Ad Code

ឃាត់​ខ្លួន​ប៉ូលិស​សក្ដិ​៤​កន្លះ​ខេត្ត​កណ្ដាល​ម្នាក់ ​បន្ទាប់ពី​បាញ់​គំរាម​ប៉ូលិស​ជាប់កិច្ចសន្យា​ក្រុងភ្នំពេញ



ភ្នំពេញ ​៖​ ប៉ូលិស​សក្ដិ​៤ កន្លះ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា ​ធ្វើការ​ឃាត់ខ្លួន ​បន្ទាប់ពី​ជនសង្ស័យ ​បាន​ធ្វើ​ការ​បាញ់​គំរាម​​ម្ចាស់ផ្ទះ​ដែល​ផ្ដើម​ចេញ​ពី​ឈ្លោះ​គ្នា​បន្តិចបន្តួច។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 1 និង 30 នាទី​ថ្ងៃរសៀល​ថ្ងៃទី9 ខែមេសា ​ឆ្នាំ 2019 នៅ​ចំណុច​ផ្លូវលំ​ភូមិ 3 សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ។​

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​យន់​ផល្លី ​ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​ ជា​ម​ន្ត្រី​ប៉ូលិស​សក្ដិ​4 កន្លះ​នៃ​ការិយាល័យ​បណ្ដុះបណ្ដាល ខេត្តកណ្ដាល មាន​ទីលំនៅ ភូមិ​ព្រែក​សំរោង​ សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្ដាល ចំណែក​ជនរងគ្រោះ​ឈ្មោះ​ឈួ​ង​ គឹម​ស៊ា ​ភេទ​ប្រុស ​អាយុ​33 ឆ្នាំ ​ជា​ប៉ូលិស​ផ្នែក​ចរាចរណ៍​ជាប់កិច្ចសន្យា​ក្រុងភ្នំពេញ មាន​ទីលំនៅ​ទីតាំង​កើតហេតុ​ខាងលើ។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​ជនបង្ក​ បានមក​បើកឡាន​តា​កូ​ម៉ា​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​នគរបាល ២-4881​ដឹក​អីវ៉ាន់​ធ្វើ​ផ្ទះ​នៅ​ម្ដុំ​កន្លែងកើតហេតុ​ ប៉ុន្តែ​ខណៈ​បើកបរ​ឡាន​មិន​ប្រយ័ត្ន​ក៏​ឡើង​ខឿន​ដំណាំ​បន្លែ​របស់​ជនរងគ្រោះ​។ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ទៅ​គោះ​ឡាន​ដើម្បី​ប្រាប់ ហើយ​ជនសង្ស័យ​ក៏​ចុះ​ពី​ឡាន ឈ្លោះ​គ្នា ប្រតាយប្រតប់​គ្នា​បន្ទាប់មក ជនបង្ក​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក ពី​ចង្កេះ​បាញ់​ឡើងលើ​មួយ​គ្រាប់​ដើម្បី​គំរាម​ជនរងគ្រោះ។

ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​ភ្លាម ​ជនរងគ្រោះ​ក៏បាន​តេ​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនបង្ក​ភ្លាម​ភ្លាម​យកទៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​ផងដែរ។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​អធិការ​ខណ្ឌ​ជ្រោយចង្វា​រលោក សៀម​សុ​ត្ថ​វុ​ធ និង​លោក​ឯក​សេរី​វុ​ធ អធិការរង​ខណ្ឌ​ហាក់​លាក់លៀម​ព័ត៌មាន ​មិន​ទម្លាយ​ការពិត​ឱ្យដឹង​ឡើយ ​បើ​ទោះ​អ្នកយកព័ត៌មាន​សួរ​យ៉ាងណា​ក៏​មិន​ប្រាប់​ដែរ។​

បច្ចុប្បន្ន​ជនបង្ក​និង​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​កំពុងតែធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu