បន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរកាន់តែងាយស្រួល ក្នុងការចូលលេងកាស៊ីណូសលកំពុងតែរីកដូចផ្សិត រហូតដល់ជុំវិញរង្វង់មូលច្រកចូលអន្តរជាតិប៉ោយប៉ែត នាដើមឆ្នាំ២០១៥ ដែលពីមុនកាស៊ីណូមានតែនៅក្បែរព្រំដែនក្នុងតំបន់ច្រកទ្វា។
តាមព័ត៌មានពីក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដើមឡើយនៅប៉ោយប៉ែតមានតែកាស៊ីណូប្រមាណជា៨កន្លែង ដែលសុទ្ធតែស្ថិតនៅក្នុងបរិវេណច្រកទ្វាអន្តរជាតិប៉ោយប៉ែត ហើយកាស៊ីណូទាំងនោះសម្បូរទៅដោយភ្ញៀវបរទេសជាជនជាតិថៃ ដែលចូលមកលេងតាមច្រកអន្តរជាតិប៉ោយប៉ែត និងច្រករបៀងខុសច្បាប់។ ក្រៅពីភ្ញៀវបរទេសបច្ចុប្បន្ន គេសង្កេតឃើញពលរដ្ឋខ្មែរទៅក្នុងនោះក៏មានថ្នាក់មន្ត្រីរាជការជាប្រធានមន្ទីរស្ថាប័នមួយចំនួនពីទីរួមខេត្តបន្ទាយមានជ័យ និងអ្នកក្រុងប៉ោយប៉ែត និងអ្នកខេត្តដទៃទៀតដែលជាប់ និងខេត្តនេះ តែងនាំគ្នាចូលលេង មិនស្គាល់យប់ថ្ងៃ ក៏ព្រោះតែកាស៊ីណូទាំងនោះ បើកចំហដោយសេរី អោយពលរដ្ឋខ្មែរចូលលេង ដោយខ្លះចាញ់អស់លុយពីខ្លួន បង្កជាទំនាស់ក្នុងគ្រួសារ និងលក់ខ្ទេចខ្ទីនូវទ្រព្យសម្បត្តិ ដូចជា ដីធ្លី ផ្ទះ ឡាន ជាដើម ហើយថែមទាំងហ៊ានភូតភរកុហកឆរបោកដល់អ្នកដទៃទៀតផង។ ដោយសារតែមានកំណើនភ្ញៀវចូលលេងមិនថា ខ្មែរឬបរទេស ធ្វើអោយកំណើនកាស៊ីណូនៅក្រុងប៉ោយប៉ែតបានរីកដូចផ្សិតនៅក្នុងបរិវេណកាស៊ីណូចាស់ និងបន្តមកនៅខាងក្រៅនៃសងខាងផ្លូវជាតិលេខ៥ ត្រង់ចំនុចរង្វង់មូលមុខច្រកទ្វានាចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ដែលកាស៊ីណូថ្មីទាំងនេះសុទ្ធតែបានយកទីតាំងអតីតសណ្ឋាគារ មកប្រែក្លាយជាកាស៊ីណូ ដោយខ្លះអោយភ្ញៀវចូលលេងយ៉ាងចំហ និងខ្លះទៀតបង្កើតតាមរយៈការចាត់តាមប្រព័ន្ធអ៊ីនធឺណិត។ ជាមួយនិងការបង្កើតនូវកាស៊ីណូថ្មីលើទីតាំង អតីតសណ្ឋាគារនៅចំនុចរង្វង់មូលគេពុំដឹងថា តើកាស៊ីណូទាំងនោះមានច្បាប់អនុញ្ញាត ពីថ្នាក់ណាឡើយ។
ក្រៅពីមានកាស៊ីណូជាច្រើនបង្កើតថ្មីឲ្យពលរដ្ឋខ្មែរចូលលេងគេឃើញមាន ល្បែងស៊ីសងដូចជា អាប៉ោង យូគី ប្រជុលមាន់ ដែលមិនឋិតនៅក្នុងអាគារកាស៊ីណូតែជ្រកក្រោមឈ្មោះកាស៊ីណូ ហ្គោឌិនក្រោន បានបើកលេងយ៉ាគគ្រឹកគគ្រេងជារាងរាល់ថ្ងៃ ហើយល្បែងទាំងនេះសុទ្ធតែជាពលរដ្ឋខ្មែរ ចូលចាក់ និងភ្នាល់ ក្នុងដើមផាន់រាប់សិបម៉ឺនបាត ដែលមិនដែលឃើញសមត្ថកិច្ចណាហ៊ានចូលបង្ក្រាបឡើយ។
លោក ង៉ោ ម៉េង ជ្រួន អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកមិញនេះថាចំពោះកាស៊ីណូចំនួន២ដែលទើបបើកថ្មីនៅសងខាងរង្វង់មូលប៉ោយប៉ែតខាងអាជ្ញាធរក្រុងរបស់លោកបានទទួល( ស ជ ណ)ពីទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការឲ្យមានកាស៊ីណូទាំងពីរនេះហើយក្នុង
(ស ជ ណ)បានសរសេរយ៉ាងច្បាស់មិនឲ្យពលរដ្ឋខ្មែរចូលលេងទេរឿងខ្មែរចូលលេង បានលោកមិនដឹងទេ គឺជារឿងរបស់ប៉ូលិសពីក្រសួង ដែលប្រចាំការតាមកាស៊ីណូនីមួយៗពោលគឺលោកឲ្យទៅសមត្ថកិច្ចប៉ូលិសទៅ៕
0 Comments