ភ្នំពេញ ៖ បុរសកំហូចម្នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានី បញ្ជូនទៅដេកគុកព្រៃសនៅព្រឹកថ្ងៃទី១៣ខែសីហាបន្ទាប់ពីតុលាការចេញដីកាឃុំ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ពីបទលួចទូរស័ព្ទដៃរបស់ក្រុមហ៊ុនអាយខលដេលីចំនួន១៦៥គ្រឿងកន្លងមកនេះ។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងកាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ថា ជនសង្ស័យដែលត្រូវតុលាការឃុំខ្លួននោះមានឈ្មោះស្រេង ឌីណាត ភេទប្រុសអាយុ២០ឆ្នាំមុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអាយខលដេលីស្នាក់នៅស្រុកមេមត់ ខេត្តកំពង់ចាម។ ក្រោយពេលចាប់ខ្លួនអាវុធហត្ថការិយាល័យព្រហ្មទណ្ឌកងរាជធានីដកហូតទូរស័ព្ទដៃផលិតនៅប្រទេសចិនម៉ាកអាយខលចំនួន១៦៥គ្រឿង។
ចំណែកតំណាងក្រុមហ៊ុននិងជាដើមបណ្ដឹងឈ្មោះនាងរ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំស្នាក់នៅភូមិព្រែកល្ពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
មន្ត្រីអាវុធហត្ថការិយាល័យព្រហ្មទណ្ឌបន្តថា នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥សមត្ថកិច្ចបានទទួលជនសង្ស័យពីឈ្មោះនាងរ័ត្នក្នុងបទចោទប្រកាន់ថា ជនសង្ស័យស្រេងឌីណាត បានលួចយកទូរស័ព្ទដៃម៉ាកអាយខលចំនួន១កេសចំនួន២០០គ្រឿង ពីក្រុមហ៊ុនអាយខលដេលី ដែលមានទីតាំង ស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ ទឹកល្អក់៣ខណ្ឌទួលគោក។
មន្ត្រីអាវុធហត្ថបន្តទៀតថា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥បានលួចយកទូរស័ព្ទចំនួន១កេស ខណៈពេលក្រុមហ៊ុនយកមកបិទតែម ហើយយកទៅលក់ឲ្យផ្ទះមួយ នៅម្តុំផ្សារកណ្តាលបាន១៣០ដុល្លារ។ បន្ទាប់មកក៏បានគេចខ្លួនហើយប្រទះឃើញនៅអង្គុយលេខនៅសួនមុខណាហ្គា ក៏ត្រូវម្ចាស់ក្រុមហ៊ុនឃាត់ខ្លួន នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ដោយមានឯកសារ និងចម្លើយសារភាពគ្រប់គ្រាន់ហើយនោះ ទើបតុលាការចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ននៅគុកព្រៃសដើម្បីរង់ចាំការកាត់ទោសតាមច្បាប់ជាក្រោយ៕
បញ្ជូនជនកំហូច ដែលថ្លើមធំលួចទូរស័ព្ទដៃរបស់ថៅកែចំនួន១៦៥គ្រឿងទៅដេកគុកព្រៃស
0 Comments