Ad Code

លោក ណុះ ស្លេះ ប្រគល់​សញ្ញាបត្រ​អាហារូបករណ៍​ភាសា​អង់គ្លេស​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ដល់​សិស្ស​១៥​នាក់​


ព្រះសីហនុ ៖ លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​ទទួលបន្ទុក​វិស័យ​អប់រំ និង​យុវជន​នៃ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លិម​កម្ពុជា អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ​អាហារូបករណ៍​ភាសា​អង់គ្លេស​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ជូន​ដល់​សិស្ស​ចំនួន​១៥​នាក់ នៅ​សាលា​REGENT SCHOOL សាខា​ទី​១​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥។

លោក ណុះ ស្លេះ បាន​សំណេះសំណាល​ជាមួយ​សិស្ស និង​អាណាព្យាបាល​ដែល​បាន​អញ្ជើញ​ចូលរួម​ថា វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​រយៈពេល​ពីរ​ឆ្នាំ គឺ​ចាប់ផ្តើម​កាលពី​ខែមករា ឆ្នាំ​២០១៣ និង​ត្រូវ​បញ្ចប់​នៅ​ខែមករា ឆ្នាំ​២០១៥ ដែល​មាន​សិស្ស​សរុប​ចំនួន​១៥​នាក់ ព្រោះ​ភាសា​អង់គ្លេស​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ឲ្យ​សិស្ស​បន្ត​ការសិក្សា​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា​បន្ថែម​ទៀត។ លោក​សង្ឃឹម​ថា សិស្ស​ទាំងអស់​ទទួល​បាន​នូវ​អាហារូបករណ៍​បន្ត​ទៀត​នៅ​ថ្ងៃក្រោយ សិស្ស​ទាំង​អស់​មិន​ត្រឹមតែ​បាន​រៀន​ភាសា​អង់គ្លេស​មួយ​មុខ​នោះ​ទេ គឺ​បាន​រៀន​នូវ​មុខវិជ្ជា​ផ្សេងៗ​ទៀត​មាន​ដូច​ជា​សិទ្ធិមនុស្ស សិទ្ធិ​ប្រជាធិបតេយ្យ និង​ព័ត៌មាន​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​នូវ​ចំណេះដឹង។​

លោក​បាន​បន្ត​ថា ក្នុងនាម​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​និង​ខិតខំ​រក​អាហារូបករណ៍​បន្ថែម​ទៀត​ជួយ​ដល់​សិស្សានុសិស្ស​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​បច្ចុប្បន្ន​ក្រសួង​អប់រំ និង​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​នឹង​កំពុង​រៀបចំ​កែទម្រង់​វិស័យ​អប់រំ​នៅ​ទូទាំង​ប្រទេស​ឲ្យ​មាន​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ប្រកួតប្រជែង​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ព្រោះ​នៅពេល​ខាងមុខ​កម្ពុជា និង​ធ្វើ​សមាហរណកម្ម​អាស៊ាន​ដែល​ទាមទារ​ឲ្យ​កម្ពុជា​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ប្រសិទ្ធ​ភាព ជាពិសេស​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១៤ គឺ​យើង​ប្រឡង​ជាប់​ទាំង​ពីរ​លើក​ប្រមាណ​ជា​៤០% ដូចនេះ​នៅ​ឆ្នាំ​២០១៥​នេះ ការ​ប្រឡង​បាក់​ឌុប គឺ​ក្រសួង​ធ្វើការ​ប្រឡង​តែ​ម្តង ដូច្នេះ​ចូល​ប្អូនៗ​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ឱ្យ​មាន​គុណភាព ដើម្បី​ប្រកួតប្រជែង​ជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នា​ពេល​ខាង​មុខ ហើយ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ធ្វើ​ឱ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ផង​ដែរ។​

លោក សា​ឡុង សាន់ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ ដែល​បាន​ខិតខំ​រក​អាហារូបករណ៍​ភាសា​អង់គ្លេស បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​ក្នុង​ខេត្ត​ព្រះ​សីហនុ​មិន​ថា​តែ​បងប្អូន​ជនជាតិ​ខ្មែរ​ឥស្លាម​ទេ សូម្បីតែ​ជនជាតិ​ខ្មែរ​ក៏​អាច​ទទួល​បាន​នូវ​អាហា​រូប​ករណ៍​ភាសា​អង់គ្លេស​នេះ​ផង​ដែរ និង​សូម​ឲ្យ​ឯកឧត្តម​ជួយ​រក​អាហារូបករណ៍​ភាសា​អង់គ្លេស​បន្ថែម​ទៀត ដើម្បី​បណ្តុះបណ្តាល​បង្កើន​នូវ​ធនធានមនុស្ស​ព្រោះ​សិស្សានុសិស្ស​ជា​ទំពាំង​ស្នង​ឫស្សី​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន​ប្រទេសជាតិ​នា​ពេល​ខាង​មុខ៕

ដោយ ស៊ុយ ចាន់​ធា​

Post a Comment

0 Comments

Close Menu