ពានរង្វាន់លីគបាល់ទាត់ក្នុងសាលាឆ្នាំ២០១៨ (National Futsal League 2018) ក្រោមការរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបតែបញ្ចប់កម្មវិធីប្រកួតសប្ដាហ៍ទី១២ របស់ខ្លួនថ្មីៗនេះ ខណៈក្រុមទាំង៥គូបានបំប៉ោងសំណាញ់ទីគ្នាទៅវិញទៅមករហូតដល់៨៤គ្រាប់ ហើយក្នុងនោះកីឡាករម្នាក់របស់ក្រុមឱម៉ាល់អែហ្វស៊ី រកបាន១០គ្រាប់ម្នាក់ឯងក្នុង១ប្រកួត។
កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងសប្តាហ៍ទី១២នេះឈ្មោះ កៀ លីហៀង រកបាន១០គ្រាប់ម្នាក់ឯង ខណៈមិត្តរួមក្រុមឱម៉ាល់ ២នាក់ទៀតគឺកីឡាករ អ៊ា ឆាយហ៊្វុង រកបាន៧គ្រាប់ម្នាក់ ហើយកីឡាករ ខុត សាឌីណា របស់ក្រុមឆន្ទៈកីឡា និងកីឡាករ រស់ រតនៈ របស់ក្រុម Down Town Sport FC រកបានម្នាក់៤គ្រាប់។ ចំណែកកីឡាករ កែ កុសលរតនា របស់ក្រុមយុវជន៧មករា កីឡាករ តាំង យ៉ាខេង របស់ក្រុមឆន្ទៈកីឡា និងកីឡាករ សេដ្ឋ សច្ចបុត្រ របស់ក្រុមឆន្ទៈកីឡា រកបានម្នាក់៣គ្រាប់តាមពីក្រោយ។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នក្រោយប្រកួតបាន១២លើកម្នាក់មកឃើញថាក្រុម Down Town Sport FCឈរលេខ១ មាន២៩ពិន្ទុ តាមពីក្រោយដោយក្រុមឱម៉ាល់ ឈរលេខ២ មាន២៤ពិន្ទុ ក្រុមHome Sport ឈរលេខ៣ មាន២៤ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ៤ ស.ស.យ.ក កំចាយមារ តែខុសគ្រាប់បាល់ចំណេញ។ ក្រុមលេខ៥ អាណាចក្របៃតង មាន១៨ពិន្ទុ ហើយក្រុមលេខ៦ Fan Sport FT មាន១៥ពិន្ទុ។ លេខ៧ ក្រុម Panda FC មាន១៤ពិន្ទុ ហើយក្រុមយុវជន៧មករា ឈរលេខ៨ មាន១១ពិន្ទុ ក្រុមឆន្ទៈកីឡា ឈរលេខ៩ មាន១០ពិន្ទុ និងក្រុមB.A United លេខ១០ មាន៤ពិន្ទុ។
សម្រាប់ប្រកួតបន្ទាប់សប្ដាហ៍ទី១៣ នឹងធ្វើនៅចុងសប្ដាហ៍នេះដោយថ្ងៃសៅរ៍ ទី៩ ខែមិថុនា ក្រុម Home Sport FC ប៉ះក្រុមស.ស.យ.ក កំចាយមារ នៅវេលាម៉ោង២:៣០នាទី ខណៈក្រុម Down Town Sport ប៉ះ ក្រុមឆន្ទៈកីឡា នៅម៉ោង៤ល្ងាចនិងក្រុមអាណាចក្របៃតង ជួបក្រុម Panda FC នៅម៉ោង៥:៣០នាទីល្ងាច។ ចំណែកនៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា ក្រុម Fan Sport ប៉ះក្រុម B.A United នៅម៉ោង៤ល្ងាចនិងក្រុមឱម៉ាល់ ជួបក្រុមយុវជន៧មករា នៅវេលាម៉ោង៥:៣០នាទីល្ងាច។
ការប្រកួតលីគហ្វូតសាលជាលើកដំបូងនៅក្នុងស្រុកនេះធ្វើឡើងពីថ្ងៃទី០៣ ខែ មិនា រហូតដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈភាគច្រើនប្រកួតនៅថ្ងៃចុងសប្ដាហ៍ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគ តាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនឹងដណ្តើមបានជើងឯកតែម្តង។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១និងប្រាក់រង្វាន់២០លានរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments