កណ្ដាល ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង០២នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកត្រីចំណុះ២,៥តោន បើកបញ្ច្រាសទិស ពេលចុះពីលើស្ពានព្រែកតាមាក់បានបុកអ្នកជិះម៉ូតូយ៉ាងពេញទំហឹង ហើយជ្រុលទៅប៉ះរថយន្តដឹកទឹកកក និងបុករបងផ្ទះប្រជាពលរដ្ឋ ទើបក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាម៉ាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបង្កហេតុរងរបួសធ្ងន់ និងបណ្ដាលឲ្យបាក់របងផ្ទះប្រជាពលរដ្ឋធ្វើអំពីថ្មប្រមាណ៣ម៉ែត្រ និងខូចខាតរថយន្ត២គ្រឿង ម៉ូតូ១គ្រឿងផងដែរ។
នគរបាលចរាចរស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២,៥តោន ពាក់ស្លាកលេខភ្នំពេញ 3A-7479 ជាប្រភេទរថយន្តដឹកត្រីប្រម៉ារ និងពស់ប្រលិតទៅប្រទេសវៀតណាម បើកបរដោយឈ្មោះ ឡឹប ពាំ ភេទប្រុស អាយុ២៨ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិទួលអន្លប់ ឃុំទួលអន្លប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងម្ចាស់ឈ្មោះ ចិប សុខជា ភេទប្រុស អាយុ៣៦ឆ្នាំ ភូមិក្រាំងអុក ឃុំកំពង់ស៊ឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិត នោះមានឈ្មោះ ជា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1BU-488 ។ រថយន្តដឹកទឹក កក ដែលត្រូវបានរថយន្តបង្ករហេតុ ក្រឡាប់ទៅប៉ះនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ១តោន ពាក់ស្លាកលេខកណ្ដាល2A-2862 បើកបរដោយឈ្មោះ ទ្រី ឡេងហួន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទឹកកក មានទីលំនៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល។ ដោយឡែក ម្ចាស់របងថ្មរងការខូចខាតអស់ប្រមាណ៣ម៉ែត្រនោះមានឈ្មោះ វែង អាំង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ។
នគរបាលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កហេតុខាងលើបើកបរឡើងលើស្ពានព្រែកតាមាក់ពីស្រុកមុខកំពូលសំដៅទៅស្រុកខ្សាច់កណ្ដាល ពេលចុះស្ពានវិញទំនងជាជាន់ហ្វ្រាំងមិនស៊ី ធ្វើឲ្យអ្នកបើកបរបួងចង្កូតទៅឆ្វេងដៃបញ្ច្រាសរង្វង់មូលទៅបុកម៉ូតូ១គ្រឿងបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតហេតុ។ បន្ទាប់ពីបុកម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់ហើយ នោះរថយន្តបង្កមិនបានឈប់ស្ងៀមទេ គឺបានបន្តទៅបុករះរបងផ្ទះប្រជាពលរដ្ឋធ្វើអំពីថ្មបាក់អត់ប្រវែងប្រមាណ៣ម៉ែត្រ បណ្ដាលឲ្យរថយន្តក្រឡាប់ខ្ទាត់ទៅប៉ះជាមួយរថយន្តដឹកទឹកកកចតស្ងៀមប៉ើងខ្ទេច បុកផ្ទប់ជាមួយដើមឈើធ្វើឲ្យអ្នកបើកបររថយន្តបង្កហេតុរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯអ្នកបើកបររថយន្តដឹកទឹកកកពុំរងរបួសទេ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រតិបត្តិ ស្រុកខ្សាច់កណ្ដាល តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។ បច្ចុប្បន្នម៉ូតូទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមច្បាប់។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
លោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយសាររថយន្តដឹកត្រីបើកបញ្ច្រាសទិសចរាចរពេលចុះស្ពានទើបបង្កគ្រោះថ្នាក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ចំណែកអ្នកបើកបររថយន្តរងរបួសស្រាល៕
មុន្នី
0 Comments