ភ្នំពេញ ៖ បុគ្គលិកនិងកម្មករក្រុមហ៊ុនស៊ិនទ្រី ប្រមាណជាង២នាក់ បានផ្ទុះការតវ៉ាទាមទារឱ្យលោកអគ្គនាយករបស់ក្រុមហ៊ុន ស៊ិនទ្រី ដំឡើងប្រាក់ខែគោល១២ដុល្លារបន្ថែមលើប្រាក់ខែបច្ចុប្បន្ន១៤៧ដុល្លារទៀត។
យោងតាមព័ត៌មានដែលទទួលបានអោយដឹងថា ហេតុការណ៍ផ្ទុះការរបស់បុគ្គលិកនិងកម្មករក្រុមហ៊ុន ស៊ិនទ្រី នេះ កើតឡើងកាលពីពាក់កណ្តាលយប់រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងមុខនិងខាងក្រោយក្រុមហ៊ុនតែម្តង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានប្រាប់បន្តថា ក្រោយពីផ្ទុះបញ្ហានេះឡើង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ អាជ្ញាធរខណ្ឌដង្កោ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធកំពុងចុះទៅទីនោះផ្ទាល់ ដើម្បីជួយជាមួយក្រុមហ៊ុន និងបុគ្គលិក កម្មករក្រុមហ៊ុន ស៊ិនទ្រី ដែលធ្វើកូដកម្មនោះ ក្នុងការរិះរកដំដោះស្រាយ។ ប៉ុន្តែរហូតដល់ពេលរសៀលថ្ងៃខែដដែលនេះ នៅមិនទាន់ដោះស្រាយចេញនៅឡើយ។ ដូច្នេះបុគ្គលិក កម្មករក្រុមហ៊ុន ស៊ិនទ្រី ទាំងអស់នៅបន្តការតវ៉ាដដែល តែមិនមានការបិទនោះ ឬ ដុតកង់ឡាននោះទេ គ្រាន់តែពួកគេចាក់ធុងបាសបំពងសំឡេងនៅក្នុងក្រុមហ៊ុនតែម្តង ព្រមទាំងមិនចេញរថយន្តទៅប្រមូលសំរាមនោះឡើយ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាការទាមទាដំឡើង ប្រាក់ខែរបស់កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី និងការធ្វើពហិការមិនប្រមូលសំរាមក្នុងរយៈពេល ២ថ្ងៃមកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ជួលរថយន្តដឹកសំរាមជាបណ្ដោះអាសន្នសិនទម្រាំបញ្ហាត្រូវបានដោះស្រាយ។
លោក ឃួង ស្រេង លើកឡើងថា ក្រុមហ៊ុន ស៊ីនទ្រី មិនត្រូវរកស៊ីដឹងតែពីចំណេញនោះទេ ត្រូវគិតដល់ពេលខាតខ្លះផង ហើយក្រុមហ៊ុនស៊ីនទ្រីក៏មិនត្រូវយកប្រជាពលរដ្ឋរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននុះដែរ ។ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញកំពុងចាត់វិធានការលើការដោះស្រាយការកកស្ទះសំរាមតាមដង ផ្លូវនានាក្នុងរាជធានីភ្នំពេញនៅពេលដែលកម្មការក្រុមហ៊ុន ស៊ីនទ្រី ធ្វើពហិការមិនប្រមូលសំរាមដូចសព្វដង ហើយរដ្ឋបាលរាជធានីភ្នំពេញក៏កំពុងដោះស្រាយ ជាមួយក្រុមហ៊ុនស៊ីនទ្រីផងដែរ ។
បើយោងតាមព័ត៌មានដែលទទួលនាវេលាម៉ោង ១៦ និង១០នាទី ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ប្រាប់អោយដឹងថា បន្ទាប់ពីមានការចរចាគ្នារយៈពេញមួយថ្ងៃរវាងតំណាងបុគ្គលិក និងកម្មករ កម្មការិនី ជាមួយក្រុមហ៊ុន ស៊ិន ទ្រី អាជ្ញាធរខណ្ឌដង្កោ តំណាងក្រសួងការងារ និងអាជ្ញាធររាជធានីភ្នំពេញ តំណាងក្រុមហ៊ុន ស៊ិន ទ្រី បានយល់ព្រមដំឡើងប្រាក់បន្ថែម ម្នាក់៩ដុល្លារថែមទៀត ប៉ុន្តែការតំឡើងនេះ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។ នាល្ងាចថ្ងៃដដែលនេះ បុគ្គលិក និងកម្មករ កម្មការិនី ក្រុមហ៊ុន ស៊ិន ទ្រី ថា នឹងយល់ព្រមចេញរថយន្ត ដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ៕
Source: Kampuchea Thmey Daily
0 Comments