បន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ពេលជិះម៉ូតូត្រឡប់ពីធ្វើការវិញត្រូវបានក្មេងស្ទាវជាជនជាតិថៃមួយក្រុមជិះម៉ូតូតាមព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើកើតឡើងនៅខេត្តឈុនបុរី ប្រទេសថៃ កាលពីម៉ោង១០យប់ថ្ងៃទី១៦កញ្ញា ២០១៨។តម្រួតថៃ បានប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាំ ភក្ត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជាជាង មានស្រុកកំណើត នៅភូមិឃីឡែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះពេលដែលជនរងគ្រោះកំពុងជិះម៉ូតូវិលត្រឡប់ពីធ្វើការវិញស្រាប់តែមានក្មេងជនជាតិថៃ១ក្រុមជិះម៉ូតូតាមព្រួតវាយជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ ពេលជនរងគ្រោះគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តឈុនបុរី បន្ទាប់មកក៏បានស្លាប់នៅម៉ោង៧ព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨។
សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយពីកើតហេតុហើយភាគីថៃបានដឹកសពតាមរថយន្តបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់សពឲ្យសាច់ញាតិនាយប់ថ្ងៃទី១៧ កញ្ញា ២០១៨នេះ។
បើតាមសាច់ញាតិជនរងគ្រោះប្រាប់ថា ក្រុមក្មេងស្ទាវដែលវាយសម្លាប់ជនរងគ្រោះនោះគេសង្ស័យជាអំពើឃាតកម្មក្មេងស្ទាវ១ក្រុមនោះត្រូវបានសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ហើយ ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។
សពត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តពីលើស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅកាន់លំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណីវិញហើយ៕
Source: Kampuchea Thmey Daily
0 Comments