ព្រៃវែង ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នកលឿងដោយសាររងរបួសធ្ងន់ធ្ងរ ព្រោះតែផ្ទុះគ្រាប់ដែលក្រុមហ៊ុនចុចបំផ្ទុះ ដើម្បីយកថ្ម។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង២០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅក្នុងការដ្ឋានវៃថ្មរបស់ក្រុមហ៊ុន ឡុង ណាំ ដែលមានទីតាំងស្ថិតនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោក ឡុង ផាត នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជើងភ្នំបានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ប៉ុក សាវឺត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិភ្នំគល់ ឃុំគន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង មានមុខរបរជាកម្មករខួង និងបាញ់ថ្ម។ លោក ឡុង ផាត បន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុវេលាម៉ោង១០ និង២០នាទី លោកបានលឺសូរគ្រាប់ផ្ទុះយ៉ាងខ្លាំងញ័រដី ហើយក៍បានឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើលកន្លែងសំឡេងផ្ទុះ ព្រោះក្រុមហ៊ុនវៃថ្មទាំងអស់នៅភ្នំឈើកាច់ មិនទាន់ដល់ម៉ោងដែលត្រូវអនុញ្ញាតិឲ្យចុចបំផ្ទុះនោះទេ ព្រោះខ្លាចគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែពេលកម្លាំងរបស់លោកចុះទៅដល់កន្លែងកើតហេតុទើបដឹងថា គ្រាប់ដែលផ្ទុះបណ្ដាលឲ្យស្លាប់ កម្មករម្នាក់នេះ គឺគ្រាប់ដែលចុចហើយពីថ្ងៃមុនតែផ្ទុះមិនអស់ពេលអាអ៊ិចកាយយកថ្មចំគ្រាប់ ហើយក៏ផ្ទុះខ្ទាតដុំថ្មត្រូវជនរងគ្រោះចំពោះធ្លាយពោះវៀនបណ្ដាលឲ្យស្លាប់កម្មករម្នាក់នេះ នៅពាក់កណ្ដាលផ្លូវពេលបញ្ជូនមកមន្ទីរពេទ្យបង្អែកអ្នកលឿង។ បុរសដែលស្លាប់មិនមែនកម្មករនៅក្នុងក្រុមហ៊ុនឡុង ណាំ គឺកម្មករក្រុមហ៊ុនចិនដែលបានមកទិញថ្មពីក្រុម ហ៊ុន ឡុង ណាំ ហើយបច្ចុប្បន្នសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ដោយមានការជួយឧបត្ថម្ភពីលោក ឡុង ណាំ ប្រធានការដ្ឋានវៃថ្មឈើកាច់៕
សារ៉ាត់
0 Comments