ក្រុមបាល់ទាត់ម្ចាស់ជើងឯក៣សម័យកាលបឹងកេត បានឡើងឈរកំពូលតារាងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ត្រឹមសប្ដាហ៍ទី១១ដែលរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាពោលគឺក្រោយបញ្ចប់ជើងទី១កាលពីចុងសប្ដាហ៍ថ្មីៗនេះ ខណៈលោក ហៅ សុជាតិ ដែលជាគ្រូបង្វឹករីករាយជាមួយលទ្ធផលដែលជាស្នាដៃរបស់កូនក្រុមនៅលើទីលាន។
លោក ហៅ សុជាតិ បានលើកឡើងថា «កីឡាករយើងធ្វើបានល្អមែនទែន ហើយទាំងអស់គ្នាមានឆន្ទៈខ្ពស់។ យើងមានចំណុចខ្វះខាតច្រើននៅតំបន់ការពារ តែកីឡាករយើងទាំងអស់ខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត ជួយប៉ះប៉ូវគ្នាទៅវិញទៅមក។ ខ្ញុំពិតជាសរសើរពួកគេខ្លាំងណាស់ ហើយសង្ឃឹមថាពួកគេនឹងរក្សាស្មារតីនិងឆន្ទៈបែបនេះសម្រាប់ការប្រកួតខាងមុខៗទៀត»។
យ៉ាងណាក្តីពេលជើងទី២ នៅចុងសប្ដាហ៍នេះមកដល់ក្រុមបឹងកេត មានកីឡាករសំខាន់ជាជំនួយបន្ថែមមកជួយក្រុមនោះគឺ ចាន់ វឌ្ឍនាកា ដែលក្លិបទើបតែប្រកាសបង្ហាញមុខកាលពីប៉ុន្មានសប្ដាហ៍មុន។ តែយ៉ាងណាក្តីក្លិបត្រូវបាត់បង់អ្នកចាំទី ស៊ូ យ៉ាទី សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ក្រោយពេលរូបគេចាកចេញទៅចូលរួមជាមួយក្រុមណាហ្គាវើល នៅដើមសប្ដាហ៍នេះ។
បឹងកេត តាមរយៈ១១ប្រកួតមកនេះនៅមិនទាន់ស្គាល់បរាជ័យនៅឡើយនោះទេ ពោលគឺធ្លាប់បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤ទល់៣ ហើយឈ្នះវេស្ទើនភ្នំពេញ ៣ទល់១ បន្តឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៥ទល់១ តែស្មើសូលទីឡូអង្គរ ១ទល់១ ហើយយកឈ្នះក្រសួងការពារជាតិ ២ទល់០ ឈ្នះព្រះខ័នរាជស្វាយរៀង ៣ទល់១ ស្មើជាមួយអគ្គីសនីកម្ពុជា ១ទល់១ ឈ្នះអង្គរថាយហ្គឺរ ៤ទល់០ ឈ្នះភ្នំពេញក្រោន ៣ទល់២ ស្មើវិសាខា ១ទល់១ និងឈ្នះណាហ្គាវើល ៣ទល់២។
ជារួមក្រុមបឹងកេត ប្រកួតឈ្នះ៨លើក ស្មើគ្នា៣លើក និងមិនធ្លាប់ចាញ់មាន២៧ពិន្ទុក្នុងដៃ ទាត់ចូលទីគេចំនួន៣០គ្រាប់ ហើយរបូត១៣គ្រាប់។ លោក ហៅ សុជាតិ ត្រូវក្លិបតែងតាំងឲ្យឈរឈ្មោះជាគ្រូបង្វឹកស្តីទីកាលពីរដូវកាលឆ្នាំ២០១៦ កន្លងទៅក្រោយការចាកចេញរបស់លោក ប្រាក់ សុវណ្ណារ៉ា ខណៈលោកបានចាប់ដៃជាមួយលោក កែវ កុសល ដឹកនាំក្រុមកាលពីដើមរដូវកាលក៏ដូចជាក្នុងយុទ្ធនាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2018 ផងដែរ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា។
សម្រាប់ប្រកួតបន្ទាប់សប្ដាហ៍ទី១២ នៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៨ នេះក្រុមបឹងកេត ត្រូវប៉ះក្រុមអាស៊ីអឺរ៉ុប នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments