Ad Code

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​យក​ទៅ​បញ្ចាំ​២៥០​ដុល្លារ



រតនគិរី​ ៖​ ជនសង្ស័យ​ម្នាក់ បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ឯ​ស្រុកកំណើត​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ការដ្ឋាន​ទី​៤ ក្នុង​ក្រុមហ៊ុន​ដូងប្រេង​ហ័ង​អា​ញ់​យ៉ា​ឡាយ​(​វៀតណាម​) ស្ថិតនៅ​ភូមិ​ស្រែ​ពក​ធំ ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ។​

​លោក​វរសេនីយ៍ត្រី ជា សារិត អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ តឿន ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មានស្រុក​កំ​ណើត​នៅ​ភូមិ​ច្រ​វ៉ា​ក់​ដែក ឃុំ​ឈូក ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រកឃើញ​កំពុង​លាក់ខ្លួន​នៅ​ស្រុកកំណើត កម្លាំង​នគរបាល​ស្រុក​កូន​មុំ​ក៏បាន​សហការ​​​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ឈូក ឲ្យ​ជួយ​រក​នីតិ​វិធី​លួងលោម​ឲ្យ​វិល​ត្រឡប់​មកផ្ទះ​វិញ​ នៅពេលនោះ ជនសង្ស័យ​ក៏​ព្រម​មក​តាម​ពាក្យ​លួងលោម​របស់​នគរបាល​ប៉ុស្តិ៍​ឃុំ​ឈូក​ដែរ។

លោក​ថា លុះ​មកដល់​ផ្លូវបំបែក​អូរ​ពងមាន់​ខេត្តស្ទឹងត្រែង បងប្អូន​ខាង​ជនរងគ្រោះ​(​ម្ចាស់​ម៉ូតូ​)​បាន​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះទៅ​ចាំ​ទទួល​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រហម ​តែ​ពេលនោះ​រថយន្ត​ដែល​ជនសង្ស័យ​បាន​ជិះ​នោះ​ដឹក​ភ្ញៀវ​ចូលទៅ​ក្រុមហ៊ុន​ដូងប្រេង​វៀតណាម។ បន្ទាប់ពី​បាន​ទៅដល់​ក្រុមហ៊ុន​នោះ ​ស្រាប់តែ​ជនសង្ស័យ​ដូច​ដឹងខ្លួន​ទាន់​ ក៏​ចុះ​ពីលើ​រថយន្ត​ទៅ​បត់ជើង​តូច​ក៏​រត់​គេចខ្លួនបាត់ ​ហើយ​​បាន​បងប្អូន​ជនរងគ្រោះ​តេ​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​រត់​រួច​បាត់ទៅ​ហើយ។ ពេលនោះ​កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​កូន​មុំ​ក៏បាន​ឡើ​ង​ទៅ​ទប់​ស្កាត់រក​ចាប់បាន​ជនសង្ស័យ បន្ទាប់មក​ឃើញ​ជនសង្ស័យ​កំពុងតែ​ជិះ​ម៉ូតូ​មកដល់​ សមត្ថកិច្ច​ក៏​ចាប់បាន​តែម្តងនៅវេលា​ម៉ោង​ប្រមាណ ៥​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​យកទៅ​នោះបាន​បញ្ចាំ​គេ​នៅ​ខេត្តក្រចេះ​ចំនួន​ទឹកប្រាក់​២៥០​ដុល្លារ។

បច្ចុប្បន្ន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​បាន​យកមក​ឃុំខ្លួន​បណ្តោះអាសន្ន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu