Ad Code

ឃាត់ខ្លួន​ស្ត្រី​ម៉ាស្សា​ម្នាក់ ​ករណី​លួច​លុយ​ភ្ញៀវ​ទេសចរណ៍​ក្នុងផ្ទះ​សំណាក់ ហ៊ា​សៀ​ភីង​គន់



សៀមរាប ​៖ ​ស្ត្រី​ម៉ាស្សា​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​នាង​បាន​លួច​លុយ​ភ្ញៀវ​បរទេស​ចំនួន​២៨០០​អឺរ៉ូ​ស្មើ​នឹង​៣២២០​ដុល្លារ ខណៈ​ភ្ញៀវ​ដេកលក់​។



ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោង ១៦​និង​៣០​នាទី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ​ចំណុច​ផ្ទះសំណាក់ ហ៊ា​សៀ​ភីង​គន់ ភូមិ វត្ត​ដំណាក់ សង្កាត់សាលា​កំរើក ក្រុង​សៀមរាប។

លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភាព រី ហៅ អា​ណែ​ត ភេទ ស្រី អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ាស្សា ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​លុយ​)​ភ្ញៀវ​បរទេស​ចំនួន ២៨០០​អឺរ៉ូ​ស្មើ​នឹង​៣២២០​ដុល្លារ នៅ​ចំណុច​ផ្ទះសំណាក់ ហ៊ា​សៀ​ភីង​គន់ ភូមិ វត្ត​ដំណាក់ សង្កាត់ សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​ប្រហែល ០៦​និង​០០​នាទី​ព្រឹក​ថ្ងៃទី១៦ ខែកញ្ញា ២០១៨​។



លោក​បន្ត​ថា ជនរងគ្រោះ​Rechichi Raffaele ភេទប្រុស កើត​ឆ្នាំ ១៩៥២ ជនជាតិ អ៊ីតាលី កាន់​លិខិតឆ្លងដែន​លេខ YA៥៤៣១៧២០ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​ផ្ទះសំណាក់ ហ៊ា​សៀ​ភីង​គន់​។

លោក​បន្ត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី​។



លោក​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ករណី​លួច​លុយ​ជនបរទេស​ឈ្មោះ RECHICHI RAFFAELE ភេទប្រុស ជនជាតិ អ៊ីតាលី នៅ​ចំនុច​ផ្ទះសំណាក់ ហ៊ា​សៀ​ភីង​គន់ នោះ​ត្រូវ​បាន​លោក អ៊ុ ចាន់ថុល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចោទប្រកាន់​ពី​បទ​អំពើ​លួច ហើយ​នា​ល្ងាច​ថ្ងៃទី ១៧​ម្សិល​មិញ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu