ឃីម ឌីម៉ា និង ឈឿន ឆៃដែនឡើងប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់មិត្តភាពកម្ពុជា-ថៃ
អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប គឺឃីម ឌីម៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងឈឿន ឆៃដែន ក្លឹបនិរោធមានជ័យ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់ថ្មីរបស់បាយ័នដែលមានឈ្មោះថា ប្រដាល់មិត្តភាពកម្ពុជា-ថៃ នាយប់ថ្ងៃអាទិត្យទី១១ មករា ខាងមុខនេះ នៅលើសង្វៀនស្ទឹងមានជ័យ។
អ្នកប្រដាល់កម្ពុជាឃីម ឌីម៉ា ត្រូវអ្នកផ្គូផ្គងប្រចាំសង្វៀនបាយ័នផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះKaitong S.Wirachai ដោយប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូ ក្រាម។
Kaitong S.Wirachai មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក។ អ្នកប្រដាល់ថៃ រូ បនេះ បើតាមលោកនាង ស៊ីវុត្ថា ប្រធានអ្នកផ្គូផ្គងកីឡាករប្រាប់អោយដឹងនោះថា អ្នកប្រដាល់ជនជាតិថៃម្នាក់នេះ ធ្លាប់ប្រកួតបាន៨៨ដងហើយ ដោយវាយឈ្នះ៦៣ដង ចាញ់២៣ដង និងស្មើ៣ដង។
ឃីម ឌីម៉ា ជាអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ ថៃ មិនតិចជាង១០នាក់ទេនាពេលកន្លងមក ដោយវាយឈ្នះថៃ៦នាក់ ស្មើម្នាក់ និងចាញ់ ៣នាក់។ និយាយជារួម ក្នុងការប្រកួតចំនួន៥១ដងរបស់ឌីម៉ា គេវាយឈ្នះ៤៣ដង ចាញ់៥ដង និងស្មើ៣ដង ហើយធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន១៣ដង។ ការប្រកួតចុងក្រោយរបស់គេ គឺវាយចាញ់អ្នកប្រដាល់ឡាវអូរ៉ូណូ ចំប៉ាស័ក្តដោយពិន្ទុ។
ទោះជាយ៉ាងនេះក្តី សំរាប់ការជួបអ្នកប្រដាល់ថៃ Kaitong S.Wirachai លើកនេះ មិនដឹងថា ឃីម ឌីម៉ាអាចយកឈ្នះបានឬអត់នោះទេព្រោះថាអ្នកប្រដាល់ថៃរូបនេះ ក៏ជាអ្នកខ្លាំងមួយរូបដែរ។ ចាំមើល តើឃីមឌីម៉ាឈ្នះឬ Kaitong S.Wirachaiឈ្នះ ?។
ឈឿន ឆៃដែន ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Seanrak Kiatmana ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ពីរនាក់នេះ មានកម្ពស់ប្រហែលគ្នាគឺ១,៧០ម៉ែត្រ និងមានប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នាដែរ។
Seanrak Kiatmana នេះ ធ្លាប់ប្រកួតចំនួន៦៥ដង ឈ្នះ៥១ដង ចាញ់១៣ដង និងស្មើ០១ដង។ បើតាមអ្នកផ្គូផ្គងអោយដឹងនោះថា អ្នកប្រដាល់ថៃរូបនេះ ខ្លាំងគួរសមដែរ ប៉ុន្តែគេមិនធ្លាប់ដែលមកប្រកួតនៅស្រុកខ្មែរម្តងណានោះឡើយទេ។
ចំណែក ឈឿន ឆៃដែន វិញ គេក៏មិនធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសដែរ ហើយនេះជាលើកទី១សម្រាប់រូបគេហើយដែលបានប្រកួតជាមួយថៃនេះ។ ឆៃដែន គេជាម្ចាស់ខ្សែក្រវាត់ជើងឯកទម្ងន់៦០គ.ក្រ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គេមានកណ្តាប់ដៃខ្លាំងគួរសមដែរ ។ក្នុងប្រវត្តិប្រកួតចំនួន៦៦ដង គេវាយឈ្នះ៤៩ដង ចាញ់១២ដង និងស្មើ០៥ដង ហើយធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន១៥ដង។
ប៉ុន្តែយ៉ាងណា ឈឿន ឆៃដែន ឡើងប្រកួតលើកនេះ អាចនឹងជួបការលំបាកដោយ សារជាការប្រកួតលើកដំបូងរបស់គេជាមួយអ្នកប្រដាល់បរទេសនោះ។ ឆៃដែន ប្រកួតចុងក្រោយនេះ គេវាយឈ្នះជើងខ្លាំងឡៅ ចន្ទ្រា ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ កាលពីថ្ងៃទី២៧ធ្នូ២០១៤។
ចាំមើល រវាងឈឿន ឆៃដែន និង អ្នកប្រដាល់ថៃSeanrak Kiatmana តើនរណាជាអ្នកឈ្នះក្នុងការជួបគ្នានេះ ?៕
0 Comments