បាត់ដំបង ៖ យុវជនម្នាក់ក្នុងចំណោមពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតមានឈាមហូរចេញតាមត្រចៀក ខណៈដែលកំពុងបើកបរម៉ូតូយ៉ាងលឿនតាមបណ្ដោយផ្លូវមាត់ស្ទឹងក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥វេលាម៉ោង២និង៣០នាទី លុះដល់ចំណុចក្បាលស្ពានវត្តគរត្រើយខាងកើតក៏បានបុកទៅលើទ្រុងរថយន្តធំបណ្ដាលឲ្យកង់រថយន្តខាងក្រោយកិនម៉ូតូឡើងខ្ទេចតែម្ដង។
បើតាមការបំភ្លឺពីសាក្សីដែលនៅក្បែរទីនោះបាននិយាយថា ដំបូងគេឃើញមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខៀវគ្មានស្លាកលេខ ដែលបើកបរយ៉ាងលឿនដោយយុវជនពីរនាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ក្បាលស្ពានវត្តគរដែលជាចំណុចផ្លូវឆ្លងកាត់ជាមួយនឹងផ្លូវជាតិលេខ៥៧ ស្រាប់តែម៉ូតូនោះបានពើបប្រទះជាមួយនឹងរថយន្តប្រភេទក្លាសដឺហ្វម ភ្លៅ៥ដែលកំពុងបើកបរក្នុងទិសដៅខ្វែងគ្នាពីកើតទៅលិច គឺរថយន្តធុនធ្ងន់នោះពាក់ស្លាកលេខភ្នំពេញ 3C 3671 ហើយក៏ត្រូវម៉ូតូនោះបុកទៅលើទ្រុងពីចំហៀងយ៉ាងពេញទំហឹងតែម្ដងបណ្ដាលឲ្យជនរងគ្រោះទាំងពីរហោះផ្លោងទៅបោកនឹងទ្រុងរថយន្តរួចខ្ទាតចេញមកក្រៅវិញ ដោយឡែកម៉ូតូបានរុលចូលទៅក្រោម កង់រថយន្តទាំងពីរខាងក្រោយកិនខ្ទេចមួយកំណាត់មុខមើលលែងយល់។
នៅពេលនោះដែរគេសង្កេតឃើញថា ម្ចាស់រថយន្តបានឈប់សំចតនៅនឹងកន្លែងកើតហេតុព្រមទាំងបានគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះម្នាក់គឺរងរបួសស្រាល ប៉ុន្តែម្នាក់ទៀតគឺមានសភាពធ្ងន់ធ្ងរព្រោះជើងខាងឆ្វេងម្ខាងទំនងជាបាក់ ហើយមានឈាមហូរចេញពីច្រមុះនិងត្រចៀកថែមទៀតផង គឺទំនងជាមានការប៉ះទង្គិចខ្លាំងជាមួយនឹងទ្រុងរថយន្ត ប៉ុន្តែនេះក៏ជាសំណាងល្អដែរដែលរថយន្តនេះមានដាក់កាងដែកនៅចន្លោះពីកង់មុខទៅដល់កង់ក្រោយ បើមិនដូច្នេះទេម្ល៉េះទាំងម៉ូតូទាំងមនុស្សត្រូវចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយទាំងអស់។
រហូតមកទល់នឹងពេលនេះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ទទួលបាននៅឡើយទេដោយសារតែពេលនោះក្រុមគ្រួសារ សាច់ញាតិយករទេះមកដឹកប្រញាប់ប្រញាល់ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យអ៊ីមេចិនស៊ី ដោយគ្រាន់តែដឹងថាគឺជាអ្នករស់នៅក្នុងភូមិវត្តតាមឹមតែប៉ុណ្ណោះ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានស្រុកសង្កែនាំយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយជាក្រោយ៕

0 Comments