ភ្នំពេញ ៖ ក្រសួងបរិស្ថានបានរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០១៥-២០១៨ ដោយលើកឡើងថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងសង្គម។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ក្នុងវិស័យបរិស្ថាន២០១៥-២០១៨នាព្រឹកថ្ងៃទី៥ ខែមករានេះ នៅសណ្ឋាគារសាន់វ៉េ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងឲ្យក្រុមការងារបច្ចេកទេសបញ្ជ្រាបយេនឌ័រមានប្រសាសន៍ថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះដើម្បីពិនិត្យសេចក្តីព្រាង និងទទួលយកនូវគំនិត ចំណេះដឹងបន្ថែមទៀតពីមន្ត្រីជំនាញពាក់ព័ន្ធគ្រប់នាយដ្ឋានក្រោមឱវាទក្រសួង។
លោកបន្ថែមថា គោលបំណងសំខាន់សិក្ខាសាលា គឺបង្ហាញទិសដៅ និងសកម្មភាពសំខាន់ៗ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ និងពិភាក្សាកែសម្រួល និងបន្ថែមចំណុចខ្វះខាតមួយចំនួនទៀត។
ចំណែកលោកស្រី មាស ម៉ូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដែរនោះ ក៏បានលើកឡើងដែរថា ក្នុងអាណត្តិទី៥នៃរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាលបានបន្តដាក់យុទ្ធសាស្ត្រចតុកោណ « ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា » ដែលក្នុងនោះ« ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ ការធានាបាននូវសមភាពយេនឌ័រការឆ្លើយតបនឹងបញ្ហាយេនឌ័រជាកិច្ចការដ៏សំខាន់ក្នុងការជំរុញ និងបង្កើននូវតួនាទី ស្ថានភាពវប្បធម៌ ច្បាប់ នយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ស្ត្រី និងបុរស។
លោកស្រីបញ្ជាក់ថា « ការធ្វើឲ្យប្រសើរឡើងនូវសមភាព និងសមធម៌យេនឌ័រ គឺជាឱកាសឲ្យស្ត្រី និងបុរសទទួលបានភាពថ្លៃថ្នូរនិងបង្កលក្ខណៈឲ្យស្ត្រី និងបុរសទទួលបាននូវការអភិវឌ្ឍដើម្បីឲ្យជីវភាពរស់នៅកាន់តែមានភាពប្រសើរ ហើយជាកង្វល់មួយដែលត្រូវបានគិតគូរទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ប៉ុន្តែបើចង់ឲ្យយេនឌ័រជោគជ័យលុះត្រាតែស្ត្រី និងបុរសទទួលបានសិទ្ធិមនុស្ស សិទ្ធិការងារ ដូចគ្នាពិសេសការទទួលខុសត្រូវ និងឱកាសក្នុងការចូលរួមសេចក្តីសម្រេចចិត្តនានាដែលអាចមានឥទ្ធិពល»។
លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីមានប្រសាសន៍ថា ផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យបរិស្ថានឆ្នាំ២០១៥-២០១៨ របស់ក្រសួងបរិស្ថានរៀបចំឡើងស្របពេលជាមួយផែនការយុទ្ធសាស្ត្រនារីរតនៈ ទី៤របស់ក្រសួងកិច្ចការនារី ដែលធ្វើឲ្យផែនការយុទ្ធសាស្ត្រនេះទទួលបាននូវទឡ្ហីករណ៍ និងអនុសាសន៍ពាក់ព័ន្ធនឹងយេនឌ័រសំខាន់ៗទៅដាក់បញ្ចូលសម្រាប់យកទៅអនុវត្តដើម្បីបម្រើផលប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រី៕ សុងយោ
0 Comments