សៀមរាប ៖ ស្ត្រីចំណាស់ពីរនាក់ បានដើរទៅរកអុស ក្នុងព្រៃក្បែរផ្ទះlលឺសំឡេងក្មេងយំ ហើយដើររកមើល ក៏ប្រទះឃើញ ទារិកាម្នាក់ ត្រូវបានគេរុំនឹងសំពត់យកមកប្លុងចោលក្នុងព្រៃ។ គ្រានោះពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ទារិកាដ៏កំសត់នេះ ត្រូវបានម្តាយយកបោះបង់ចោល ប្រហែលពីរថ្ងៃហើយ ត្រូវសត្វស្រមោច រោមខាំផងដែរ តែសំណាងល្អ ដែលមានប្រជាពលរដ្ឋយើងប្រទះឃើញហើយ យកទៅសង្គ្រោះទាន់ពេលវេលា។
គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សុខភាព ទារិកាដ៏កំសត់នេះ បានធូរស្បើយខ្លះៗហើយ ក្រោមការយកចិត្តទុកដាក់ ពីលោកគ្រូអ្នកគ្រូពេទ្យកុមារអង្គរជាពិសេសអ៊ំស្រីម្នាក់ ដែលមានចិត្តសប្បុរសធម៌ បាននៅមើលថែទារិកាដ៏កំសត់នេះ នៅក្នុងមន្ទីរពេទ្យផងដែរ។
ដោយឡែកកាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរង ទទួលផែនប្រឆាំងការជួញដូរមនុស្ស និងគាំពារកុមារនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំង ធ្វើការស៊ើបអង្កេត រកមូលហេតុ និង អត្តសញ្ញាណ អាណាព្យាបាល របស់ទារិកា ដ៏កំសត់នេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments