ភ្នំពេញ ៖ អគារវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងក្នុងបរិវេណសាកល វិទ្យាល័យភូមិន្ទភ្នំពេញ លេចចេញជារូបរាងហើយ និងបានសម្ពោធដាក់ឲ្យដំណើrការ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតយ៉ាងច្រើន ។
អគារទាំង២នេះ ត្រូវបានរៀបចំ និងកសាងឡើង ក្នុងបរិការណ៍មួយ ដែលកម្ពុជា បាននិង កំពុងតែគ្របដណ្តប់ដោយសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និង នីតិរដ្ឋកាន់តែរឹងមាំ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដែលផ្តល់ភាពអនុគ្រោះ ទ្រទ្រង់ដល់កំណើន ក៏ដូចជាទ្រទ្រង់ដល់ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងផ្តោតអាទិភាពលើការលើកកម្ពស់វិស័យអប់រំ និង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការអភិវឌ្ឍសហគ្រិន និងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដូចមានចែងក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។
អគារវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រើប្រាស់ថវិកាទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា មានទំហំ៦,៧២០ ម៉ែត្រក្រឡា កម្ពស់០៨ជាន់ រួមទាំងជាន់ផ្ទាល់ដី ហើយនឹងត្រូវប្រើប្រាស់ជារួមសម្រាប់មហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យវិស្វកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសតាមរយៈការបន្តពង្រឹងគុណភាពវិស័យអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ វត្តមានអគារវិទ្យាសាស្ត្រថ្មីនេះ បានបង្ហាញយ៉ាងច្បាស់ថា អនាគតនៃការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កំពុងចាប់ផ្តើមលេចចេញជារូបរាងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងជាមួយនឹងបេសកកម្មបង្កើត និងបណ្តុះធុរកិច្ចថ្មី ឲ្យលូតលាស់ ក្លាយជាអាជីវកម្មជោគជ័យ តាមរយៈការអនុវត្តគោលការណ៍នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីជឿនលឿន ក្រោមកម្មវិធីគាំទ្រច្បាស់លាស់ ដូចជា ១. កម្មវិធីកម្មសិក្សា (Internship Program) ២. កម្មវិធី វប្បកម្ម (Cultivation Program) ៣. កម្មវិធីនវានុវត្តន៍ (Innovation Program) ៤. កម្មវិធីបំប៉ន ឬជំរុញសម្ទុះ (Accelerator Program), និង៥. កម្មវិធីវិនិយោគ (Investment Program) ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រិន និងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ រួមទាំងវិស័យសេដ្ឋកិច្ចឌីជីថលផង ។ មជ្ឈមណ្ឌល នឹងបន្តពង្រីកវិសាលភាពសកម្មភាពការងាររបស់ខ្លួន និងធ្វើកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលដទៃទៀតផងដែរ ដើម្បីផ្តល់ឱកាសដល់គ្រប់និស្សិត ឲ្យទទួលបាននូវសេវា និងធនធានរបស់មជ្ឈមណ្ឌល។
អគារទាំង២នេះ នឹងបម្រើឲ្យគោលនយោបាយអាទិភាពតែមួយ របស់រាជរដ្ឋាភិបាល និងមានភារកិច្ចបំពេញឲ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង ក្លាយជាកន្លែងផ្តល់ឱកាសដល់និស្សិតសម្រាប់ធ្វើកម្មសិក្សា កន្លែងសម្រាប់ធ្វើការ និងស្រាវជ្រាវ កន្លែងផ្តល់ការប្រឹក្សាយោបល់ទាំងបច្ចេកទេស និងការគ្រប់គ្រងធុរកិច្ច និងជាកន្លែងផ្សារភ្ជាប់សាកលវិទ្យាល័យ ទៅនឹងទីផ្សារការងារ និងជាមួយវិស័យឯកជន។ ជាការបំពេញឲ្យគ្នាទៅវិញទៅមក និស្សិតដែលនឹងសិក្សាក្នុងអគារវិទ្យាសាស្ត្រ ក៏នឹងក្លាយជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់មជ្ឈមណ្ឌលផងដែរ ៕
Source: Kampuchea Thmey Daily
0 Comments