Ad Code

ក្រុម​អន្តរាគមន៍​ពិសេស​ចុះ​ពង្រឹង​សន្តិសុខ ​និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​


បាត់ដំបង ៖ បច្ចុប្បន្ន​នៅក្នុង​ក្រុង​បាត់ដំបង​ ដោយសារតែ​សន្ទុះ​នៃ​ក្រុម​ក្មេង​ទំនើង​ពុំ​សូវ​មានការ​ថយ​ចុះ ទើប​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចេញ​ប្រតិបត្តិការ​ស្ទើរតែ​រាល់​រាត្រី​ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការទប់ស្កាត់​នូវ​រាល់​បទល្មើស​នានា​ដែល​ជា​បញ្ហា​បង្ក​នូវ​ផល​វិបាក​ដល់​សង្គមជាតិ និង​ធានា​ឲ្យ​បាន​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ផង​ដែរ។​

កន្លងមក​គេ​សង្កេត​ឃើញថា នៅក្នុង​ក្រុង​បាត់ដំបង​ទាំងមូល​គឺ​មាន​បញ្ហា​កើតឡើង​

ឥត​ឈប់​ឈរ​ដូចជា ការ​អុកឡុក​ បង្ក​របួស​ស្នាម​ដោយ​ក្រុម​ក្មេង​ទំនើង ការ​សេព​និង​ប្រើប្រាស់​

គ្រឿងញៀន ការ​បាញ់​បោះ​បែប​អនាធិបតេយ្យ​ដែល​បង្ក​នូវ​ភាព​វឹកវរ​រំខាន​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​ផង​ដែរ។​

បន្ទាប់ពី​បាន​សង្កេត​ឃើញ​នូវ​បញ្ហា​ទាំងនេះ​រួចមក ​ទើប​លោកស្នងការ​នគរ​បាល​ខេត្ត​

លោក​ ស ថេត បាន​ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ដល់​បណ្ដា​កងកម្លាំង​ទាំងអស់ ពិសេស​គឺ​កម្លាំង​

បង្ការ បង្ក្រាប និង​កម្លាំង​កង​អន្តរាគមន៍ ​ពិសេស​( ក្រុម​ខ្លាហោះ ) ត្រូវ​ចេញ​ប្រតិបត្តិការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ដើម្បី​ធ្វើការ​រឹត​បន្តឹង​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ការ​រក្សា​សុវត្ថិភាព ​និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ឲ្យ​បាន​ល្អ​ប្រសើរ។​

ពាក់ព័ន្ធ​នឹង​កិច្ចប្រតិបត្តិការ​នេះ​ដែរ​ នៅ​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៥ គេ​សង្កេត​ឃើញ​កម្លាំង​កង​អន្តរាគមន៍​ ពិសេស​ដែល​ដឹកនាំ​ដោយ លោក ទួត សំណាង ឋានៈ​ជា​នាយរង​ផ្នែក​និង​ជា​ប្រធាន​ក្រុម​ខ្លាហោះ​បាន​ចុះ​ពង្រឹង​សន្តិសុខ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង​ដោយ​បាន​ចល័ត​ទីតាំង​ជា​បន្តបន្ទាប់ ​ព្រមទាំង​បាន​ធ្វើការ​ត្រួតពិនិត្យ​គ្រប់យ៉ាង​ដូចជា​ អាវុធ​ជាតិ​ផ្ទុះ​ និង​សារធាតុ​ញៀន​ជាដើម ទៅលើ​យានយន្ត​ និង​ ទោចក្រយានយន្ត ក្នុង​គោលបំណង​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​បទល្មើស​ដែល​បម្រុង​នឹង​កើតឡើង ឬក៏​កំពុង​នឹង​កើត​ដោយ​សមត្ថកិច្ច​គ្រប់រូប​គឺ​ឈរ​លើ​ជំហរ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​បំពេញការងារ​នា​ពេល​រាត្រី។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ ពិសេស​គឺ​ប្អូនៗ​យុវវ័យ​ត្រូវ​គោរព​ច្បាប់​ចរាចរ​ដោយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​ជាប់​ជាប្រចាំ​នៅពេល​ធ្វើ​ចរាចរ​ មិន​ថា​យប់ ​ឬ​ថ្ងៃ​នោះ​ទេ។​

ព្រោះ​នេះ​ជា​វិធានការ​មួយ​ដើម្បី​ការពារ​នូវ​គ្រោះថ្នាក់​ណាមួយ​ដែល​អាច​កើតមានឡើង​ជាយ​ថា​ហេតុ។ ក្នុង​កិច្ចប្រតិបត្តិការ និង​កាយវិការ​ដ៏​ប្រពៃ​នេះ​ដែរ ប្រជាពលរដ្ឋ​ជាច្រើន​មានការ​សាទរ​យ៉ាង​ក្រៃលែង ព្រមទាំង​មាន​អារម្មណ៍​កក់ក្តៅ​មិន​មាន​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​

ក៏​ដូចជា​នៅ​តាម​ទី​សាធារណៈ​ផង​ដែរ៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu