Ad Code

កម្ពុជា​-​ថៃ ជំរុញ​ឲ្យ​បើក​ច្រក​អន្តរជាតិ​ឆ្លងកាត់​ព្រំដែន​ចំនួន​៣​បន្ថែមទៀត ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម



ភ្នំពេញ​ ៖ ការជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ថ្មី ដែល​ចូល​ជួប​សំដែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Panyarak Poolthup ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​លោក​បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​បទពិសោធន៍ និង​ការងារ​ការទូត​របស់​លោក Panyarak Poolthup ថា​នឹង​អាច​ជួយ​លើកកម្ពស់​ដល់​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិការ​រវាង​ប្រទេស​ទាំងពីរ​បន្ថែម។

ឡើង​នៅក្នុង​ឱកាស​ជំនួប​ពិភាក្សា​នោះដែរ លោក Panyarak Poolthup បាន​សំដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិការ​រវាង​ប្រទេស​ទាំងពីរ និង​បាន​បញ្ជាក់ថា នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​លើកស្ទួយ​នូវ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​។



តាម​លោក ជុំ សុន្ទរី នៅក្នុង​ជំនួប​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ក៏បាន​ពិភាក្សា​គ្នា​លើ​វិស័យ​ជាច្រើន​ទៀតផង​ដែរ ហើយ​ចំពោះ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ លោក​ឯកអគ្គរាជទូត បាន​លើក​ឡើង​អំពី​ជំនួប​ចំនួន​បួន​ដង នៅ​ឆ្នាំ​២០១៨ រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាមួយ​លោក ប្រា យុទ្ធ​ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ដែល​ក្នុងនោះ មាន​២​លើក នៅ​ប្រទេស​កម្ពុជា និង​ពីលើ​កទៀត​នៅ​ឯ​បរទេស ហើយ​ជំនួស​៤​លើក​នេះ បាន​សំដែង​ឲ្យ​ឃើញ​ពី​ភាព​ជិត​ស្និទ្ធ និង​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​។​ជំនួប​ទ្វេភាគី​នេះ ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​ការត្រៀម​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ប្រទេស​ថៃ នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កិច្ច​កំពូល​នៅ​ប្រទេស​ថៃ ហើយ​នៅ​ទីនោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ CLMV ផងដែរ​។

ចំពោះ​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក Panyarak Poolthup បាន​សម្តែង​នូវ​ក្តី​ពេញចិត្ត​ចំពោះ​ការកើនឡើង​យ៉ាង​ឆាប់​នូវ​បរិមាណ​នៃ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​នៅក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ​បាន​កើនឡើង​រហូត​ជាង​៦​ពាន់​លាន​ដុល្លារ ហើយ​ទាក់ទង​បញ្ហា​ពាណិជ្ជ​កម្មនេះ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​យោបល់​គ្នា ធ្វើយ៉ាងណា​អោយមាន​តុល្យភាព​រវាង​ប្រទេស​ទាំងពីរ​។



ដោយឡែក​លើ​កិច្ចសហការ​ផ្នែក​ទេសចរណ៍ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកើនឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​ថៃ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដែល​ក្នុង​ឆ្នាំ​២០១៧ បាន​កើនឡើង​រហូត​ជាង​៤០ ម៉ឺន​នាក់ ហើយ​លោក​ក៏​ចង់​ឲ្យ​មាន​កិច្ច​សហ​ប្រតិការ​បន្ថែម​ទៀត រវាង​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​បន្ថែម​លើ​ផ្នែក​ទេសចរណ៍​នេះ​។ លើ​បញ្ហា​ទេសចរណ៍​នេះដែរ លោក​ឯកអគ្គរាជទូត​បាន​សន្យា​ថា នឹង​ខិតខំ​ជំរុញ​មាន​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក​សំដៅ​លើកកម្ពស់​បន្ថែមទៀត​នូវ​កិច្ច​សហ​ប្រតិការ​ផ្នែក​ទេសចរណ៍​នេះ​។

ដោយឡែក​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ភាគី​ទាំងពីរ​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ពេញចិត្ត​ចំពោះ​គម្រោង​នៃ​ការ​ផ្សារភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំងពីរ​នា​ពេល​ឆាប់ៗ​ខាងមុខ ដែល​បាន​អះអាងថា គម្រោង​ផ្លូវ​រថភ្លើង​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការ​លើកស្ទួយ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏ដូចជា​សម្រួល​ដល់​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​។

ទាក់ទង​បញ្ហា​នេះ​ដែរ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​អំពី​ការជំរុញ​ឲ្យ​បើក​ច្រក​អន្តរជាតិ​ឆ្លងកាត់​ព្រំដែន​ចំនួន​៣​បន្ថែមទៀត ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​រួចហើយ ដែល​ច្រក​ទាំង​៣​នោះ មាន​ច្រក​អានសេះ ស្ថិតនៅ​ខេត្តព្រះវិហារ​, ច្រក​ថ្មដា នៅ​ខេត្តពោធិ៍សាត់ និង​ច្រក​ជប់​គគី ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្ដរ​មានជ័យ ដែល​ច្រក​ទាំង​៣​នេះ គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បានសម្រេច​រួច​ហើយ​នៅក្នុង​កិច្ចប្រជុំ​ចំរុះ​កាលពី​ឆ្នាំ​២០១៧​។

ដោយឡែក​ចំពោះ​បញ្ហា​វិស័យ​អប់រំ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្តល់​អាហារ​រូបករណ៍​របស់​ថៃ ដល់​និស្សិត​កម្ពុជា ដែល​មាន​១៦០៥ អាហារូបករណ៍ គិត​ត្រឹម​ឆ្នាំ​២០១៧ ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ការបង្កើត​នៅ​វិទ្យាស្ថាន​ការទូត​របស់​កម្ពុជា និង​មានបំណង​ផ្សារភ្ជាប់​រវាង​វិទ្យាស្ថាន​ការទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ការទូត​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​គំនិត​នេះ ក៏ត្រូវ​បាន​ទទួល​ការ​គាំ​ពី​លោក​ឯកទេស​រដ្ឋទូត​ថៃ​ផងដែរ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu