ភ្នំពេញ ៖ លោកយាយសែត អន មានអាយុ៧២ឆ្នាំ រស់នៅជាមួយកូនក្រីក្រក្នុងភូមិចំការឪឡឹកសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានជំងឺពុកឆ្អឹងដេកដួលដួលនៅនឹងកន្ទេលជាច្រើនឆ្នាំមកហើយនោះ មកដល់ពេលនេះត្រូវបានលោកហែម ដារិទ្ធិប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ និងជាអភិបាលខណ្ឌផងនោះបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកាផងនោះទៅប្រគល់ជូនលោកយាយជរាដល់គេហដ្ឋានរបស់លោកយាយផ្ទាល់កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥។
លោក ហែម ដារិទ្ធិបានលើកឡើងនាពេលនោះថា ជានិច្ចកាលលោកតែងឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ជាពិសេសមេភូមិ មេភូមិរង ចៅសង្កាត់ និងប្រជាការពារជាដើម ដែលបានដឹងថានៅក្នុងមូលដ្ឋានរបស់ខ្លួនមានប្រជាពលរដ្ឋណាមានជីវភាពទីទ័លក្រពិតប្រាកដនិងចាស់ជរាពិការ ឫក៏គាត់ជួបហានិភ័យអ្វីកើតឡើងជាយថាហេតុគឺត្រូវរាយការមកថ្នាក់ខណ្ឌជាបន្ទាន់ដើម្បីលោកលៃលកដោះស្រាយតាមលទ្ធភាពជាក់ស្ដែងនិងអាចធ្វើទៅបាន។
ជាក់ស្ដែងក្នុងរយៈពេលកន្លងមកអាជ្ញាធរខណ្ឌបានប្រើគ្រប់មធ្យោបាយដើម្បីកៀងគរប្រមូលនូវរបស់របរផ្សេងៗពីសប្បុរសជនក៏ដូចជាតាមទីអារាមវត្តនានាដើម្បីយកជំនួយទាំងនោះមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់យើងជាបន្តបន្ទាប់ទៀត។
លោកយាយសែត អនបានធ្លាក់ខ្លួនឈឺជម្ងឺពុកឆ្អឹងនេះជាយូរឆ្នាំមកហើយពុំមានលទ្ធភាពព្យាបាលនោះឡើយ ដោយសារជីវភាពរបស់កូនដែលលោកយាយនៅជាមួយនោះក៏ក្រីក្រលំបាកដែរ ម្យ៉ាងទៀតកូនប្រុសរបស់គាត់ដែលជាមេគ្រួសារនោះក៏បានធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរថែមទៀត។
អំណោយដែលយកទៅប្រគល់ជូននាពេលនោះ រួមមានថវិកាចំនួន៥០ម៉ឺនរៀលអង្ករ២៥គីឡូក្រាម មី១កេស ទឹកក្រូច១កេស ទឹកដោះគោឆៅ២ឡូត៍ រួមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្ទះបាយសរុបទាំងអស់ចំនួន២៩មុខ៕
វិទូ
0 Comments