អ្នកប្រដាល់ជើងខ្លាំងជើងចាស់កម្ពុជា គឺម៉ឺន សុភា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ផុង សិរិ ប៉.ស៊ិរិថុង (Phongsiri Por.Sirakphong) ហើយឡៅ ចិត្រា អ្នកប្រដាល់វ័យក្មេងក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបជាមួយរិទ្ធ អៃរ៉ា លុកមឿងផេត (Rithiara Lukmuengpetch)នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃសុក្រទី១២ ខែមេសា ឆ្នាំ២០១៩ នេះ។
ម៉ឺនសុភា និង ផុងសិរិ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។នេះជាលើកទី២ របស់ម៉ឺន សុភា ដែលបានបង្ហាញមុខលើសង្វៀនបន្ទាប់ពីបានបាត់មុខពីសង្វៀនប្រមាណ៤ខែនោះ ។ ការបង្ហាញមុខលើកទី១ គេបានប្រកួតចាញ់អ្នកប្រដាល់ថៃកាំឡៃផេត ដោយពិន្ទុ កាលពីថ្ងៃទី២២ខែមីនា ឆ្នាំ២០១៩កន្លងមកនោះ ។
ផុង សិរិ អ្នកប្រដាល់ថៃម្នាក់នេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយ ដែលគេចាំជាងគេគឺធ្លាប់ជួបបឺត ខាំ ហើយត្រូវបឺត ខាំ វាយឲ្យចេញបាយក្នុងទឹកទី៤ កាលពីប៉ុន្មានឆ្នាំមុននៅលើសង្វៀនSEATV ។ នៅពេលថ្មីៗកន្លងទៅនេះ(២៣មីនា២០១៩) ផុង សារិ បានមកជួបប្រកួតជាមួយនី សុភី
អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ហើយដែលនី សុភី វាយបា នត្រឹមស្មើពិន្ទុប៉ុណ្ណោះ។
អ្នកប្រដាល់ថៃផុង សិរិ នេះ ជាម្ចាស់ខ្សែក្រវាត់ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ថៃ និងវាយខ្លាំង ។ ផុង សិរិ នេះ គេមានប្រវត្តិប្រកួតចំនួន ១៣៧ លើក ក្នុងនោះវាយឈ្នះ ១១០លើក ចាញ់២១លើក និង ស្មើ០៦លើក។
ម៉ឺន សុភា បើប្រៀបជាមួយផុង សិរិ ពិបាកទស្សន៍ទាយមុនថា អ្នកណាឈ្នះអ្នកណាចាញ់ណាស់ ព្រោះថាពួកគេទាំងពីរមើលទៅខ្លាំងដូចគ្នា។ បើធៀបជាមួយប្រវត្តិប្រកួតម៉ឺន សុភា តិចជាងផុង សិរិ ជាង៥០លើកឯណោះ ដោយសុភាមានកំណត់ត្រាប្រកួតចំនួនតែ៨៨លើក ក្នុងនោះឈ្នះ៧០លើក ចាញ់១៤លើក និងស្មើ០៤លើកនោះ។
ដូច្នេះម៉ឺន សុភា មិនអាចធ្វេសប្រហែស ឬមើលងាយផុង សិរិ បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់កម្ពុជាច្រើនរូបដែរ ដោយចាញ់តែបឺត ខាំ មួយប៉ុណ្ណោះ។
សុភា ខ្លាំងកណ្តាប់ដៃ ពិសេសកណ្តាប់ដៃឆ្វេង។ តែទោះជាយ៉ាងណា សុភា ក៏ត្រូវប្រយ័ត្នដែរ សម្រាប់ការប្រកួតលើកនេះ។ ដូច្នេះចាំមើល តើនរណាឈ្នះរវាងម៉ឺន សុភានិង ផុង សិរិនេះ? ។
ចំពោះ អ្នកប្រដាល់វ័យក្មេងអ្នកប្រដាល់កម្ពុជាឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃ រិទ្ធ អៃរ៉ា លុកមឿងផេត (Rithiara Lukmuengpetch) (Yokpetch Petchkarsam)។
រវាងអ្នកប្រដាល់ជើងខ្លាំងវ័យក្មេង ឡៅ ចិត្រា ដែលជាប្អូនរបស់ឡៅ ចន្ទ្រា និង រិទ្ធ អៃរ៉ានេះ ជួបគ្នាក្នុងទម្ងន់៦១គីឡូក្រាម។
ឡៅ ចិត្រា ជាអ្នកប្រដាល់វ័យក្មេង ដែលខ្លាំងជាងគេក្នុងចំណោមអ្នកប្រដាល់កម្ពុជាដែលមានវ័យក្មេង និងទម្ងន់ដូចគ្នានោះ ហើយចិត្រាគេក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរ សម្រាប់ពេលបច្ចុប្បន្ននេះ។ ចិត្រា ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើននាក់មកហើយនាពេលកន្លងមក ដែលភាគច្រើនឈ្នះសឹងតែទាំងអស់រាល់ពេលជួបជាមួយថៃនោះ។
និយាយជា រួម ចិត្រាទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ ល្បិចកលនិងកាយសម្បទា សុទ្ធតែល្អនិងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ថៃរិទ្ធ អៃរ៉ា បានមិនខាន។
អ្នកប្រដាល់ថៃ រិទ្ធ អៃរ៉ា នេះ ជាជើងខ្លាំងម្នាក់នៅស្រុកថៃ ដែលមានស្នៀតប្រដាល់ល្អនិងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេគួរសមដែរ ព្រោះគេមានប្រវត្តិប្រកួតចំនួន១១៦លើក ឈ្នះ៨៩លើក និង ចាញ់២៣លើក មិនដែលស្មើ។ អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប្រមាណ២-៣ដងហើយ ក្នុងនោះគេធ្លាប់ប៉ះជាមួយឃុន ឌីម៉ាពីរដង ដោយវាយស្មើពិន្ទុគ្នាម្តង និងចាញ់ឌីម៉ា ក្នុងទឹកទី២ម្តង ។
បើធៀបជាមួយឡៅ ចិត្រា វិញ គឺលើសចិត្រាប្រមាណ៣០លើក ដោយ ចិត្រា គេមានកំណត់ត្រាប្រកួតចំនួន៨២លើក ក្នុងនោះឈ្នះ៧៤លើក ចាញ់០៥លើក និង ស្មើ០២លើក។
ទោះជាយ៉ាងនេះក្តី បើតាមពិនិត្យកម្រិតសមត្ថភាពបច្ចេកទេសនិងកាយសម្បទារបស់ពួកគេទាំងពីរនេះ គេមិនរំពឹងថា ឡៅ ចិត្រា ចាញ់ រិទ្ធ អៃរ៉ានោះទេ ដោយសារ ចិត្រា គេមានផ្លែល្អជាង។
យ៉ាងណា ឡៅ ចិត្រា មិនអាចមើលស្រាលរិទ្ធ អៃរ៉ា នោះដែរ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេមកប្រកួតលើកចុងក្រោយ(៣១មីនា២០១៩)បានវាយឈ្នះរិទ្ធ ភូលូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុ ។ ចាំមើល ឡៅ ចិត្រា គេអាចផ្ដួលអ្នកប្រដាល់ថៃជើងចាស់រិទ្ធ អៃរ៉ា បានឬអត់នោះ? ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឡូញ វ៉ាន់ឌី អ្នកប្រដាល់ក្លិបវិបុលដារិទ្ធ ពោធិសែនជ័យ នឹងជួបសងសឹកជាមួយជ័រ ពៅ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ ក្នុងទម្ងន់៦០គីឡូក្រាម។
កាលពីជួបគ្នាលើកមុន ឡូញ វ៉ាន់ឌី ត្រូវជ័រ ពៅ វាយឲ្យសន្លប់ក្នុងទឹកទី២។ ចាំមើល ឡូញ វ៉ាន់ឌី អាចសងសឹកជ័រ ពៅ បានសម្រេចឬអត់?៕
Source: Kampuchea Thmey Daily
0 Comments