កីឡាករខ្សែការពារជនជាតិជប៉ុន Ryota Hayashi នៅក្នុងក្លិបទាត់ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2017) បានសម្រេចចិត្តត្រឡប់ទៅព្យាបាលជង្គង់នៅស្រុកកំណើតរយៈពេល១ខែ ក្រោយមានរបួសកាលពីពេលថ្មីៗ។
កីឡាករ Ryota Hayashi កើតនៅទីក្រុង Yokohama មានវ័យ២២ឆ្នាំ លេងក្នុងតួនាទីជាខ្សែការពារ ដោយធ្លាប់ប្រកបអាជីពជាមួយក្លិបដូចជា Jr. CHAMP SC មុនចេញទៅក្រុម Tokyo Champ និងបន្តទៅក្រុមHosei University Second Secondary School និងចុងក្រោយចូលរួមក្លិប Hosei University ជាក្លិបប្រកបអាជីពនៅលីគសាកលវិទ្យាល័យជប៉ុន មុនសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០១៨។
កីឡាកររូបនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនប្រាប់ដល់អ្នកគាំទ្រកាលពីពេលថ្មីៗថា «ខ្ញុំធ្វើដំណើរត្រឡប់ទៅប្រទេសជប៉ុន ដើម្បីព្យាបាលជង្គង់របស់ខ្ញុំរយៈពេល១ខែ។ ខ្ញុំនឹងធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជា វិញក្នុងពេលឆាប់ៗ»។ Ryota Hayashi ជាកីឡាករម្នាក់ក្នុងចំណោម៥នាក់របស់អង្គរថាយហ្គឺរ ដែលបានចុះបញ្ជីស្របតាមគោលការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី កំណត់ថា ក្លិបជាសមាជិកលីគរបស់ខ្លួនអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ ប៉ុន្តែក្នុងនោះត្រូវមានកីឡាករអាស៊ី ១រូប (រូបមន្ត ៤+១)។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
ដូច្នេះដំណើរទៅព្យាបាលរបួសនៅស្រុកកំណើតរបស់ខ្សែការពារRyota Hayashi នឹងមិនអាចជួយក្រុមពេលទទួលគូប្រជែងនៅក្នុងខេត្តសូលទីឡូអង្គរ នៅវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី៩ ខែមិថុនា ចុងសប្ដាហ៍នេះនោះទេ។ ឆ្លងកាត់ការប្រកួត៨លើកមកនេះអង្គរថាយហ្គឺរ ឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្រុមសមាជិកទាំង១២ បន្ទាប់ពីប្រកួតឈ្នះបាន៣លើក ស្មើគ្នា១លើក និងចាញ់៤លើកមាន១០ពិន្ទុក្នុងដៃ៕
Source: Kampuchea Thmey Daily
0 Comments