Ad Code

គ្រូបង្វឹក​ក្រុម​បឹងកេត ចង់យក​ឈ្នះ​២​ប្រកួត​ដែល​នៅសល់​ដោយ​មិន​គិតពី​គូប្រជែង​ណាហ្គា​វើល នោះទេ



តំណាង​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ដែលជា​បេក្ខភាព​កំពុង​ប្រជែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​អះអាង​ថា ​ក្រុម​ខ្លួន​ត្រូវ​ជ័យជម្នះ​នៅក្នុង​ប្រកួត​ដែល​សល់​ទាំង​២​លើក​ចុង​ក្រោយ ដោយ​មិន​គិត​ពី​លទ្ធផល​របស់​ក្រុម​គូប្រជែង​ណាហ្គា​វើ​ល ដែល​កំពុងតែ​ឈរ​កំពូល​តារាង​នាពេល​បច្ចុប្បន្ន​នោះទេ​។

​លោក ហៅ សុជាតិ ដែល​ជា​គ្រូបង្វឹក​ក្រុម​បឹងកេត បាន​លើកឡើង​ថា «​សម្រាប់​យើង ២​ប្រកួត​ចុងក្រោយ​នេះ​គឺជា​សម្ពាធ​ខ្លាំង​មែនទែន ដោយសារ ២​ប្រកួត​ចុងក្រោយ​យើង​ត្រូវការ​ឈ្នះ ហើយ​ក្រុម​ដែល​យើង​ត្រូវ​ប៉ះ​ជាមួយ​សុទ្ធតែជា​ក្រុម​ខ្លាំងៗ​ទៀត​។ ដូចនេះ​ពីរ​ប្រកួត​ចុងក្រោយ​យើង​ត្រូវតែ​យកឈ្នះ​ឲ្យបាន យើង​អត់​ខ្វល់​ពី​លទ្ធផល​របស់​ណាហ្គា​ទេ ហើយ​ចុងក្រោយ​ទោះជា​យើង​បាន​ពាន ឬ​មិនបាន ក៏​យើង​គិតថា​លទ្ធផល​នេះ​គឺ​ល្អ​ដែរ​»​។



ក្រុម​បឹងកេត តាមរយៈ​២០​ប្រកួត​មកនេះ​ទើបតែ​ស្គាល់​បរាជ័យ​តែ​២​លើក​ប៉ុណ្ណោះ ពោលគឺ​ធ្លាប់​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤​ទល់​៣ ហើយ​ឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៣​ទល់​១ បន្ត​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៥​ទល់​១ តែ​ស្មើ​សូល​ទី​ឡូ​អង្គរ ១​ទល់​១ ហើយ​យកឈ្នះ​ក្រសួងការពារជាតិ ២​ទល់​០ ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣​ទល់​១ ស្មើ​ជាមួយ​អគ្គីសនី​កម្ពុជា ១​ទល់​១ ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់​០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ៣​ទល់​២ ស្មើ​វិសាខា ១​ទល់​១ និង​ឈ្នះ​ណាហ្គា​វើ​ល ៣​ទល់​២ នៅ​ជើង​ទី​១ ហើយ​ឈ្នះ​អាស៊ី​អឺរ៉ុប ៤​ទល់​០ ឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៥​ទល់​១ ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ១​ទល់​០ និង​ឈ្នះ​សូល​ទី​ឡូ​អង្គរ ២​ទល់​១ ចាញ់​ក្រសួងការពារជាតិ ២​ទល់​០ ឈ្នះ​វិសាខា ១​ទល់​០ ចាញ់​ណាហ្គា​វើ​ល ២​ទល់​០ ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​០ និង​ឈ្នះ​អគ្គីសនី​កម្ពុជា ៥​ទល់​០ ក្នុង​ជើង​ទី​២​។

​ក្រុម​បឹងកេត ត្រូវការ​ជ័យជម្នះ​ប្រកួត​ដែល​នៅសល់​ទាំងអស់​ដើម្បី​ប្រជែង​កៅអី​ពី​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល មកវិញ ខណៈ​តាម​ការកំណត់​របស់ CNCC ក្រុម​ដែល​បញ្ចប់​រដូវ​កាល​មាន​ពិន្ទុ​ច្រើនជាងគេ​នោះ​នឹង​ឈ្នះ​ជើងឯក​ប្រចាំឆ្នាំ​ផងដែរ​។ ប្រកួត​នៅសល់​ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​ភ្នំពេញ​ក្រោ​ន​។



​ជា​រួម​ក្រុម​បឹងកេត ប្រកួត​ឈ្នះ​១៥​លើក ស្មើគ្នា​៣​លើក និង​ចាញ់​២​លើក មាន​៤៨​ពិន្ទុ​ក្នុង​ដៃ ទាត់​ចូល​ទី​គេ​ចំនួន​៤៩​គ្រាប់ ហើយ​របូត​១៩​គ្រាប់​។ លោក ហៅ សុជាតិ ត្រូវ​ក្លិប​តែងតាំង​ឲ្យ​ឈរឈ្មោះ​ជា​គ្រូបង្វឹក​ស្តីទី​កាលពី​រដូវ​កាល​ឆ្នាំ​២០១៦ កន្លងទៅ​ក្រោយ​ការ​ចាកចេញ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ខណៈ​លោក​បាន​ចាប់ដៃ​ជាមួយ​លោក កែវ កុសល ដឹកនាំ​ក្រុម​កាលពី​ដើមរដូវ​កាល​ក៏ដូចជា​ក្នុង​យុទ្ធនា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2018​។ កាលពី​ឆ្នាំ​ចាស់​លោក​ឈ្នះ​បាន​រង្វាន់​គ្រូបង្វឹក​ឆ្នើមប្រចាំ​រដូវកាល​ពី CNCC ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu