Ad Code

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី មាន​សុទិដ្ឋិនិយម​ថា ចប់​អាណត្តិ​ទី​៦ ប្រាក់ចំណូល​ប្រចាំឆ្នាំ​សម្រាប់​ប្រជាជន​ម្នាក់ៗ​នឹង​កើនឡើង​ជាង ២.០០០ ដុល្លារ



កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​សុទិដ្ឋិនិយម​ថា នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​នីតិ កាល​ទី ៦ នេះ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​នឹង​កើន​ដល់​ជាង ២.០០ ០ ដុល្លារ​។ ខណៈ​ពេល​បច្ចុប្បន្ន​ប្រាក់ ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រចាំ​ឆ្នាំមាន​ប្រមាណ ១.៥៦០ ដុល្លារ​។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហាញ​ក្តី​រំពឹង​នេះ​ដោយ​បាន​ធ្វើការ​វាយតម្លៃ​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជាង ៧ ភាគរយ​ក្នុង​១​ឆ្នាំ និង អត្រា​អតិផរណា​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ស្ថិតក្នុង​រង្វង់​ជាង ៣ ភាគរយ​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ​តាម​ការវាយតម្លៃ​របស់​អង្គភាព​អាស៊ាន​បូក​បី​ដែលជា​យន្តការ​មួយ​ក្នុង​ការ​វាយតម្លៃ​មិន​អន់ ជាង​សមត្ថភាព​របស់​ធនាគារ​ពិភពលោក​និង​រូបិយវត្ថុ​អន្តរជាតិ​នោះ បានធ្វើការ​វាយតម្លៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ពេល​រៀបចំ​រាជ​រដ្ឋា​ភិបាល​ថ្មី​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំនេះ​ នឹង​មាន​ការ​កើនឡើង ៧,២ ភាគរយ​។ នៅក្នុង​ច្បាប់​ថវិកា​ឆ្នាំ ២០១៨​នេះ​យើង​កំណត់​ក្របខ័ណ្ឌ ម៉ាក្រូសេដ្ឋកិច្ច​របស់​យើង​ត្រឹមតែ ៧ ភាគរយ​ប៉ុណ្ណោះ និង អត្រា​អតិផរណា​ក្រោម ៣,៥ ភាគរយ​។ ក៏ប៉ុន្តែ​អង្គភាព​អាស៊ាន​បូក​បី​នេះ បាន​វាយតម្លៃថា​ សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ ២០១៨ មាន​កំណើន ៧,២ ភាគរយ​ជាមួយនឹង​អត្រា​អតិផរណា​ត្រឹម ៣,១ ភាគរយ​ប៉ុណ្ណោះ​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ស្ថានភាព​នេះ​ជា​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។ សម្តេច​មានប្រសាសន៍ថា យើង​ត្រូវតែ​ប្រឹង​នៅក្នុង​ដំណាក់កាល​នេះ​ដែល​យើង​បន្ត​ការ​ខិតខំ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​យើង​កើន​ខ្ពស់ ដោយ​ខ្ញុំ​រំពឹង​ថា ​ចប់​អាណត្តិ​ទី ៦ នេះ​ប្រាក់ចំណូល​របស់​ប្រជាជន កម្ពុជា​នឹង​កើន​ជាង ២ ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​សម្រាប់​ប្រជាជន​ម្នាក់ៗ​។ បច្ចុប្បន្ននេះ​ប្រាក់ចំណូល​ប្រជាជន​ម្នាក់ ៗ​មាន​ចំនួន ១.៥៦០ ដុល្លារ​ក្នុង​មួយឆ្នាំ។



សម្តេច​តេ​ជោ​បាន​បន្ត​ថា ២០០០ ដុល្លារ​វា​មិនទាន់​ទៅដល់​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត ខ្ពស់​នៅឡើយ​ទេ​ដែល​យើង​បាន​ដាក់​គោលដៅ​ថា​ឆ្នាំ​២០៣០​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល មធ្យម​កំរិត​ខ្ពស់ និង នៅ​ឆ្នាំ ២០៥០ ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់។ ដូចនេះ​យើង​ត្រូវ​ខិតខំ​សម្រេច ឲ្យ​បាន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា កម្ពុជា​បាន​ទទួល​ជោគជ័យ ទៅលើ​យុទ្ធសាស្ត្រ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​ខេត្ត​ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​របស់​យើង​មានការ​កើនឡើង​។ ការកើនឡើង​នៃ​វិស័យ​កាត់​ដែរ​បានរួម​ចំណែក​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​ផងដែរ។ ភាព​រីកលូតលាស់​រប​ស់​កម្ពុជា​មិនអាច​ពឹង​តែ​ទៅលើ​វិស័យ​ណាមួយ​នោះទេ​ត្រូវធ្វើ​ការអភិវឌ្ឍ​ពហុ​វិស័យ​ដើម្បី​ជៀសវាង​ហានិភ័យ​ផ្សេងៗ ត្រូវ​ទប់ទល់​នឹង​ភាព ធន់​នឹង​វិបត្តិ​ពី​ខាងក្រៅ។



សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ដូចជា​ប្រទេស​វេ​ណេ​ស៊ូ​អេ​ឡា ដែល​ជា​ប្រទេស​អ្នកមាន​មួយ​ពឹងផ្អែក​តែ​ទៅលើ​ប្រេង ក្លាយ​ទៅ​ប្រទេស​ដែល​មាន​អតិផរណា មួយ​លាន​ភាគរយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​គ្រប់​គ្រង់​ម៉ាក្រូសេដ្ឋកិច្ច​គឺជា​បញ្ហា​សំខាន់​ណាស់ ហេតុដូច្នេះ​ហើយ​បានជា​យើង​ខិតខំ​ជាមួយ​ការរក្សា​ស្ថិរភាព​នយោបាយ​ហើយ​យើង​ខិតខំ​ថែរក្សា​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច​ទៀត​។ គោលដៅ​នៃ​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​គឺ​ទប់ស្កាត់​អតិផរណា និង រក្សា​កម្លាំង​ទិញ​នៃ​ប្រាក់​រៀល​។ គ្រាប់បែក​ផ្ទុះ​វា​សម្លាប់​មនុស្ស​តែមួយ​ក្រុម​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​បើ​គ្រាប់បែក​សេដ្ឋកិច្ច​ផ្ទុះ​វិញ​នោះ​គឺ​ងាប់​មនុស្ស​ម៉ា​ប្រទេស​តែម្តង ។ នេះ​ជា​បញ្ហា​ដែល​រាជរដ្ឋាភិបាល​ត្រូវមាន​ការប្រុងប្រយ័ត្ន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu