲ្យសមាជិកនិងប្រជាជនទៅបោះឆ្នោត អ្នកឯងអាចចោទប្រកាន់ថា បក្សនីមួយៗសុទ្ធតែចង់ទទួលបានការគាំទ្រ ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការពន្យល់ថា ព្រះមហាក្សត្រ ព្រះអង្គគង់នៅជាអាព្យាក្រឹត្យលើបណ្តាបក្សនយោបាយទាំងអស់ ព្រះអង្គមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាទេ ។ ព្រះអង្គអំពាវនាវឲ្យប្រជារាស្ត្ររបស់ព្រះដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោត ដើម្បីបញ្ចេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ។ បើសិនអ្នកឯងចេញមុខប្រឆាំង ច្បាស់ណាស់ថា អ្នកឯងមិនមែនប្រឆាំង ហ៊ុន សែន និង គណបក្ស ១៩ នោះទេ គឺអ្នកឯងប្រឆាំងស្តេចផែនដីតែម្តង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ញើសារនេះទៅកាន់ប្រជាពលរដ្ឋឲ្យធ្វើការវិនិច្ឆ័យទៅលើចំណុចនេះថា ប្រសិនជាគេធ្វើរឿងនេះមែន បើសិនគេមានវត្តមាន តើសង្គ្រាមកើតឬមិនកើត? គឺច្បាស់ជាកើត ហើយបើគេប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្របែបនេះ មុននេះគេធ្លាប់ប្រមាថព្រះមហាក្សត្រម្តងរួចមកហើយនៅពេលព្រះមហាក្សត្រកោះប្រជុំសភា គេមិនបានចូលរួមប្រជុំសភាទេ គេទៅស្បថនៅអង្គរវត្ត ។សម្តេចបានបន្តថា ចាំមើលលើកនេះ តើគេហ៊ានប្រមាថចំពោះព្រះមហាក្សត្រទេ គេហ៊ានប្រឆាំងជាមួយព្រះរាជសាររបស់ព្រះមហាក្សត្រទេ យើងនឹងរង់ចាំមើល ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ពុំបានបញ្ចេញឈ្មោះអ្នកដែលអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោតនោះទេ ។ ក៏ប៉ុន្តែគេដឹងថា អ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត និង ប្រើពាក្យ ដេកផ្ទះ ឈ្នះឯង នេះគឺអតីតមេបក្សប្រឆាំង សម រង្ស៊ី ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេសជាអ្នកធ្វើការអំពាវនាវចំពោះពលរដ្ឋ។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ចំណុចនេះយើងសង្ឃឹមទៅលើសន្តិភាពដែលត្រូវមានជាបន្តសម្រាប់ប្រទេសរបស់យើង ។ ក៏ប៉ុន្តែយើងមិនត្រឹមត្រូវការសន្តិភាពមួយមុខនោះទេ យើងត្រូវការអភិវឌ្ឍ ត្រូវការដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស គឺការបោះឆ្នោតនៅថ្ងៃទី២៩ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ ៕
Source: Kampuchea Thmey Daily
0 Comments