ភ្នំពេញ ៖ សួនច្បារចេនឡាក្បែរផ្សារដើមគរដែលត្រូវបានគេទុកចោលជាយូរមកហើយនោះ មកដល់ពេលនេះ ពង្រាងប្លង់ក្នុងការស្ថាបនាឡើងវិញបានចេញជារូបរាងហើយ ប៉ុន្តែការស្ថាបនាជាក់ស្ដែងអាចនឹងស្ថាបនាឡើងក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ២០១៥ ដើម្បីបង្កើនសោភ័ណភាពថ្មីមួយទៀតរបស់រាជធានីភ្នំពេញ។
តាមអ្វីដែលជាពង្រាងក្នុងការកែលំអសោភណភាពសួននេះ គឺនឹងត្រូវរៀបចំឡើងជាកន្លែងលម្ហែកម្សាន្ត ដែលមានទីធ្លាផ្លូវថ្មើរជើង សួនផ្កា ស្មៅ ដើមឈើ បង់អង្គុយសាធារណៈ ភ្លើងបំភ្លឺសួន ជាដើម។ លោក សាំ ពិសិដ្ឋនាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ពង្រាងលើការកសាងសួនច្បារចេនឡាឡើងវិញ ត្រូវបានរៀបចំហើយដើម្បីដាក់ជូនសាលារាជធានីភ្នំពេញក្នុងពិនិត្យនឹងសម្រេចជាក្រោយ។ ចំពោះការសម្រេចថា ត្រូវបើកការដ្ឋានស្ថាបនានៅពេលណានោះមិនទាន់ដឹងច្បាស់នៅឡើយទេ។ លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ផែនការជួសជុលសួនច្បារចេនឡានេះយើងនឹងដាក់ចូលក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ២០១៥ គឺត្រូវតែធ្វើការជួសជុលឡើងវិញមិនអាចទុកចោលបានទេ ដោយហេតុថាការស្ថាបនាសួនច្បារនេះវានឹងធ្វើឲ្យសោភណភាពរាជធានីមានសម្រស់ឡើងមួយកម្រិតទៀត។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងវេទិកាសាធារណៈមួយនៅក្នុងមជ្ឈមណ្ឌលចេនឡាប្រជាពលរដ្ឋក៏បានស្នើឲ្យមានការជួលជុលឡើងវិញផងដែរចំពោះសួនច្បារចេនឡានេះ។ ហើយក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញក៏បានស្នើឲ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួសជុលឡើងវិញឲ្យឆាប់ៗផងដែរ៕
ស្រីរ័ត្ន
0 Comments