Ad Code

អាជ្ញាធរ​ក្រុងភ្នំពេញ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ក្រោម ប្រធានបទ​ភាពជា​ដៃគូ ប្រកបដោយ​ការទទួលខុសត្រូវ​



​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៩​មេសា​នេះ បាន​រៀបចំ​វេទិកា​ពិគ្រោះ យោបល់​ជាមួយ​សមាគម​អង្គការក្រៅរដ្ឋាភិបាល ​និង ​សមាគម​នានា​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ ភាពជា​ដៃគូ ប្រកបដោយ​ការទទួលខុសត្រូវ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ដោយមាន​ការចូលរួម​ពី​តំណាង​សហគមន៍​,​សមាគម​,​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​១.១០០​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចូលរួម​។



លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា សមិទ្ធផល​ដ៏​ថ្លៃថ្លា និង​ភាព​រីកចម្រើន​នៃ​ប្រទេសជាតិ​ដូច​ពេល​បច្ចុប្បន្ន​នេះ គឺ​ពិតជា​មិនអាច​កាត់​ផ្តាច់​ចេញពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ការចូលរួម​គាំទ្រ​ពី​គ្រប់ភាគី​ពាក់​ព័ន្ធ ក្នុង​នោះ​ក៏​មាន​ចំណែក​របស់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ​ន៍​និង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការផ្តល់ និង​គាំទ្រ​ដល់​សេវា​សង្គម​នៅ​តាម​មូលដ្ឋាន​ជនបទ សហគមន៍​ក្រីក្រ តំបន់​មិន​រៀបរយ និង​ការ​បំពេញបន្ថែម​នូវ​ភាព​ខ្វះ​ចន្លោះ​នៃ​ការផ្តល់​សេវាសាធារណៈរ​បស់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជំរុញ​កំណើន សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​ន៍​រវាង​ទីក្រុង និង​ជនបទ​។ លោក​ឃួ​ង ស្រេង បាន​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​បានចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​អភិវឌ្ឍ​ន៍​ដ៏​ចាំបាច់​ជាមួយ​អាជ្ញាធរ​។



លោក​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​កន្លងទៅ សមាគម​.​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដែល​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​៥.៥២៣​អង្គភាព និង​មាន​NGO​ដែល​បាន​ចុះ​អនុស្សរណៈ​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មាន​ចំនួន​៤១៩​អង្គភាព​,​អង្គការ សមាគម​ដែល​មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​៧២៩​អង្គ ភាព​កំពុង​ប្រតិបត្តិការ​សកម្មភាព​របស់​ខ្លួន​ដោយ​រលូន​ស្របច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការ​ហាមឃាត់ ឬ​ការរារាំង​ណាមួយ​ឡើយ​។



តំណាង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​បាន​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ និង​សំណូមពរ​ជាច្រើន​របស់​សមាគម​.​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​ផ្លូវច្បាប់​,​ការ​ផ្តល់​កិច្ចសហការ​.​ការ​ទម្លាក់​ចោល​ការរើសអើង ការ​លាប​ពណ៌​ណាមួយ​។​ អាជ្ញាធរ​តែង​ចង់បាន​ឲ្យិ​មាន សុខសន្តិភាព ស្ថេរភាព​និង​របៀបរៀបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​តែប៉ុណ្ណោះ​ហើយក៏​មិន​មាន​ការរើសអើង​ចំពោះ​អង្គការ សមាគម​ណាមួយ​នោះឡើយ​។



ក្នុង​ពេល​បញ្ចប់​កម្មវិធី លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើក​សំណើរ​ឲ្យ​មាន​សមាគម អង្គការ​សង្គម​ស៊ីវិល​ចូលរួម​រាល់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ថ្នាក់ ខណ្ឌ និង​ថ្នាក់​រាជធានី​ប្រចាំខែ​ព្រមទាំង​មាន​មតិ​យោបល់​តាម​របៀបវារៈ​ដែល​បាន​គ្រោងទុក​លើកលែងតែ​ផ្តល់​សេចក្តី​សម្រេច​នានា​ក្នុង​គោលបំណង​បង្កើន​ការ យោគយល់​គ្នា​រវាង​អាជ្ញាធរ និង​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម សកម្មភាព​សង្គម​ដើម្បី​ការអភិវឌ្ឍ​ន៍៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu